អូនម៉ីម៉ី ប្រកែកកែពង្រីកដើមទ្រូង

ភ្នំពេញ ៖ តារាសម្តែងស៊ិចស៊ី នាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលគេស្គាល់ថា ជាអតីតសង្សារនាយចឺម តារាចម្រៀងរបស់ផលិតកម្មសាន់ដេ នោះ ត្រូវបានគេសង្ស័យជាយូរមកហើយថា ស្រីស្អាតរូបនេះបានកែពង្រីកដើមទ្រូងឱ្យរីកធំ ដើម្បីឱ្យប្រុសៗកាន់តែជ្រួលជ្រើមនឹងសម្រស់នាងថែមទៀត តែនៅក្នុងជំនួបផ្ទាល់ តារាសម្តែងសិចស៊ីបែរជាប្រកែកញ៉ាញថា នាងមិនបានកែកុនដើមទ្រូងទេ គឺពេលនេះ នៅរក្សារសម្រស់ធម្មជាតិ១០០% ដដែល។

ក្នុងជំនួបអំឡុងសម្ពោធហាងកាហ្វេមួយ តួឯកស្រីរឿង “០០៩” បានឱ្យដឹងថា នាងមិនហ៊ានកែសម្រស់ឡើយ ព្រោះខ្លាចម្ជុល និងកាំបិត ហេតុនេះហើយបានជាទុកសម្រស់តាមបែបធម្មជាតិវិញ ដើម្បីកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ។

អូនម៉ីម៉ី វាចាថា “អត់ទេបង ! ខ្ញុំមានបានកែដើមទ្រូងអីពីណាទៅ? និយាយទៅ កន្លែងផ្សេងៗទៀត ក៏ខ្ញុំមិនបានកែដែរ គឺនៅធម្មជាតិទាំងអស់។ ថ្ងៃក្រោយ ខ្ញុំក៏គ្មានគម្រោងកែសម្រស់ដែរបង គឺបានប៉ុន្មានយកប៉ុណ្ណឹងចុះ ខ្ញុំមិនចង់កែដូចគេទេ”។

អូនម៉ីម៉ី ជាស្រីស្រស់ដែលមានសម្រស់ឆើតឆាយ ប្រុសៗមិនតិចនាក់ទេ ដែលគ្រឺតក្នាញ់សម្រស់តារាសម្តែងម្នាក់នេះ តាមរយៈការសម្តែង MV និងភាពយន្តកន្លងមក។ តែគួរឱ្យស្តាយ អូនម៉ីម៉ី ត្រូវបានគេដឹងថា នាងធ្លាប់ជាគូសង្សាររបស់នាយចឺម តារាចម្រៀងសាន់ដេ តែពេលនេះ អ្នកទាំង២បានចែកផ្លូវគ្នាវិញ ក្រោយពីនាយចឺម ល្បីឈ្មោះ ហើយងាកទៅបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីស្អាតអតីត Freshie លេខ១ នាងពុធ ស្រីខួច។

ដោយឡែកអូនម៉ីម៉ី វិញ បានងាកទៅបង្កាត់ភ្លើងស្នេហ៍ជាមួយនិស្សិតម្នាក់នៅឌូបៃ ហើយពួកគេបានបង្ហាញរូបភាពផ្អែមល្ហែម ដោយឱបថើបគ្នា មិនខ្វល់ពីនាយចឺម ឡើយ។

អូនម៉ីម៉ី បន្ថែមថា “រឿងខ្ញុំជាមួយនាយចឺម គ្រាន់តែគេច្រឡំទេ ! ខ្ញុំធ្លាប់ដើរលេងជាមួយគ្នាមែន តែមិនមែនសង្សារគ្នាផង។ ឥឡូវខ្ញុំមានសង្សារមែន គឺគាត់ជានិស្សិតម្នាក់រៀន នៅទីក្រុងឌូបៃ តែគាត់មានស្រុកកំណើតនៅខេត្តកោះកុង។ ពួកយើងស្រលាញ់គ្នា និងកំពុងសិក្សាចិត្តគំនិតគ្នានៅឡើយ ដែលមានចាស់ទុំទាំងសងខាងដឹងឮ។ តែខ្ញុំមិនទាន់គិតគូរដល់គម្រោងរៀបការឆាប់ៗនោះទេ៕