ភ្នំពេញ ៖ យុវជនឈាមរាវចំនួន២ក្រុម បានកើតមានជម្លោះនឹងគ្នារហូតឈានដល់អំពើហិង្សា ជិះម៉ូតូប្រដេញកាប់ចាក់គ្នា ធ្វើឱ្យភាគីម្ខាងភ័យស្លន់ស្លោ ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្ត១គ្រឿង ដែលកំពុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ចំណែកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅសាកសួរ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្រុមក្មេងស្ទាវចំនួន២ក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដេញកាប់ចាក់គ្នា តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលមកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GH-5632 បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខច ភ្នំពេញ 2AR-9345 ដែលកំពុងបើកបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជន២នាក់ ជិះម៉ូតូហុងដាឌ្រីម ដួលធ្លាក់ដាវ១ដើមចេញមកកណ្តាលផ្លូវ រួចហើយម៉ូតូបានខ្ទាតទៅបុកម៉ូតូស៊ុយស៊ូគីនិច ពណ៌ទឹកប្រាក់ ១គ្រឿងទៀត បណ្តាលឱ្យយុវជន២នាក់ទៀតរងរបួសបាក់ជើងទាំង២នាក់។ ស្រាប់តែភ្លាមនោះ គេឃើញយុវជនម្នាក់ដែលរងរបួសបែកមុខបែកមាត់ បានងើបរត់ទៅរើសដាវ ដែលជ្រុះនោះបម្រុងកាប់ទៅលើម្ចាស់រថយន្ត ដែលចុះមករកឃាត់សួរនាំ ប៉ុន្តែសំណាងល្អត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញស្រែកទាន់ ទើបយុវជនដែលកាន់ដាវនោះ បានដើរយកដាវទៅទុកចោលនៅគុម្ពស្មៅ ហើយមកកន្លែងកើតហេតុវិញ រហូតដល់មួយសន្ទុះក្រោយមក ក៏ត្រូវបានសមត្ថកិច្ចចុះមកដល់ ហើយវ៉ៃខ្នោះយុវជនដែលកាន់ដាវនោះ នាំទៅកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសួរនាំតែម្តង។
សូមបញ្ជាក់ថា ករណីខាងលើនេះបណ្តាលឱ្យខូចខាតផ្នែកខាងក្រោយរថយន្តម៉ាកឡិចស៊ី RX-300 ពណ៌ស ចំណែកម៉ូតូ២គ្រឿងទៀត មានម៉ូតូស៊ុយស៊ូគីនិច និងហុងដាឌ្រីម ទទួលរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ យុវជនដែលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត រួមនឹងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕