Monday, October 13, 2025
Homeព័ត៌មានជាតិឪមិននៅ ប្រុសស្ទាវភ្ជង់កាំបិតប្លន់ទូរស័ព្ទកូនស្រី

ឪមិននៅ ប្រុសស្ទាវភ្ជង់កាំបិតប្លន់ទូរស័ព្ទកូនស្រី

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានអ្នកស្រុកចោទប្រកាន់ ថាបានប្លន់យកទូរស័ព្ទដៃពីក្មេងស្រីម្នាក់អស់ចំនួន២គ្រឿង ខណៈដែលឪពុកមិននៅផ្ទះ ជាមួយនេះប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចមេត្តាជួយមានវិធានការ ទៅលើជនបង្កខាងលើ នោះផង ពុំនោះទេ ជនសង្ស័យអាចធ្វើសកម្មភាពចាក់សម្លាប់អ្នកស្រុកប្លន់យកទ្រព្យសម្បត្តិបន្តទៀតជាមិនខានឡើយ។

ករណីប្លន់ទូរស័ព្ទពីក្មេងស្រីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យមិនត្រូវបានស្គាល់ អត្តសញ្ញាណច្បាស់លាស់នៅឡើយនោះទេ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះពៅ លីសារ អាយុ ១០ឆ្នាំ មានឪពុកឈ្មោះឈឺន សារ៉ាក់ មុខរបរកសិករ មានលំនៅក្នុងភូមិសង្កាត់កើហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យ បានចូលមកនិយាយប្រាប់នាងថា រូបគេបាន ស្គាល់ពូរបស់នាងនៅឯភូមិទំនប់ក៥ ច្បាស់ណាស់ ទើបពូនោះឱ្យរូបគេមកលេងនាង និងឪពុកនៅឯភូមិទួលប្រាសាទនេះ។ បន្ទាប់មក ជនសង្ស័យ ក៏បានសួររកឪពុករបស់នាង តែនាងប្រាប់ថា ឪពុករបស់នាងបានចេញទៅធ្វើចម្ការបាត់ហើយ ឮសូរបែបនេះជនសង្ស័យ ក៏បានទាររកទូរស័ព្ទដៃពី នាង តែនាងមិនព្រមឱ្យ ស្រាប់តែភ្លាមនោះជនសង្ស័យ បានយកកូនកាំបិតចុងស្រួចមកភ្ជង់គំរាមសម្លាប់នាង ហើយបានប្លន់យកទូរស័ព្ទរបស់នាង ចំនួន២គ្រឿងទៅបាត់តែម្តង មិនតែប៉ុណ្ណោះ ជនសង្ស័យនៅបានគំរាមនាងទៀតថា បើសិនជាហ៊ានប្រាប់ឪពុករបស់នាង គេនឹងមកសម្លាប់នាង នៅពេលក្រោយជាមិនខាន។

ក្មេងស្រីរងគ្រោះ បានបន្តទៀតថា ក្រោយពេលឪពុកនាងមកដល់ផ្ទះវិញ នាងក៏បានរៀបរាប់ប្រាប់ឪពុកពីហេតុការណ៍ខាងដើមនោះ ក្រោយមកឪពុកក៏បានរត់រកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែមកទល់ពេលនេះមិនទាន់ឮដំណឹងថា សមត្ថកិច្ចចាប់ជនបង្កបាននៅឡើយទេ។

ដោយឡែក អ្នកស្រុកជាច្រើនក៏បានបង្ហើបឱ្យដឹងថា ជនសង្ស័យខាងលើនោះ ពិតជាធ្វើសកម្មភាពលួចឆក់ទូរស័ព្ទតាមផ្ទះអ្នកស្រុក តាមរយៈការគាស់ផ្ទះ ខណៈដែលជនរងគ្រោះចេញទៅធ្វើចម្ការអស់ ធ្វើឱ្យជនបង្កឆ្លៀតឱកាសលួចបានយ៉ាងស្រួលបំផុត៕

RELATED ARTICLES