ខេត្តកំពត ៖ បុរសម្នាក់មិនដឹងជាមានជម្លោះអ្វីជាមួយម្តាយធ្ងន់ រហូតដល់ទប់ចិត្តមិនបាន ក៏ទាញកាំបិតកាប់ប្រហារម្តាយជាច្រើនកាំបិត បណ្តាលឱ្យស្ត្រីរងគ្រោះជាម្តាយដេក ស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង10យប់ ថ្ងៃទី22 ខែមេសា ឆ្នាំ2018 នៅចំណុចភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។
ស្ត្រីរងគ្រោះដែលត្រូវកូនប្រុសកាប់ប្រហារ បណ្តាលឱ្យស្លាប់នោះ មានឈ្មោះរៀម ហែ អាយុ 50ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាកូនប្រុស មានឈ្មោះណុំ សុខរឿន មុខរបរមិនពិតប្រាកដ និងជាសមាសភាពប្រើប្រាស់គ្រឿងញៀន មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង10យប់ ថ្ងៃទី22 ខែមេសា ឆ្នាំ 2018 ខណៈដែលគាត់ទើបនឹងត្រឡប់មកពីលេងផ្ទះម្តាយវិញ មកដល់ផ្ទះ ឃើញទ្វារចាក់សោជាប់ និងឃើញមានឈាមស្រោចពេញដី និងប្រឡាក់ជាប់ទ្វារ។ ពេលនោះ គាត់ក៏បានគាស់ជញ្ជាំងមើល ស្រាប់តែប្រទះឃើញប្រពន្ធដេកស្លាប់ក្នុងថ្លុកឈាមទៅហើយ ទើបស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយមើល និងរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ស្ត្រីរងគ្រោះមានស្នាមរបួសកាប់ប្រហារជាច្រើនកាំបិត បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីឃាតកម្មខាងលើនេះ អាចកើតឡើងតាំងពីម៉ោងប្រហែល 7និង30នាទីយប់មកម៉្លេះ។
ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាកូនប្រុសរបស់ស្ត្រីរងគ្រោះយកទៅសាកសួរ ព្រោះជនសង្ស័យ គឺជាមនុស្សញៀនថ្នាំ និងមានចរិតឃោរឃៅ ធ្លាប់បង្កជម្លោះអុកឡុកក្នុងគ្រួសារជាញឹកញាប់។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕