តារាសម្ដែងទេពកោសល្យខ្ពស់ អ្នកនាងកែវ ស្រីនាង បានលេចមុខក្នុងកម្មវិធីក្រុងពលីភាពយន្ដថ្មីរបស់ផលិតកម្មមហាហង្ស រឿង ”កាំបិតមុខពីរ” របស់ផលិតកម្មមហាហង្ស កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅភូមិគ្រឹះរបស់លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស ក្បែរផ្សាដីហុយ សង្កាត់ភ្នំពេញ រាជធានីភ្នំពេញ។ អ្នកនាងកែវ ស្រីនាង ដែលគ្រងតំណែងជាតួឯកនោះ បានកាត់សក់ខ្លីព្រោះតែមានជំងឺប្រចាំកាយ ត្រូវចាប់ដៃជាមួយលោកអូនឧស្សាហ៍ ជាតួឯកប្រុស ហើយតាមអ្នកដឹកនាំសម្ដែងផលិតកម្មមហាហង្ស បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលស្រីនាង និងឧស្សាហ៍ បានចាប់ដៃគ្នាសម្ដែងជាតួឯក ព្រោះកាលពីឆ្នាំមុន អ្នកទាំង២ត្រូវបានផលិតកម្មជ្រើសឲ្យធ្វើជាតួឯក ក្នុងរឿង ”ក្រមុំសៅកែ” ដោយទទួលបានជោគជ័យខ្លាំង។
អ្នកនាងកែវ ស្រីនាង បានសារភាពថា អ្នកនាងពិតជាមានបញ្ហាសុខភាពខ្លះៗមែន គឺមានជំងឺឈាមសស៊ីឈាមក្រហម តម្រូវឲ្យអ្នកនាងលេបថ្នាំជាប្រចាំ តែយ៉ាងណា មិនមានផលប៉ះពាល់ដល់ការសម្ដែងភាពយន្ដនោះទេ។
ស្រីនាង ថ្លែងថា ”ខ្ញុំរីករាយក្នុងការសម្ដែងជាមួយលោកអូន ឧស្សាហ៍ ជាថ្មីនេះ ហើយសប្បាយចិត្តដែលផលិតកម្ម គាត់នៅតែជ្រើសខ្ញុំសម្ដែងជាតួឯក។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការសម្ដែងរឿង ”កាំបិតមុខពីរ” នេះ មិនឲ្យទស្សនិកជនខកចិត្តនោះទេ”។
ដោយឡែក លោកអូន ឧស្សាហ៍ ជាតួឯកប្រុសនោះ បានឲ្យដឹងដែរថា ”ជាកិត្តិយសណាស់ដែលមហាហង្ស បានផ្ដល់ឱកាសជាថ្មីដល់រូបខ្ញុំឲ្យចាប់ដៃគូជាមួយអ្នកនាងកែវ ស្រីនាង ពេលនេះខ្ញុំរីករាយ ហើយសន្យាថា នឹងសម្ដែងឲ្យដល់ចំណុចដែលអ្នកដឹកនាំ គាត់ចង់បាន”។
ក្រៅពីអ្នកនាងកែវ ស្រីនាង និងលោកអូន ឧស្សាហ៍ ជាតួឯកប្រុសស្រីនោះ គេចាប់អារម្មណ៍ដែរថា អ្នកនាងភិន សុដាលីស ដែលជាកូនថៅកែផលិតកម្មមហាហង្ស នោះ ក៏ព្រមសម្ដែងជាតួរងជាលើកដំបូងផងដែរ ក្នុងអាជីព រឿង ”កាំបិតមុខពីរ” នេះ និពន្ធដោយលោកអ៊ិន សុភិន និងវិឆ័យ សុភី , កែសម្រួលដោយលោករ៉េន សុខា និងដឹកនាំរឿងដោយលោកអ៊ុំ វុឌ្ឍី។ ចំណែកតារាកិត្តិយសផ្សេងទៀត ក្រៅពីតួឯកដែលចូលរួមផងដែរ មានដូចជា លោកម៉េង សាវុធ , សឿន ផាភួង, វ៉ាន់ លីលី , សរ កេសារ៉ា , ម៉ៅ គឹមធីតា និងដានី អរិយ៉ា ជាដើម។
អ្នកដឹកនាំសម្ដែងរឿង ”កាំបិតមុខពីរ” បានឲ្យដឹងដែរថា “រឿងនេះមានការចំណាយទុនច្រើនជាងរឿងមុនៗ របស់មហាហង្ស ទៅទៀត ព្រោះផលិតកម្មចង់យកគុណភាពជាងបរិមាណ ហើយរឿងនេះគ្រោងថត៤ទៅ៥ខែ ទើបចប់ ដែលអាចនឹងចាក់បញ្ចាំងនៅទូរទស្សន៍ PNN នាពេលខាងមុខនេះហើយ៕