Sunday, October 12, 2025
Homeព័ត៌មានជាតិរថយន្តដឹកដីបើកកាត់ផ្លូវដែក រថភ្លើង បុកក្រឡាប់បះជើង

រថយន្តដឹកដីបើកកាត់ផ្លូវដែក រថភ្លើង បុកក្រឡាប់បះជើង

ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែចាប់ផ្តើមដាក់ឱ្យដំណើរការបើកបរសាកល្បង មិនទាន់បាន១ខែស្រួលបួលផង រថភ្លើងមួយខ្សែពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត បានជួបហេតុការណ៍គ្រោះថ្នាក់បុកជាមួយរថយន្ត ចំនួន៣ដងទៅហើយ តែសំណាងល្អ មិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ។ យ៉ាងណា ប្រជាពលរដ្ឋបានសំណូមពរឱ្យអគ្គនាយកដ្ឋានផ្លូវដែក ជួយពិនិត្យមើលលើបញ្ហានេះផង ព្រោះប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភពីសុវត្ថិភាព។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះ ថ្នាក់មួយ បានកើតឡើងនៅលើផ្លូវដែក ដោយរថភ្លើង១ខ្សែ បានបើកបុករថយន្តដឹកដី១គ្រឿង បណ្តាលឱ្យធ្លាក់ប្រឡាយក្រឡាប់បះជើង និងធ្វើឱ្យអ្នកបើកបររថយន្តទទួលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅលើផ្លូវរថភ្លើង ត្រង់ចំណុចខាងកើតផ្លូវចូលវត្តដុងអារញ្ញ ប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងបានបើកចេញពីស្ថានីយរថភ្លើងប៉ោយប៉ែត ឆ្ពោះទៅក្រុងសិរីសោភ័ណ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ម៉ាកហ៊ីណូ ពណ៌ស បើកបរដោយបុរសម្នាក់ ឈ្មោះភួង ពេជ្រ អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្តដឹកដី រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានបើកបរឆ្លងកាត់ផ្លូវរថភ្លើង ក្នុងទិសដៅពីជើងទៅត្បូង លុះឆ្លងមិនទាន់ផុតផង ក៏ត្រូវរថភ្លើងបុក បណ្តាលឱ្យធ្លាក់ចូលទៅក្នុងប្រឡាយ ក្រឡាប់ផ្ងារជើងតែម្តង។ ចំណែកអ្នកបើកបររថយន្តបានទទួលរងរបួសធ្ងន់ និងត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានធ្វើ ការរិះគន់ទៅលើអគ្គនាយកដ្ឋានផ្លូវដែក និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើការសាងសង់ផ្លូវដែក ដែលមិនបានរៀបចំដាក់ភ្លើង ឬស្លាកសញ្ញា ឬមានមនុស្សចាំធ្វើចរាចរណ៍ឱ្យបានគ្រប់ច្រកល្ហក ដែលមានផ្លូវលំឆ្លងកាត់ ទើបបង្កជាគ្រោះថ្នាក់បែបនេះ។ ជាក់ស្តែង គ្រាន់តែដាក់ឱ្យដំណើរការបើកបរសាកល្បងមិនទាន់បាន១ខែផង រថភ្លើងមួយខ្សែពីក្រុងសិរីសោភ័ណ ទៅប៉ោយប៉ែត បានបើកបុកជាមួយរថយន្តចំនួន៣ដងទៅហើយ៕

RELATED ARTICLES