ខេត្តពោធិ៍សាត់ ៖ យុវជនចិត្តខ្លាំងម្នាក់ ព្រោះតែតូចចិត្តនឹងរឿងរំអុកម្តាយឱ្យចូលស្តីដណ្តឹងកូនក្រមុំគេមិនបាន ក៏ស្រាប់តែដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះបាយរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ។
យុវជនចិត្តខ្លាំងគំនិតខ្លី ដែលតូចចិត្តម្តាយមិនដណ្តឹងប្រពន្ធឱ្យ បែរជាដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះអាត សំអាន អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរំអុកសុំម្តាយឱ្យចូលស្តីដណ្តឹងនារីម្នាក់ មកឱ្យខ្លួនធ្វើជាប្រពន្ធ ប៉ុន្តែស្ត្រីជាម្តាយប្រាប់ថា កុំទាន់អាលសិន ព្រោះគាត់មិនទាន់មានលុយទេ ណាមួយកូនប្រុសក៏មិនទាន់មានការងារ អ្វីសមរម្យល្មមអាចឱ្យកូនស្រីគេផ្ញើវាសនាលើបានដែរ ខ្លាចពេលចូលស្តីដណ្តឹងឪពុកម្តាយខាងស្រីមិនឱ្យ នាំឱ្យខ្មាសគេ ហេតុនេះគួរចាំមួយរយៈទៀតសិន។
ប្រភពដដែលបន្តថា ដោយសារតែទំហំចិត្តស្នេហ៍ពេញប្រៀបបេះដូងទៅហើយ ទើបជនរងគ្រោះចេះតែបង្ខំចង់ឱ្យម្តាយចូលស្តីដណ្តឹងកូនក្រមុំគេនោះឆាប់ៗ។ លុះម្តាយមិនអាចបំពេញបានតាមបំណង ក៏ធ្វើឱ្យជនរងគ្រោះតូចចិត្តតូចថ្លើម ស្រងូតស្រងាត់ មិនសូវនិយាយស្តី២-៣ថ្ងៃមកហើយ។
ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលស្ត្រីជាម្តាយចូលទៅក្នុងផ្ទះបាយ បំណងរៀបចំបាយទឹកហូប ក៏ស្រាប់តែប្រទះឃើញកូនប្រុសចងកនៅក្នុងផ្ទះបាយ មិនដឹងស្លាប់តាំងពីថ្មើរណា ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោហៅអ្នកជិតខាង ជួយកាត់ចំណងដាក់ចុះមកក្រោម តែយឺតពេលទៅហើយ ព្រោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែគោចងកភ្ជាប់នឹងធ្នឹមផ្ទះបាយ បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តនឹងរឿង ឪពុកម្តាយ មិនដណ្តឹងប្រពន្ធឱ្យ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។/