Monday, October 13, 2025
Homeព័ត៌មានជាតិប៉ងរត់ចូលឡាន ប៉ូលិសសួរកន្លះម៉ោង ទើបដឹងរឿងគាត់ហ្នឹង

ប៉ងរត់ចូលឡាន ប៉ូលិសសួរកន្លះម៉ោង ទើបដឹងរឿងគាត់ហ្នឹង

ភ្នំពេញ ៖ បុរសជាជនបរទេសវ័យចំណាស់ម្នាក់ ក្រោយពីកើតមានទំនាស់ផ្ទៃក្នុងជាមួយនឹងស្រីស្នេហ៍របស់ខ្លួន ក៏ស្រាប់តែប៉ុនប៉ងស្ទុះរត់ចូលរថយន្តដែលកំពុងបើកបរលើដងផ្លូវ បំណងសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះតែមានអ្នកជួយអន្តរាគមន៍ទាន់ពេល និងត្រូវអ្នកចោមរោមមើលហេតុការណ៍ សង្ស័យថា អាចបណ្តាលមកពីបែកថ្នាំច្រើនជាង។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះសីហនុ ចំណុចក្បែរនឹងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសដែលប៉ុនប៉ងរត់ចូលឡានសម្លាប់ខ្លួនខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៦០ឆ្នាំ មានរូបរាងស្គមស្គាំង អត់មានពាក់អាវ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជាជនបរទេសខាងលើ សង្ស័យបែកថ្នាំ បានជារត់ចេញពីសណ្ឋាគារនៅតាមផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ហើយព្យាយាមរត់ចូលរថយន្ត ដែលកំពុងតែបើកបរលើដងផ្លូវ ព្រមទាំងកាន់ដែកកែច្នៃមួយនៅជាប់នឹងដៃទៀតផង។ បន្ទាប់មក បុរសនោះបានរត់តាំងពីវត្តភ្នំ រហូតដល់ជិតរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ មកជួយអន្តរាគមន៍ឃាត់កុំឱ្យបុរសរូបនេះរត់ចូលរថយន្តទៀត និងលួងលោមឱ្យប្រាប់កន្លែងស្នាក់នៅរបស់គាត់ អស់រយៈពេលជិតកន្លះម៉ោង ទើបគាត់យល់ព្រមប្រាប់លេខទូរស័ព្ទម៉ូយម៉ូតូដែលតែងតែឌុបគាត់។

ប្រភពដដែលបន្តថា ក្រោយពេលម៉ូយម៉ូតូឌុបបុរសខាងលើ មកដល់កន្លែងកើតហេតុ បានប្រាប់ថា បុរសរូបនេះបានឈ្លោះប្រកែកគ្នាជាមួយមិត្តស្រីគាត់ ហើយក៏រត់ចេញពីលើសណ្ឋាគារតែម្តង។

ដោយឡែក សមត្ថកិច្ចបានឆែកនៅក្នុងកាបូបរបស់បុរសខាងលើ ឃើញមានតែកុំទ្យូទ័រមួយគ្រឿង និងស្រាមួយដបតែប៉ុណ្ណោះ។ ក្រោយមកសមត្ថកិច្ចបានប្រាប់ឱ្យម៉ូតូឌុបជួយដឹកបុរសខាងលើ ត្រឡប់ទៅសណ្ឋាគារវិញ៕

RELATED ARTICLES