ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់ ត្រូវក្រុមគ្រួសារអះអាងថា មានសតិមិនប្រក្រតី និងចេះតែធ្វើទុក្ខដូចកំរោលចូល លុះឆ្លៀតពេលម្តាយកំពុងដេកលង់លក់ពាក់កណ្តាលអធ្រាត្រ ក៏ក្រោកទៅធ្វើសកម្មភាពចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងប្ញស្សី។
នារីគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះសារឿន ថាវរី អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើខាងលើ។
តាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់គឺជាមនុស្សមានសតិមិនសូវប្រក្រតីនោះទេ ហើយរាល់ពេលធ្វើទុក្ខម្តងៗ ដូចជាកំរោលចូលអ៊ីចឹង ចាំបាច់ត្រូវការឱ្យគាត់តាមមើលថែឱ្យបានដិតដល់ មិនហ៊ានឱ្យឃ្លាតពីខ្សែភ្នែកឡើយ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ កូនស្រីរបស់គាត់បានចូលទៅដេកដូចធម្មតា ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ស្រាប់តែមកដល់វេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលគាត់ជាម្តាយកំពុងដេកលង់លក់ស្កប់ស្កល់ កូនស្រីក៏ក្រោកពីដំណេកធ្វើសកម្មភាពចងកសម្លាប់ខ្លួនតែម្តង។
ស្ត្រីជាម្តាយបន្តថា លុះមកដល់ប៉ុន្មានម៉ោងក្រោយមក ពេលដែលគាត់ភ្ញាក់ពីដំណេក ទើបប្រទះឃើញកូនស្រីចងកនៅក្នុងផ្ទះស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់សព ឱ្យទៅក្រុមគ្រួសារ ដើំម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕