ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះប៉ុនកញ្ជើ ជិតដល់ថ្ងៃសម្រាលទៅហើយ បែរជាដើរប្រព្រឹត្តសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ លុះម្ចាស់គេតាមទាន់ ចាប់ក្របួចជាប់យកទៅប្រគល់ឱ្យសមត្ថកិច្ច ស្រាប់តែសំពះអង្វររៀបរាប់ពីទុក្ខលំបាករបស់ខ្លួនថា ជិតដល់ថ្ងៃគ្រប់ខែទៅ ហើយប៉ុន្តែគ្មានលុយមួយរៀលជាប់ខ្លួន ទើបដាច់ចិត្តធ្វើចោរដើរលួចទ្រព្យសម្បត្តិគេ ដើម្បីយកលុយទុកសម្រាលកូន។
ករណីស្ត្រីមានផ្ទៃពោះដើរលួចទ្រព្យសម្បត្តិគេ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ស្ត្រីសង្ស័យដែលចូលលួចទ្រព្យសម្បត្តិគេដល់ក្នុងផ្ទះនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំទៅហើយ និងថែមទាំងមានផ្ទៃពោះប៉ុនកញ្ជើទៀតផង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីជាជនសង្ស័យខាងលើ ស្លៀកពាក់ខោខ្លី ពណ៌ត្រួចចេក ពាក់អាវយឺតវាលក្លៀកពណ៌ខ្មៅ ព្រមទាំងមានកន្សែងពណ៌ក្រហមមួយជាប់ខ្លួនផងនោះ បានលបចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែភ្លាមនោះ ត្រូវបានម្ចាស់ផ្ទះគេឃើញទាន់ ក៏បានឃាត់ខ្លួនបាននៅចំណុចខាងមុខផ្ទះ ហើយភ្លាមនោះម្ចាស់ផ្ទះ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ នាំខ្លួនស្ត្រីសង្ស័យខាងលើ យកទៅប៉ុស្តិ៍នគរបាលព្រែកលៀប ដើម្បីចាត់ការតាមច្បាប់តែម្តង។
ប្រភពដដែលបន្តថា នៅអំឡុងពេលដែលត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនភ្លាមៗ គេឃើញស្ត្រីសង្ស័យខាងលើ បានព្យាយាមឆ្លើយ ដោះសារថា សព្វថ្ងៃនាងកំពុងមានផ្ទៃពោះ ជិតគ្រប់ខែទៅហើយ ប៉ុន្តែដោយសារតែជីវភាពនាងទីទ័លក្រខ្លាំងពេក គ្មានលុយមួយកាក់មួយសេន ទុកត្រៀមបម្រុងសម្រាប់សម្រាលកូនសោះឡើយ ហេតុនេះហើយទើបនាងដាច់ចិត្តបែកគំនិតធ្វើចោរ ដើរលួចរបស់ទ្រព្យគេ គ្រាន់បានប្រាក់ យកទៅសន្សំទុកសម្រាលកូននៅពេលខាងមុខ ស្រាប់តែមិនទាន់បានធ្វើសកម្មភាពសម្រេចផង ក៏ត្រូវម្ចាស់ផ្ទះរបស់គេតាមទាន់ចាប់ជាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនស្ត្រីសង្ស័យខាងលើ នាំយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលាប ដើម្បីធ្វើការសួរនាំបន្ថែម និងរៀបចំកសាងសណុំរឿង បញ្ជូនខ្លួនទៅកាន់សាលដំបូងចាត់ការបន្តតាមនីតិវិធី៕