ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ប្រមាណជិត១០០នាក់ រស់នៅឃុំចង្គ្រង់ ស្រុកចិត្របុរី បានកើតមានអាការៈចុះពោះ រាក និងក្អួតចង្អោជាបន្តបន្ទាប់ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកខេត្តក្រចេះ ភ្លាមៗ បន្ទាប់ពីមានការសង្ស័យថា ប្រជាពលរដ្ឋទាំងនោះពុលនំប៉័ង។
ករណីសង្ស័យពុលនំប៉័ងខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងទ្រាំង ឃុំចង្ក្រង ឃុំចិត្របុរី និងបានបន្តរហូតមកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ទៀតផង។
តាមការបញ្ជាក់ពីលោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បានបញ្ជាក់ប្រាប់ថា ចំនួនប្រជាពលរដ្ឋដែលកើតមានអាការៈចុកពោះ រាក និងក្អួតចង្អោខាងលើ មានចំនួនសរុប៧៥នាក់ ក្នុងនោះ មានស្រី៣៩នាក់ និងកុមារចំនួន៥៣នាក់ ហើយហេតុការណ៍នេះបានផ្ទុះឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
លោកអភិបាលស្រុកចិត្របុរី បានដឹងឱ្យថា បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលភាគច្រើនជាកុមារ ដែលមានអាការៈក្អួតចង្អោ ត្រូវបានអាជ្ញាធរនាំយកទៅសង្គ្រោះនៅមន្ទីរព្យេទាន់ពេល និងបានធូរស្រាល ដោយមួយចំនួនបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ។
លោកអភិបាលស្រុកបន្តទៀតថា មូលហេតុដែលពួកគាត់ បានពុលនោះនំប៉័ង គឺនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមន្ទីរកសិកម្ម បានចុះទៅណែនាំឱ្យពលរដ្ឋដាំឡូងមី ហើយបានចែកនំប៉័ង ឱ្យដល់ប្រជាពលរដ្ឋហូបជាអាហារសម្រន់។ បន្ទាប់មកក៏មានអាការៈពុលតែម្តងទៅ ប៉ុន្តែអ្នកហូបខ្លះទៀតក៏មិនបានពុលដែរ។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បញ្ជាក់ថា ប្រជាពលរដ្ឋទាំង៧៥នាក់ខាងលើ បានកើតមានអាការៈដូចៗគ្នា គឺឈឺពោះ ក្អួតចង្អោ អស់កម្លាំង និងរាក។ យ៉ាងណា ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត កំពុងចុះធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុពិតប្រាកដហើយ៕