ភ្នំពេញ ៖ ពេជ្រ សោភា បានឡើងច្រៀង និងលេងក្បាច់រាំថ្ងៃចុងក្រោយ ក្នុងកម្មវិធីប្រគំតន្ត្រីក្នុងព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់ទេសចរណ៍អន្តរជាតិ ២០១៨ FIVB លំដាប់ផ្កាយ២ នៅកម្ពុជា ដែលបញ្ចប់ទៅ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នោះ អ្នកចម្រៀងហង្សមាសរូបនេះ លេងក្បាច់រាំឡើងរង្គើឆាក តែសោភា ភ័យចង់បះសក់ផងដែរ ព្រោះនៅពេលដែលលោតឡើងឈរលើដៃអ្នករាំនោះ ស្រាប់តែរអិលជើងធ្លាក់មកក្រោមប៊ិះដួល តែត្រូវបានក្រុមរាំអមនាងបានទ្រជាប់។
ពេជ្រ សោភា ដែលស្លៀកខោខូវប៊យក្រហមរឹបរាង និងអាវយឺតវៀលក្លៀកដៃខ្លីនោះ និយាយទាំងភ័យបុកពោះថា “មិញប៊ិះភ្លាត់ស្នៀត កុំអី ចប់ប៉ាដោយ បានគេជួយទ្រទាន់ ប៊ិះវីវរ…”។
ពេជ្រ សោភា បានច្រៀងបទញាក់ទាំងអស់ ហើយនាងរាំកាន់តែសាហាវជាងមុនទៅទៀត តែអ្វីដែលចម្លែកនោះ គឺទោះជាសោភា ត្រូវអ្នកគាំទ្រស្រែកឱ្យច្រៀងបទ “បីឆ្កែទៅរាំ” នោះយ៉ាងម៉េច ក៏នាងមិនព្រមច្រៀងឡើយ បែរជាច្រៀងបទ “What’s Your Name?” ទៅវិញ។ អ្នកទស្សនាផ្ទាល់មួយចំនួននិយាយថា មើលទៅសោភា ហាក់បាក់ស្បាត តាំងពីត្រូវនាយទាហាន និងព្រះសង្ឃរិះគន់ថា អ្នកចម្រៀងបទ “បីឆ្កែទៅរាំ” គឺមានតែមនុស្សឆ្កួត នោះមក ពេលនេះ សោភា លែងសូវហ៊ានច្រៀងបទនេះទៀតហើយ។ ទោះជាយ៉ាងណា តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ បញ្ជាក់ថា សោភា នៅតែមានសន្ទុះខ្លាំងដដែល គឺមិនចាញ់នាងឱក សុគន្ធកញ្ញា ឡើយ។
ការឡើងឆាក Anchor International Beach Volleyball 2-Star FIVB World Tour របស់ពេជ្រ សោភា នេះ តារាហង្សមាសរូបនេះ ក៏បានប៉ះគ្នាជាមួយតារាល្បីរបស់សហរដ្ឋអាមេរិក នាង PiaMia ផងដែរ ដើម្បីអបអរក្រុមបាល់ទះលើឆ្នេរខ្សាច់របស់ប្រទេសអាល្លឺម៉ង់ ដែលបានចំណាត់ថ្នាក់លេខ១ ប្រទេសជប៉ុន បានលេខ២ និងប្រទេសរុស្ស៊ី បានលេខ៣។ អ្នក ទស្សនាកាន់តែរីករាយ នៅពេលដែលពេជ្រ សោភា និង PiaMia ដឹកដៃគ្នាកញ្ជ្រោកលើឆាកតន្ត្រីនោះ ស្របពេលដែលពិធីការិនីនាងស្រីពេជ្រ និងលោកសាន ពិសាល ស្រែកអបអរព្រឹត្តិការណ៍នោះឡើងស្អកកអស់។
ក្រៅពីនាងពេជ្រ សោភា លេងក្បាច់រាំយ៉ាងអស់ដៃ និងតារាអាមេរិក នាង PiaMia ច្រៀងរាំអមដោយក្រុមរាំ២នាក់ មកពីអាមេរិក នោះ កម្មវិធីប្រគំតន្ត្រីថ្ងៃបញ្ចប់ ក៏មានតារាល្បីឈ្មោះរបស់ហង្សមាស ៣រូបផ្សេងទៀត ដែរ ដែលចូលរួម គឺសុខ ស្រីនាង ដែលលេងក្បាច់រាំគួរឱ្យក្នក់ក្នាញ់ អមដោយក្រុមរាំអម៤នាក់នោះ ទទួលបានការគាំទ្រមធ្យម។ ចំណែកលោកងួន ចាន់ដេវីត ដែលជាសង្សារទេព បូព្រឹក្ស នោះ នៅមានសន្ទុះគាំទ្រច្រើន តាមរយៈការច្រៀងបទញាក់ទាំងអស់នោះ។ ដោយឡែក បុរសរោមទ្រូងច្រើន លោកឆន សុវណ្ណរាជ វិញ ក៏មិនធម្មតាដែរ គឺច្រៀងរាំយ៉ាងចាស់ដៃ ហើយថែមទាំងមានក្រមុំៗនៅមុខឆាក បានរាំតាមអ្នកចម្រៀងរូបនេះ ដោយស្រែកថា Idol ទៀតផង។
អ្នករៀបចំកម្មវិធីប្រគំតន្ត្រីនោះ បានឱ្យដឹងថា តារាទាំងអស់ដែលឡើងឆាកនោះ ភាគច្រើន គឺតម្រូវឱ្យច្រៀងបទញាក់ និងលេងឈុតក្រហមឱ្យស័ក្តិសមទៅនឹងឡូហ្គូ Anchor ហើយ នេះជាកិត្តិយសមួយរបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមកីឡាករមកពី១៧ប្រទេស ផ្សេងគ្នានេះ។ ជាលទ្ធផល គឺក្រុមអាល្លឺម៉ង់ ដណ្តើមបានលេខ១ ទើបធ្វើឱ្យតារាល្បីៗ ពេជ្រ សោភា, ឆន សុវណ្ណារាជ, សុខ ស្រីនាង និងតារាល្បីរបស់អាមេរិក ភិាំិា ច្រៀងអបអរសាទរ កីឡាករទាំងអស់ ដែលទទួលជ័យលាភីនោះ៕