ខេត្តកោះកុង ៖ អ្នកភូមិមួយក្រុមបាននាំគ្នាទៅជួយលើកផ្ទះអ្នកជិតខាង ដែលទើបនឹងសាងសង់ថ្មី ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែអកុសល ត្រូវរន្ទះបាញ់ប្រហារ បណ្តាលឱ្យមនុស្សចំនួន៥នាក់ បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀតទទួល រងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូរទាពង ស្ថិតក្នុងភូមិ ប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង។
ជនរងគ្រោះទាំង៥នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ រួមមាន ទី១-ឈ្មោះសេម សាវឿន ភេទស្រី អាយុ៣១ឆ្នាំ ទី២-ឈ្មោះសេម សឿន ភេទស្រី អាយុ១៦ឆ្នាំ ទី៣-ឈ្មោះទិល សារុណ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីឈ្មោះសេម សាវឿន ទី៤-ឈ្មោះផាន់ វ៉ាធី អាយុ៤ឆ្នាំ អ្នកទាំងបួនរស់នៅភូមិ ច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង និងទី៥-ឈ្មោះភិន ភឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង។ ចំណែកជនរងគ្រោះដែលសំណាងល្អបានរួចរស់ជីវិត គ្រាន់តែទទួលរងរបួសស្រាល មានឈ្មោះធឿន ចាន់ថា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះ មានជនរងគ្រោះទាំង៦នាក់ ខាងលើផង បាននាំគ្នាទៅជួយលើកផ្ទះអ្នកភូមិម្នាក់ ដែលទើបនឹងសាងសង់ថ្មី ស្របពេលនោះ មេឃក៏បានធ្លាក់ភ្លៀងយ៉ាងខ្លាំង លាយឡំនឹងផ្គររន្ទះ ផងដែរ ជាហេតុធ្វើឱ្យកើតមានបាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋខាងលើ បណ្តាលមនុស្សចំនួន៥នាក់បានស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀតទទួលរងរបួសស្រាល និងត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ថ្មបាំង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងផងដែរថា នៅក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនផងដែរ រួមមាន ទូរស័ព្ទចំនួន២គ្រឿង ស្ពិកខ័រ (ធុងបាស់) ១គ្រឿង ព្រមទាំងបណ្តាលឱ្យសត្វឆ្កែចំនួន៣ក្បាលបានងាប់ផងដែរ។
សាកសពជនរងគ្រោះទាំង៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕