Monday, October 13, 2025
Homeព័ត៌មានជាតិស្ត្រីមា្នក់ត្រូវប្រុសដឹកទម្លាក់ចោល សង្ស័យត្រូវថ្នាំសណ្តំ

ស្ត្រីមា្នក់ត្រូវប្រុសដឹកទម្លាក់ចោល សង្ស័យត្រូវថ្នាំសណ្តំ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញបុរសម្នាក់ជិះម៉ូតូដឹកយកមកទម្លាក់ចោល រួចប្រញាប់ប្រញាល់ចាកចេញទៅបាត់ ដោយទុកឱ្យស្ត្រីរងគ្រោះដេកដួលសន្លប់បាត់ស្មារតីនៅលើចិញ្ចើមផ្លូវ បង្កឱ្យមានការផ្អើលឆោឡោ សង្ស័យថា ស្ត្រីរងគ្រោះត្រូវគេដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ និងប្រញាប់ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ ស្លៀកខោពណ៌ សូកូឡា ពាក់អាវយឺតដៃវែងពណ៌ទឹកប៊ិច និងពាក់អាវយឺតពីក្រៅពណ៌ស ឆ្នូតពណ៌ខ្មៅ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលប្រទះឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់មុខម្នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានដឹកស្ត្រីរងគ្រោះខាងលើ មកទម្លាក់ចោលនៅទីតាំងកើតហេតុខាងលើ រួចក៏ប្រញាប់ប្រញាប់ចាកេចេញទៅវិញបាត់។ ចំណែកស្ត្រីរងគ្រោះ ក្រោយពេលចុះពីលើម៉ូតូ ក៏ស្រាប់តែទន់ដៃជើងដួលសន្លប់នៅលើចិញ្ចើមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្បែរខាង និងអ្នកដំណើរឆ្លងកាត់ ចោមរោមមើលគ្រប់គ្នា។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នា ជួយយកប្រេងកូឡា ប្រេងខ្យល់ មកលាបរឹតឱ្យស្ត្រីរងគ្រោះ ដើម្បីឱ្យស្ត្រីរងគ្រោះ បានដឹងខ្លួនដើម្បីសួរនាំ តែស្ត្រីរងគ្រោះហាក់មិនអាចប្រមូលស្មារតីឱ្យរឹងប៉ឹងវិញបានឡើយ ពោលគឺមិនអាចនិយាយអ្វីចេញទាំងអស់ ធ្វើឱ្យប្រជាពលរដ្ឋដែលចោមរោមមើល សង្ស័យថា ស្ត្រីរងគ្រោះអាចត្រូវជនសង្ស័យដាក់ថ្នាំយកទ្រព្យសម្បត្តិតែម្តង។

បន្ទាប់មក ក៏មានអ្នកបានស្គាល់ស្ត្រីរងគ្រោះ និងជួយទាក់ទងហៅសាច់ញាតិមកដល់ទីតាំងកើតហេតុ និងបានលើកស្ត្រីរងគ្រោះ ដាក់លើរ៉ឺម៉កម៉ូតូកង់បី ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង៕

RELATED ARTICLES