Friday, April 19, 2024
Homeព័ត៌មានជាតិចាស់ៗហើយ នៅតែមិនអាចខន្តីឲ្យគ្នាបាន

ចាស់ៗហើយ នៅតែមិនអាចខន្តីឲ្យគ្នាបាន

ខេត្តព្រៃវែង ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ បានផឹកស៊ីជុំគ្នារហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ស្រាប់តែកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ស្ត្រីជាប្រពន្ធទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញកាំបិតកាប់ប្តីចំនួន៣កាំបិត បណ្តាលឱ្យរងរបួស លុះប្តីផ្ទុះកំហឹង ក៏ស្ទុះទៅចាប់ច្របាច់កប្រពន្ធវិញ បណ្តាលឱ្យសន្លប់ស្តូក ប៊ិះដាច់ខ្យល់ស្លាប់។

ករណីប្តីប្រពន្ធស្រវឹងផ្ទុះជម្លោះវាយតប់កាប់ចាក់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង។

បុរសជាប្តីដែលត្រូវប្រពន្ធកាប់៣កាំបិត បណ្តាលឱ្យរងរបួស មានឈ្មោះមេន ម៉ៃ អាយុ៦៣ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីជាប្រពន្ធដែលត្រូវប្តីចាប់ច្របាច់ករហូតដល់សន្លប់ស្តូកនោះ មានឈ្មោះជា សុខុម អាយុ៥៩ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែប្តីជាមនុស្សប្រមឹក ចំណែកប្រពន្ធវិញ ក៏ផឹកស្រវឹងមិនចាញ់ប្តីប៉ុន្មានដែរ ហេតុនេះទើបពេលស្រវឹងស្រាម្តងៗ និយាយស្តាប់គ្នាមិនសូវបានទេ ចេះតែកើតរឿងឈ្លោះប្រកែក ជេរបញ្ចោរគ្នាផ្អើលភូមិសឹងរាល់ថ្ងៃ រហូតស្ទើរក្លាយជាទម្លាប់ទៅហើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធទាំងពីរនាក់ ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំដូចគ្នា លុះជួបមុខគ្នា ក៏ចាប់ផ្តើមរអ៊ូរទាំ ដៀមដាមដាក់គ្នាទៅវិញទៅមក រហូតធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា។ ភ្លាមនោះ គេឃើញស្ត្រីជាប្រពន្ធបានស្ទុះទៅទាញកាំបិត មកកាប់ប្រហារប្តីចំនួន៣កាំបិត ត្រូវចំស្មាខាងឆ្វេងចំនួន២កាំបិត និងចំកចំនួន១កាំបិត បណ្តាលឱ្យរងរបួស។ ចំណែកបុរសជាប្តី បន្ទាប់ពីត្រូវប្រពន្ធកាប់៣កាំបិតរួចមក ក៏ផ្ទុះកំហឹងស្ទុះទៅចាប់ច្របាច់កប្រពន្ធវិញ រហូតដល់សន្លប់ស្តូកប៊ិះដាច់ខ្យល់ស្លាប់ និងត្រូវបានអ្នកជិតខាងនាំគ្នាចូលទៅឃាត់ និងចាប់បំបែកអ្នកទាំង២ចេញពីគ្នា រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានប្រទះឃើញប្តីប្រពន្ធទាំង២នាក់ខាងលើ សុទ្ធតែមិនទាន់ស្វាងស្រាស្រួលបួល និងរងរបួសធ្ងន់ដូចគ្នា ទើបសម្រេចជួយដឹកបញ្ជូនទាំង២នាក់ប្តីប្រពន្ធ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមេសាង ដើម្បីធ្វើការព្យាបាលសិន មុននឹងនាំខ្លួនមកធ្វើការសាកសួរ រៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES