Tuesday, April 30, 2024
Homeព័ត៌មានជាតិទ្រាំឯណាបាន លុយជិត១មុឺនដុល្លារ បុគ្គលិកស្រីកឹបកេង

ទ្រាំឯណាបាន លុយជិត១មុឺនដុល្លារ បុគ្គលិកស្រីកឹបកេង

ភ្នំពេញ​ ៖ ស្ត្រីជាបុគ្គលិកផ្នែកទទួលភ្ញៀវប្រចាំខុនដូរមួយកន្លែង បានបែកគំនិតកឹបកេងប្រាក់ថ្លៃបន្ទប់ជួលខុនដូរ ប្រមាណជិត១ម៉ឺនដុល្លារ លុះបែកធ្លាយរឿងរ៉ាវដឹងដល់ថៅកែ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលរបស់ស្ត្រីសង្ស័យ តាមបណ្តោយផ្លូវលេខ១៣BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ស្ត្រីសង្ស័យដែលកិបកេងប្រាក់ថៅកែជិត១ម៉ឺនដុល្លារ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ លីលក្ខិណា អាយុ២៩ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវខុនដូរ យីហោលំនៅដ្ឋានសុភមង្គល មានទីតាំងស្ថិតនៅផ្ទះលេខ៩០ ផ្លូវលេខ១៩បេតេ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និងស្នាក់នៅផ្ទះជួលដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះលឹម ចាន់ដារ៉ានី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ០៨ ផ្លូវលេខ២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន (តំណាងឱ្យម្ចាស់ខុនដូរ យីហោលំនៅដ្ឋានសុភមង្គល)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីតំណាងម្ចាស់ខុនដូរ លំនៅដ្ឋានសុភមង្គល ថា ស្ត្រីសង្ស័យឈ្មោះចាន់ លីលក្ខិណា បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្ត ដោយបានកិបកេងយកលុយថ្លៃជួលបន្ទប់ខុនដូរ ចំនួន៩៥៨០ដុល្លារ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES