ភ្នំពេញ៖ ជាងសំណង់ម្នាក់ កំពុងតែឈរចាប់ជ្រីនៅជាន់ទីមួយនៅជិតបង្គោលខ្សែភ្លើងធ្វើឲ្យស្រូបចរន្តអគ្គិសនី ឆក់សន្លប់ស្តូកស្តឹងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែសីហា ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះ ម៉ា បឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ មានប្រពន្ធឈ្មោះ ម៉ា ណាវី អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនស្រីមួយ ប្រុសមួយ ស្នាក់នៅជាមួយគ្នានៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងតាម រន្ទាទៅឈរចាប់ជ្រីវ៉េរ៉ង់ដានៅជាន់ទីមួយដែលសង់នៅជិតនឹងបង្គោលភ្លើងដែលមានខ្សែ កាបស្រាតផងនោះ ខណៈពេលដែលជនរងគ្រោះកំពុងតែឈរចាប់ជ្រីដោយមិនមានកាន់ ដែកទេ ប៉ុន្តែមានទឹកសើមតិចៗធ្វើឆ្លងចរន្តឆក់ពីលើរន្ទាទៅលើឥដ្ឋការ៉ូនៅជាន់ទីមួយ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ភ្លាមៗនោះសាច់ញាតិបាននាំគ្នាយកដីខ្សាច់ទៅកប់ដើម្បីជួយ សង្គ្រោះបឋម ទម្រាំរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដឹកយកទៅព្យាបាល ។
កន្លងមកអគ្គិសនីកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់តាមបណ្តោយផ្លូវជាតិកុំសាងសង់ផ្ទះនៅកៀកជាប់នឹងបង្គោលភ្លើងពេក ត្រូវទុកគម្លាត៣ម៉ែត្រពីបង្គោល ភ្លើង ដើម្បីការពារកុំឲ្យខ្សែកាបមេភ្លើងងាយនឹងស្រូបឆក់រងរបួសដល់អាយុជីវិត ៕
ណន អ៊ាត