Friday, March 29, 2024
Homeព័ត៌មានជាតិឪមានស្រីថ្មី ដឹកកូនទៅបំបរបង់ចោល ម្តាយមិនទទួលចិញ្ចឹម

ឪមានស្រីថ្មី ដឹកកូនទៅបំបរបង់ចោល ម្តាយមិនទទួលចិញ្ចឹម

ភ្នំពេញ​​​ ៖ ប្តីប្រពន្ធ២នាក់រស់នៅមិនចុះសម្រុងនឹងគ្នា ក៏សម្រេចលែងលះគ្នាអស់រយៈពេល៤ឆ្នាំមកហើយ ដោយបែងចែកកូនម្នាក់១​យកទៅចិញ្ចឹមរៀងខ្លួន ក្នុងនោះស្ត្រីជាប្រពន្ធបានទទួលយកកូនស្រីច្បងទៅចិញ្ចឹម ចំណែកបុរសជាប្តីបានយកកូនប្រុសពៅទៅរស់នៅជាមួយ លុះក្រោយមកបុរសជាឪពុកចាប់ចិត្តស្រលាញ់ស្រីថ្មី ក៏ស្រាប់តែកើតមានអារម្មណ៍គិតថា កូនប្រុសម្នាក់នេះ គឺជាបន្ទុកទុកនៅនាំទើសដៃជើង ក៏បែកគំនិតដឹកកូនប្រុសបង្កើតរបស់ខ្លួន យកមកបំបរបង់ចោលតាមផ្លូវតែម្តង។

ករណីឪចិត្តអប្រិយ ព្រោះតែលង់នឹងសម្រស់ស្រី បែរជាដឹកកូនប្រុសទៅបំបរបង់ចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវអូរដឹមកប់ស្រូវ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងប្រុសអភ័ព្វ ដែលត្រូវឪចិត្តខ្មៅដឹកយកមកបំបរបង់ចោលនេះ មានឈ្មោះប្រុស រតនា អាយុ១២ឆ្នាំ មានលំនៅម្តុំផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីក្មេងប្រុសអភ័ព្វរូបនេះ បានរៀបរាប់ប្រាប់ថា រូបគេសព្វថ្ងៃស្នាក់នៅជាមួយឪពុកឈ្មោះហ៊ុន ប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ជាអ្នកប្រើប្រាស់គ្រឿងញៀន រស់នៅម្តុំផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដោយឡែក ម្តាយរបស់គេ មានឈ្មោះអៀង សុខថន អាយុ៣១ឆ្នាំ មុខរបរលក់ផ្លែឈើនៅផ្ទះ សព្វថ្ងៃរស់នៅជាមួយកូនស្រីច្បងឈ្មោះអៀង ស្រីណុច អាយុ១៤ឆ្នាំ មានលំនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ក្មេងប្រុសខាងលើ បានបន្តឱ្យដឹងថា  ឪពុកម្តាយរបស់គេរួមរស់នឹងគ្នាអស់រយៈពេលជាង១៥ឆ្នាំមកហើយ និងបានបង្កើតកូនប្រុសស្រី២នាក់ រួមមាន រូបគេនិងបងស្រីម្នាក់ទៀតអាយុ១៤ឆ្នាំ។ ក្រោយមក ដោយសារតែឪពុកម្តាយរស់នៅមិនចុះសម្រុងនឹងគ្នា ក៏សម្រេចចិត្តធ្វើការលែងលះគ្នា ដោយបានបែកចែកទ្រព្យសម្បត្តិនិងកូនម្នាក់១ ដោយក្នុងនោះ ម្តាយបានសម្រេចយកកូនស្រីទៅនៅជាមួយ ហើយក៏ចាកចេញទៅរស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបាត់ទៅ។ ចំណែករូបគេត្រូវបានឪពុកទទួលយកចិញ្ចឹម ដោយរស់នៅម្តុំផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្មេងប្រុសខាងលើ បានត្អូញត្អែរថា អំឡុងពេល៤ឆ្នាំដែលរូបគេរស់នៅក្នុងបន្ទុកឪពុកនេះ គឺមិនមានសំណាងដូចបងស្រី ដែលបានចេញទៅរស់នៅជាមួយម្តាយឡើយ ព្រោះរូបគេមិនដែលបានឪពុកថ្នមថ្នាក់ យកចិត្តទុកដាក់មើលថែ ឱ្យរស់នៅបានស្រួលឡើយ ជួនត្រូវឪពុកស្រែកគំហក សម្លុតគំរាមវាយដំគ្មានត្រាប្រណី។ មិនតែប៉ុណ្ណោះឪពុករបស់គេបានធ្លាក់ខ្លួនចូលក្នុងអន្លង់ថ្នាំញៀន ដកខ្លួនមិនរួច ចេះតែបំផ្លាញ មិនចេះរកស៊ីអ្វីឱ្យគ្រួសារចម្រុងចម្រើននោះឡើយ។

ក្មេងប្រុសរូបនេះ បានបញ្ជាក់ថា លុះមួយរយៈចុងក្រោយនេះ ឪពុកស្រាប់តែលង់ស្នេហ៍ស្រីម្នាក់ ទើបលែងខ្វល់ពីសុខទុក្ខរបស់រូបគេ ជាកូនប្រុសតែម្តង មិនតែប៉ុណ្ណោះថែមទាំងចោទថារូបគេជាបន្ទុក ទើសដៃទើសជើង រហូតដល់ឪពុកបានស្តីបណ្តេញឱ្យរូបគេចេញទៅរស់នៅជាមួយម្តាយទៀតផង ដោយនិយាថា “អញចិញ្ចឹមឯងលែងរស់ហើយ”។ លុះមកដល់វេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ឪពុក ក៏បានជិះម៉ូតូ១គ្រឿង ដឹករូបគេចេញពីខេត្តកំពង់ស្ពឺ យកមកទម្លាក់ចោលនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រួចក៏បានជិះម៉ូតូគេចខ្លួនទៅបាត់ ធ្វើឱ្យរូបគេវង្វេងទិសដោ មិនដឹងជាត្រូវទៅរកម្តាយនៅឯណានោះទេ ក្រោយមកក៏មានបុរសអ្នករត់ម៉ូតូឌុបម្នាក់ប្រទះឃើញ អាណិតអាសូរ ក៏សួរនាំរូបគេ និងបានដឹកគេមកដាក់នៅសាលាសង្កាត់ចោមចៅ៣តែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនលេកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវបានឪពុកដឹកយកទៅបំបរបង់ចោលនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ធ្វើឱ្យក្មេងប្រុសរងគ្រោះចេះតែដើររកម្តាយដោយគ្មានគោលដៅច្បាស់លាស់ លុះមកដល់ចំណុចតាមផ្លូវអូរដឹមកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានអ្នករត់ម៉ូតូឌុបម្នាក់ប្រទះឃើញសួរនាំ និងត្រូវក្មេងប្រុសប្រាប់ថា ដើរកផ្ទះម្តាយនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួចក៏វង្វេងផ្លូវរកមិនឃើញ។ ពេលនោះអ្នករត់ឌុបបានហៅនគរបាល ឱ្យនាំទៅកាន់សាលាសង្កាត់ចោមចៅ៣ ថែរក្សាបណ្តោះអាសន្ននិងជូនទៅជួបម្តាយ។

មន្ត្រីសាលាសង្កាត់ចោមចៅ៣ បានបញ្ជាក់ប្រាប់ថា ក្រោយនាំទៅដល់សាលាសង្កាត់ធ្វើការសួរនាំរួច កម្លាំងបាននាំក្មេងប្រុសនោះបន្តទៅរកម្តាយ ហើយប្រទះឃើញដូចបំណងមែន។ ប៉ុន្តែត្រូវស្ត្រីជាម្តាយបដិសេធមិនអាចទទួលយកកូនប្រុសរូបនេះ ទៅនៅជាមួយបានឡើយ ព្រោះអីគាត់គ្មានផ្ទះសម្បែង សព្វថ្ងៃស្នាក់អាស្រ័យជាមួយបងស្រី។ ចំណែកបងស្រីនោះដែលត្រូវជាអ៊ុំក្មេងប្រុសនេះ បានបដិសេធមិនទទួលយកក្មួយម្នាក់នេះឱ្យនៅផ្ទះរបស់ខ្លួនដាច់ខាត ព្រមទាំងប្រាប់ថា យកក្មេងនេះទៅណាក៏យកទៅ គាត់មិនឱ្យនៅផ្ទះរបស់គាត់ទេ។

ក្រោយកើតហេតុ សមត្ថកិច្ច  និងកម្លាំងមន្ត្រីសង្កាត់ បានជូនក្មេងប្រុសអភ័ព្វរូបនេះ ទៅផ្ញើឱ្យខាងវិទ្យុអេប៊ីស៊ី ជួយមើលថែបន្ត៕

RELATED ARTICLES