ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែល មុននេះ បានបញ្ជាក់ថា គណបក្សខ្លួនគ្មានយន្តការចូលរួមសកម្មភាព “ថ្ងៃចន្ទពណ៌ខ្មៅ” ជា សាធារណៈ បន្ទាប់ពីការព្រមាន និងណែនាំឱ្យ បញ្ឈប់ពីអាជ្ញាធររាជធានីភ្នំពេញ មកនោះ លុះមកដល់ថ្ងៃចន្ទ ទី១៥ ខែសីហាឆ្នាំ ២០១៦ តំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ បានស្លៀកពាក់ខ្មៅ និងបានប្រកាស តាមបណ្តាញហ្វេសប៊ុកថា នឹងបន្តយុទ្ធនាការ នេះទៅមុខទៀត។
លោកអេង ឆៃអ៊ាង បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកថា “រៀងរាល់ថ្ងៃចន្ទ ពួក យើងគាំទ្រ និងចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ ខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទោសមនសិការ ព្រមទាំងឱ្យមានការទម្លាក់ ចោលការចោទប្រកាន់លើសកម្មជនគណបក្ស នយោបាយ និងសកម្មជនសិទ្ធិមនុស្ស”។
ជាមួយគ្នានោះ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ នៅថ្ងៃចន្ទនោះ លោកអេង ឆៃអ៊ាង ក៏បានធ្វើ សន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ដោយលើកឡើង២ ចំណុច គឺ ១-គណបក្សនឹងរៀបចំសិក្ខាសាលា ដើម្បីសិក្សាអំពី “ច្បាប់ស្តីពីសញ្ជាតិ” និង “ច្បាប់ស្តីពីអន្តោប្រវេសន៍” និង២-គណបក្ស នឹងរៀបចំវេទិកានយោបាយរៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ។
លោកយឹម សុវណ្ណ ក៏បានបញ្ជាក់ដែរថា គណបក្សនេះ នឹងចាប់ផ្តើមចូលរួមយុទ្ធនាការ ស្លៀកពាក់ខ្មៅនេះ ដើម្បីតស៊ូមតិរហូតដល់មាន ការដោះលែងមន្ត្រីគ.ជ.ប និងអង្គការសង្គម ស៊ីវិលនិងរកយុត្តិធម៌ជូនសពលោកកែម ឡី។
លោកយឹម សុវណ្ណ មានប្រសាសន៍ពន្យល់ ថា កន្លងមកមានអ្នកស្រង់សម្តីលោកខុស។ តាម ពិតលោកធ្លាប់ប្រកាសថា គណបក្សនឹងចូល រួមយុទ្ធនាការស្លៀកពាក់ខ្មៅ នៅទីស្នាក់ការ បក្ស តែមិនទាន់អាចរៀបចំយន្តការ និងការ សម្តែងមតិដោយការស្លៀកពាក់ខ្មៅតាមទីធ្លា សាធារណៈនោះទេ។ ដូច្នេះមានន័យថា គណ- បក្សមិនបានហាមឃាត់តំណាងរាស្ត្រ ឬអ្នក ណាម្នាក់ មិនឱ្យចូលរួមយុទ្ធនាការនេះទេ គ្រាន់ តែមិនអាចធ្វើតាមផ្លូវសាធារណៈ។
សាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗ នេះ បានផ្ញើលិខិតទៅលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ស្នើសុំឱ្យបញ្ឈប់ នូវយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅជាបន្ទាន់ បើគណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពនេះ នឹង ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។
សម្រាប់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានចោទគណបក្សសង្គ្រោះជាតិថា ជាអ្នកនៅពីក្រោយនៃយុទ្ធនាការស្លៀក ពាក់ខ្មៅ ដែលមានចេតនាញុះញង់ឱ្យមានបដិវត្តន៍ពណ៌ ក្នុងការប្រឆាំងច្បាប់កម្ពុជា។ ពោលគឺ លោកយល់ថា គណបក្សសង្គ្រោះជាតិ កំពុង បង្ហាញកាន់តែច្បាស់ថា ចលនារបស់គណបក្ស សង្គ្រោះជាតិ មិនមែនជាសកម្មភាពបញ្ចោញ យោបល់ទេ តែវាជាសកម្មភាពកំពុងប្រឆាំង នីតិរដ្ឋ ប្រព័ន្ធតុលាការ និងច្បាប់កម្ពុជា។ ដូច្នេះ បើសិនជាគណបក្សប្រឆាំង ចូលរួមយុទ្ធនាការ ស្លៀកពាក់ខ្មៅ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់-ធ្នាប់សាធារណៈនោះ រដ្ឋាភិបាលនឹងចាត់វិធាន ការផ្លូវច្បាប់ភ្លាម។
គួរបញ្ជាក់ថា យុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ត្រូវបានបង្កើតឡើង កាលពីអំឡុងខែឧសភា កន្លងទៅនេះ ដោយក្រុមអង្គការសង្គមស៊ីវិល មួយក្រុម ក្នុងបំណងទាមទារឱ្យមានការដោះ- លែងមន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតមួយរូប ដែលត្រូវបានតុលាការ ឃុំខ្លួនដោយចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី” និង “សមគំនិតសូកប៉ាន់សាក្សី” ក្នុងសំណុំរឿង អាស្រូវស្នេហ៍រវាងស្រីមុំ និងអនុប្រធានគណបក្ស សង្គ្រោះជាតិ លោកកឹម សុខា។ ប៉ុន្តែរាជរដ្ឋាភិបាល បានចាត់ទុកយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ជា អំពើខុសច្បាប់ និងត្រូវបានហាមឃាត់។
ទោះយ៉ាងណា យុទ្ធនាការ “ថ្ងៃចន្ទពណ៌ ខ្មៅ” ត្រូវសកម្មជនដីធ្លីមួយចំនួន នៅបន្តធ្វើ សកម្មភាពនេះរៀងរាល់ថ្ងៃចន្ទ ដែលមកទល់ ពេលនេះឈានចូលដល់សប្តាហ៍ទី១៥ទៅហើយ និងតែងមានការទប់ស្កាត់ពីសមត្ថកិច្ចផងដែរ។ ក្នុងនោះ កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ សកម្មជនដីធ្លីនៅបុរីកីឡា៤នាក់ ដែល ចូលរួមក្នុងយុទ្ធនាការនេះ រួមមានអ្នកស្រីស ស៊ន តំណាងពលរដ្ឋបុរីកីឡា អ្នកស្រីភោគ សុភីន អ្នកស្រីណាត ស្រីណាក់ និងលោកនូ សាត ត្រូវ បានសមត្ថកិច្ច ធ្វើការឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា៕