ភ្នំពេញ ៖ រូបភាពនៅលើគ្រែ រវាងតារាសម្តែងប្រុសសិចស៊ី លោកអែន ឌី និងស្រីក្មេង ភិន វណ្ណនិកា ហៅ MayBe ដែលស្លៀកឈុតគេងពេលរាត្រី ថើបបឺតគ្នាយ៉ាងរូម៉ែនទិកនោះ ពិតជាធ្វើឱ្យប្រុសៗមិនតិចនាក់ឡើយ ដែលនឹកស្រមៃប៉ងប្រាថ្នាចង់ថ្នាក់ថ្នមស្រីស្អាតក្នុងពេលរាត្រី ដូចលោកអែន ឌី ដែរ តែមិនអាចធ្វើបាននោះឡើយ។
ជាមួយការបង្ហាញស្នាមសាក់នៅលើស្មា និងក្បាលពោះនោះ នាង MayBe ពិតជាធ្វើឱ្យប្រុសមិនតិចទេ ដែលឈ្លក់វង្វេង និងគ្រឺតក្នាញ់សម្រស់នាង ហើយចង់ទៅជំនួសលោកអែន ឌី តែគួរឱ្យស្តាយ ស្រីក្មេងរូបនេះបានប្រាប់តារាសម្តែង លោកអែន ឌី ថា នាងមិនចូលចិត្តឱ្យអ្នកណាផ្សេងទៀត ចេះតែមកថើបបឺតមាត់តាមចិត្តនោះឡើយ។
លោកអែន ឌី ថ្លែងថា “MayBe បាន ប្រាប់ខ្ញុំហើយថា នាងមិនសូវចូលចិត្តថតឱ្យប្រុសណាឱបថើបខ្លាំងៗពេក ឬបឺតមាត់ខ្លាំងៗអីទេ ទាល់តែនាងពេញចិត្តដែរ បានព្រមថត។ តែជាមួយខ្ញុំ MayBe សម្តែងដោយភាពស្និទ្ធស្នាលមិនអីទេ ហើយយើងជាប្រុសហ្នឹង ក៏មិនបានកេងចំណេញអីទៅលើគេដែរ ដោយចាត់ទុកថា នោះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ មិនអាចមានអារម្មណ៍ច្របូកច្របល់នៅពេលហ្នឹងជាដាច់ខាត”។
ការដែលលោកអែន ឌី នាំស្រីក្មេងនាង MayBe ទៅឱបរឹតលើគ្រែនោះ គឺតារាសម្តែងទាំង2 បានថតសម្តែងរួមគ្នា តាមរយៈបទ “ម្ចាស់ជីវិត” ដែលនឹងចេញជា Full MV ក្នុង ពេលឆាប់ៗនេះហើយ។
លោកអែន ឌី បានឱ្យដឹងថា នេះជាលើកទី១ ដែលបានសម្តែងជាមួយស្រីស្អាត May Be ព្រោះរាល់លើកច្រើនតែថត MV ជាមួយកញ្ញាពេជ្រ អាវីហ្សា ច្រើនជាងតារាស្រីផ្សេងៗទៀត។ ប៉ុន្តែ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានសរសើរថា នាង MayBe មានរូបសម្រស់ស្អាត ហើយទេពកោសល្យក៏ល្អ ព្រោះនាងធ្លាប់ថតជាច្រើនបទមកហើយ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ លោកអែន ឌី ថា ពេញចិត្តស្នាមសាក់សិចស៊ីលើរាងកាយ នាង MayBe ទៀតផង ព្រោះអីលោកក៏ស្រលាញ់នារីចាក់សាក់ តាមបែបសិល្បៈដែរ៕