Wednesday, April 24, 2024
Homeព័ត៌មានជាតិឆាតតាមហ្វេសប៊ុក!!! ស្រីទំនើង៩នាក់ ណាត់វ៉ៃគ្នាដណ្តើមប្រុស

ឆាតតាមហ្វេសប៊ុក!!! ស្រីទំនើង៩នាក់ ណាត់វ៉ៃគ្នាដណ្តើមប្រុស

ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងមួយក្រុមមានគ្នា៩នាក់ បានកើតមានជម្លោះនឹងគ្នាពីរឿងប្រុសស្នេហ៍ រហូតដល់ភាគីទាំងពីរដែលសុទ្ធតែជាក្មេងស្រីទំនើងឈាមរាវដូចគ្នា បានឆាតតាមហ្វេសប៊ុក ណាត់វាយគ្នាទាំងកណ្តាលអធ្រាត្រ ចំនួន២យប់ផ្ទួនៗគ្នា រហូតត្រូវបានសមត្ថកិច្ចចាប់នាំយកទៅអប់រំ។

ករណីក្មេងស្រីទំនើងណាត់វ៉ៃគ្នាដណ្តើមប្រុសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលត្រីផ្ទោង មុខសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅកណ្តាលក្រុងព្រះសីហនុ។

លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងល្បាតយប់របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបស្រីទំនើង២ក្រុម ដែលមានគ្នាចំនួន៩នាក់ បានបង្កហិង្សាវាយតប់គ្នាតាមទីសាធារណៈ ដើម្បីយកមកអប់រំធ្វើកិច្ចសន្យា ឱ្យអ្នកអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។

លោកអធិការ បានបញ្ជាក់បន្ថែមថា ស្រីទំនើងទាំងពីរក្រុមនេះ មួយក្រុមមានគ្នា៣នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានប្រើប្រាស់ហ្វេសប៊ុកឆាតណាត់ជួប បើកឆាកប្រយុទ្ធគ្នាដោយមូលហេតុដណ្តើមប្រុស។ ពួកគេបានណាត់ជួបវាយតប់គ្នាចំនួន២លើក ដោយកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ពួកគេបានណាត់វាយគ្នា១លើក នៅឆ្នេរអូរឈើទាល។ លុះដល់យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ពួកគេក៏បានណាត់វាយគ្នាមួយលើកទៀត នៅរង្វង់មូលត្រីផ្ទោង មុខសាលាអនុវិទ្យាល័យសម្តេចឪ ហើយត្រូវកម្លាំងល្បាតស្ទាក់ចាប់បានបានតែម្តង។

លោកអធិការ បានឱ្យដឹងដែរថា ក្មេងស្រីទាំង២ក្រុមនេះ សមត្ថកិច្ចបានឃាត់ខ្លួនយកមកអប់រំ នៅអធិការដ្ឋាននគរបាលក្រុង ធ្វើការអប់រំឱ្យធ្វើពលកម្ម ព្រមទាំងឱ្យអ្នកអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ជាមួយនេះ លោកបានសំណូំមពរដល់អាណាព្យាបាលទាំងឡាយ ចូលរួមជាមួយសមត្ថកិច្ចអប់រំកូនចៅឱ្យចៀសវាង អំពីបញ្ហាគ្រឿងញៀន និងគ្រឿងអបាយមុខផ្សេងៗទាំងឡាយ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន៕

RELATED ARTICLES