ក្រុមបង្ហាញម៉ូដ Cambodia Super Model (CSM) ដែលមានឌួង ហ្សូរីដា ជាប្រធាននោះ មិនសូវមានសកម្មភាពក្នុងកម្មវិធីផ្សេងៗជាច្រើនខែមកហើយដែលធ្វើឲ្យមានការលេចឮថា ក្រុមដែលប្រជុំទៅដោយតារាល្បីៗទាំងនោះ អាចរំសាយទៅវិញ បន្ទាប់ពីប៉ះជំពប់រឿងអាស្រូវកន្លងមកថា ហ្សូរីដា ជាម៉ែយ៉ែមនាំកូនក្រុមឲ្យអ្នកធំៗមានអំណាចប៉ុន្តែត្រូវបាននាងច្រានចោល។ យ៉ាងណា គេឃើញពិធីការិនីឌួង ហ្សូរីដា បានដឹកនាំក្រុម CSM នេះឡើងវិញក្នុងកម្មវិធីសម្ពោធហាងហាហ្វេមួយឈ្មោះអ៊ីនថៈនីននៅតាមបណ្ដោយផ្លូវប៉ាស្ទ័រ កាលពីព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៨នេះ ដោយនាំកូនក្រុមទាំងស្រីទាំងប្រុសជិត១០០នាក់ ជាមួយការគ្រងឈុតបុរាណសម័យលង្វែកដ៏ស្រស់ស្អាតផ្អើលអស់អ្នកដំណើរនៅតាមដងផ្លូវផងដែរ។
ហ្សូរីដា ហាក់មិនខ្វល់រឿងរ៉ាវកន្លងមកដែលគេចោទថា នាងជាម៉ែយ៉ែម និងឈ្មួញកណ្ដាលនាំស្រីក្មេងៗឲ្យទៅកូនអ្នកធំម្នាក់ ដែលជាតំណាងរាស្រ្ដនោះ ដោយនាងបានចេញមុខបន្ដសកម្មភាពដឹកនាំក្រុម CSM ជាធម្មតា ក្រោយពេលដែលនាងបានច្រានចោលមក ខណៈដែលក្រុម CSM នៅតែមានតារាល្បីៗ Grade A, B និងC ទៅតាមតម្រូវការអតិថិជនដែលត្រូវការក្នុងព្រឹត្តិការណ៍ផ្សេងៗ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលផងដែរនោះ គឺលោកអែនឌី ដែលជាសមាជិកម្នាក់របស់ CSM នោះ បានទៅថតរូបកៀកកើយជាមួយជាមួយតារាភាពយន្ដល្បីរបស់ថៃ នាង Woranuch ដែលខ្មែរយើងហៅថា “ឡាំយ៉ង” នោះ ហើយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលជួបឡាំយ៉ង នៅថ្ងៃសម្ពោធហាងកាហ្វេអ៊ីនថៈនីន ដែលជាសិទ្ធិអាជីវកម្មមកពីថៃ នោះបានសរសើរនាងឡាំយ៉ាង មិនដាច់ពីមាត់ឡើយ ហើយថែមទាំងថា ហ៊ានឲ្យតម្លៃតារាថៃរូបនេះមួយបទ ដល់ទៅ៣ពាន់ដុល្លារ បើសិនជាព្រមសម្ដែង MV ជាមួយលោកត្រឹមតែ១បទនោះ។
លោកអែន ឌី ថ្លែងថា ”ខ្ញុំសរសើរអ្នករៀបចំកម្មវិធីថ្ងៃហ្នុងណាស់បង គេយកតួថៃ ដែលជារាជនី Super Star ប្រចាំថៃ ដែលស្លៀកឈុតបុរាណស្អាតបំផុត គឺនាងឡាំយ៉ងហ្នឹងហើយ។ ឡាំយ៉ង ស្លៀកឈុតបុរាណអីចឹង ទោះជាយកតួណាមកដាក់ ក៏មិនឈ្នះគាត់ដែរ និយាយទៅ ស័ក្តិសមជាតួតំណាងប្រទេសថៃ មែន ស្អាតខ្លាំងណាស់។ បើសិនជានាងឡាំយ៉ង ព្រមថត MV ជាមួយខ្ញុំតែ១បទវិញ ទោះជាត្រូវចំណាយ៣ពាន់ដុល្លារ ក៏ខ្ញុំហ៊ានដែរ ព្រោះមើលទៅកាលីពខ្លាំងណាស់។ ខ្ញុំនិយាយអីចឹងមិនមែនថាតួខ្មែរយើងមិនស្អាតនោះទេ គឺស្អាតម្យ៉ាងម្នាក់ គ្រាន់តែថា សម្រាប់តារាថៃ អ្នកដែលគ្រងឈុតបុរាណស័ក្តិសមជាងគេបំផុត គឺឡាំយ៉ង ហ្នឹងហើយ”៕