ខេត្តប៉ៃលិន ៖ បុរសម្នាក់បានកើតមានអាការៈហត់ដង្ហក់យ៉ាងខ្លាំង និងត្រូវបានស្ត្រីជិប្រាពន្ធ រួមនឹងក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ លុះទៅដល់ គ្រូពេទ្យបានត្រឹមជួយដាក់ខ្យល់អុកស៊ីហ្សែនឱ្យរួចហើយ ក៏ដើរចោលអស់ រហូតដល់អ្នកជំងឺស្លាប់ ទើបចូលមកជួយធ្វើចលនាបេះដូង ដែលករណីនេះត្រូវបានស្ត្រីជាប្រពន្ធជនរងគ្រោះខឹងសម្បា ចោទប្រកាន់ថា បណ្តាលឱ្យក្រុមគ្រូពេទ្យធ្វេសប្រហែស មិនយកចិត្តទុកដាក់ ទើបធ្វើឱ្យប្តីរបស់គាត់ស្លាប់ចោលប្រពន្ធកូនបែបនេះ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ មានឈ្មោះកៅ ពុន អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះរី ខួច អាយុ៣១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៥នាក់ (ប្រុស៣ ស្រី២) មានលំនៅក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានកើតមានអាការៈហត់ដង្ហក់ ទើបនាងនិងក្រុមគ្រួសារប្រញាប់ដឹកចូលទៅសម្រាកក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ លុះទៅដល់ គ្រូពេទ្យបានដាក់ខ្យល់អុកស៊ីហ្សែនឱ្យប្តីនាង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់មកប្តីនាងបានធូរបន្តិច ក៏បាត់គ្រូពេទ្យអស់។ ស្រាប់តែក្រោយមក ប្តីរបស់នាងបានចាប់ផ្តើមធ្វើទុក្ខជាថ្មី ហើយនាងបានដើរតាមរក និងសួរពេទ្យប្រចាំការដែរ តែគ្មានលទ្ធផល រហូតដល់ប្តីនាងមិនស្រួលខ្លាំងទៅហើយ ទើបឃើញគ្រូពេទ្យចូលមកមើល និងចាក់ថ្នាំឱ្យប្តីរបស់នាង ទាំងដែលអ្នកជម្ងឺលែងដឹងខ្លួនទៅហើយ។
ចំណែកបុរសឈ្មោះញ៉ែប វ៉ាន់ថៃ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានប្រាប់ថា លោកចង់ឱ្យពេទ្យដែលប្រចាំការយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺ ព្រោះប្អូនថ្លៃគាត់មានបញ្ហាជម្ងឺតាំងពីម៉ោង៨ ហើយទាក់ទងទៅរថយន្តពេទ្យរហូតដល់ម៉ោង១០ ទើបទៅដឹកប្អូនថ្លៃរបស់គាត់ លុះមកដល់មន្ទីរពេទ្យ ពួកគាត់ចេញទៅហូបបាយ ពេទ្យក៏ដើរចេញទៅដែរ សូម្បីតែថ្នាំ១ម្ជុល ក៏អត់ចាក់ឱ្យអ្នកជំងឺផង ថែមទាំងមកទារថ្លៃសេវាចំនួន៣០ម៉ឺនរៀលទៀតផង រហូតដល់ប្អូនគាត់ស្លាប់ ទើបគេប្រគល់ឱ្យលុយនោះមកវិញ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកអាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា បងប្អូនអ្នកជម្ងឺ គាត់បានមកយករថយន្តមន្ទីរពេទ្យ ដោយមិនដឹងជាទាក់ទងទូរស័ព្ទតាមណាទេ ហើយពេលទៅយកអ្នកជម្ងឺនៅក្រោមដើមឈើ ប្រហែលជាដឹកតាមរថយន្តយកទៅព្យាបាលនៅកន្លែងផ្សេង លុះអ្នកជម្ងឺធ្វើទុក្ខខ្លាំង ទើបហៅរថយន្តពេទ្យទៅដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បន្ទាប់ពីពិនិត្យឃើញថា អ្នកជម្ងឺមានបញ្ហាជម្ងឺសួត និងបេះដូងធ្ងន់ធ្ងរ។
លោកប្រធានមន្ទីរសុខាភិបាលរូបនេះ បានបន្ថែមថា ប្រពន្ធជនរងគ្រោះថា គ្រូពេទ្យមិនយកចិត្តទុកដាក់ព្យាបាលមិនពិតប្រាកដនោះទេ ព្រោះគ្រូពេទ្យតែងតែយកចិត្តទុកដាក់ព្យាបាល និងសង្គ្រោះអ្នកជម្ងឺរហូត ហើយក៏មានការភ័យព្រួយជាងបងប្អូនអ្នកជម្ងឺទៅទៀត មិនមានការរើសអើងអ្វីនោះឡើយ៕