Thursday, March 28, 2024
Homeព័ត៌មានជាតិបញ្ជូនខ្លួនមន្ត្រីប៉ូលិសទៅតុលាការ ចោទបុរសម្នាក់លួចម៉ូតូ វាយស្ទើរស្លាប់ស្ទើររស់

បញ្ជូនខ្លួនមន្ត្រីប៉ូលិសទៅតុលាការ ចោទបុរសម្នាក់លួចម៉ូតូ វាយស្ទើរស្លាប់ស្ទើររស់

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ក្នុងចំណោមគូកន៥នាក់ ដែលបានធ្វើសកម្មភាពព្រួតគ្នាវាយដំយុវជនម្នាក់ បណ្តាលឱ្យជាំខៀវ បែកមុខមាត់យ៉ាងដំណំ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា យុវជនរងគ្រោះ គឺជាបក្ខពួកចោរលួចម៉ូតូ បន្ទាប់មកក៏ចាប់វាយខ្នោះដឹកតាមម៉ូតូកង់៣ឥណ្ឌា យកទៅទម្លាក់ចោលនៅខាងមុខក្រសួងមហាផ្ទៃនោះ ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន នាំយកទៅសាកសួរហើយ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ និងបញ្ជូនទៅកាលសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

មន្ត្រីប៉ូលិសដែលប្រើហិង្សាលើយុវជនម្នាក់ រហូតត្រូវបានឃាត់ខ្លួន មានឈ្មោះសុន ពិសាល អត្តលេខ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍ នៅនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្ត្រ។ ចំណែកគូកនមួយចំនួនទៀត នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ។ ដោយឡែក ជនរងគ្រោះឈ្មោះអ៊ឹម បញ្ញា អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយយុវជនម្នាក់ត្រូវបានសមត្ថកិច្ចមួយក្រុម មានគ្នា៥នាក់ (ស្លៀកពាក់ស៊ីវិល៤នាក់ ស្លៀកឯកសណ្ឋានម្នាក់) បានចាប់វាយដំ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកក៏វាយខ្នោះអូសឡើងជិះម៉ូតូកង់បីឥណ្ឌា ដឹកយកទៅទម្លាក់ចោលនៅខាងមុខក្រសួងមហាផ្ទៃ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើបើកម៉ូតូ១គ្រឿង ដោយល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ផ្តួលម៉ូតូចោលរត់ចូលក្នុងហាងលក់ស៊ុបចង្កាក់ ស្រែកហៅគេឱ្យជួយ ភ្លាមនោះ គេឃើញបុរស១ក្រុម មានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល ហើយក្នុងនោះមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស មានកាន់វិទ្យុទាក់ទង និងអាវុធជាប់ខ្លួន បានស្ទុះចូលទៅដេញចាប់យុវជនខាងលើ រួចបានវាយដំយុវជនរូបនោះយ៉ាងចាស់ដៃនៅចំពោះមុខមហាជនដែលកំពុងចោមរោមមើល ដោយបានចោទប្រកាន់ថា យុវជនរូបនេះ គឺជាបក្ខពួកចោរលួចម៉ូតូ បន្ទាប់មកក៏នាំគ្នាដាក់ខ្នោះយុវជនខាងលើ បានតែដៃម្ខាង ដោយសារតែដៃម្ខាងទៀតរបស់យុវជននោះ បានចុចទូរស័ព្ទហៅម្តាយឱ្យមកជួយ ស្រាប់តែត្រូវសមត្ថកិច្ចឆក់យកទូរស័ព្ទបោកចោលតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់មកទៀត ក្រុមដែលអះអាងថា ខ្លួនជាសមត្ថកិច្ចនោះ បានចាប់អូសយុវជនខាងលើ ឡើងលើម៉ូតូកង់បីឥណ្ឌា  តែត្រូវយុវជនរូបនោះ បានស្រែកហៅគេឯងឱ្យជួយ និងប្រាប់ថាចាំឪពុកម្តាយរបស់គេមកសិន ព្រោះរូបគេមិនមែនជាចោរទេ។ តែយ៉ាងណា ក្រុមសមត្ថកិច្ចទាំងនោះ បានអូសប្រទាញប្រទង់យុវជនរូបនោះ រហូតដាក់ចូលម៉ូតូកង់បីឥណ្ឌា ដឹកចេញទៅទម្លាក់ចោលនៅក្រសួងមហាផ្ទៃ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តង។ ចំណែកក្រុមសមត្ថកិច្ចទាំងនោះ ពេលដឹកជនរងគ្រោះទៅដល់មុខក្រសួងមហាផ្ទៃ ហើយក៏នាំគ្នាឡើងជិះម៉ូតូចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលអស់។

តាមសម្តីស្ត្រីឈ្មោះវត្តី អាយុ២៨ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបញ្ជាក់ថា រូបនាងនិងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុថា ប្អូនប្រុសរបស់នាងត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូលិស មានគ្នាប្រមាណ៤ទៅ៥នាក់ ធ្វើការវាយដំនៅចំណុចមុខហាងស៊ុបចង្កាក់ ទីតាំងកើតហេតុ។ គ្រាន់តែឮដំណឹងនេះភ្លាម នាងនិងស្វាមីបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ និងត្រូវគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាងនិងស្វាមី ក៏បានទៅកាន់ប៉ុស្តិ៍តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះជាការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។ នៅពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ និយាយដូច្នេះ រូបនាងនិងស្វាមី បានទៅក្រសួងមហាផ្ទៃបន្តទៀត ស្រាប់តែទៅដល់ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ ដែលកំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌា ម្នាក់ឯង ដោយដៃជាប់ខ្នោះទៀតផង ចំណែកក្រុមសមត្ថកិច្ចដែលចាប់ខ្លួនប្អូនប្រុសរបស់នាងនោះ មិនដឹងបាត់មុខទៅណាអស់ទេ។ ភ្លាមនោះ ប្តីរបស់នាងបានស្រែកសួរនៅកន្លែងកើតហេតុថា តើប៉ូលិសណាអ្នកចាប់ និងវាយប្អូនប្រុសបែបនេះ? ស្រាប់តែភ្លាមនោះ មានបុរសម្នាក់អះអាងថាខ្លួនជាប៉ូលិស ហើយបាននិយាយថា មកពីប្អូនប្រុសគាត់នេះជាបក្ខពួកចោរលួចម៉ូតូ និងថែមទាំងបោះសម្តីដាក់ប្តីរបស់នាងថា ម៉េចចង់ការពារចោរ? ទៀតផង។ បន្ទាប់មក នាងក៏ប្រញាប់នាំប្អូនប្រុសមកសង្គ្រោះបន្ទាន់ នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់ និងបន្តដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។

សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ ត្រង់ផ្ទៃមុខ ពិសេសភ្នែក និងចិញ្ចើមខាងស្តាំ ចំណែកដៃជាប់ខ្នោះមានដាច់រលាត់ និងហើមពោរខ្លាំងផងដែរ។

តាមសម្តីរបស់យុវជនរងគ្រោះឈ្មោះអ៊ឹម បញ្ញា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រយៈពេលប្រមាណ២ថ្ងៃ មានបុរសម្នាក់ប្រាប់ថា ខ្លួនជាសមត្ថកិច្ច តែស្លៀកពាក់ស៊ីវិល បានកាន់រូបថតយុវជនម្នាក់ មកសួររូបគេថា មានធ្លាប់ស្គាល់ ឬឃើញម្នាក់នេះទេ? លុះពិនិត្យរូបថតរួច រូបគេក៏នឹកឃើញថា ប៉ុន្មានថ្ងៃមុនធ្លាប់ឃើញជននោះ ជិះម៉ូតូកាត់មុខរបស់គេ ចូលទៅបន្ទប់ជួលនៅម្តុំមណ្ឌលសុខភាពទឹកថ្លា។ បន្ទាប់មក បុរសដែលអះអាងថា ជាប៉ូលិសរូបនោះ បនាសុំឱ្យរូបគេជួយសហការដើម្បីតាមរកជនសង្ស័យនោះ ដោយប្រាប់ថា ជនសង្ស័យនោះគឺជាចោរលួចម៉ូតូ។

យុវជនរងគ្រោះ បន្តថា លុះមកដល់ថ្ងៃកើតហេតុ បុរសរូបនោះបានមកជួបរូបគេម្តងទៀត និងហៅរូបគេឱ្យឡើងបើកម៉ូតូជាមួយ ចំណែករូបគេដោយគិតថា ខ្លួនជាមនុស្សស្អាតស្អំផង ណាមួយចង់សហការជាមួយប៉ូលិសរកចាប់ជនសង្ស័យផង ក៏ព្រមទៅជាមួយ និងត្រូវបុរសនោះដឹករូបគេចុះឡើង។ លុះគេប្រាប់ថា ចង់ទូរស័ព្ទប្រាប់ម្តាយសិន ព្រោះចេញពីផ្ទះយូរហើយ តែបុរសនោះឃាត់ថា ចាំទៅដល់ក្រសួងមហាផ្ទៃទៅ ចាំទូរស័ព្ទប្រាប់ រួចជិះម៉ូតូយ៉ាងលឿន រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ដួលម៉ូតូ ទើបរូបគេរត់ទៅហៅគេឱ្យជួយ ស្រាប់តែត្រូវក្រុមបុរសខាងលើ បានចាប់វាយដំរូបគេ ធ្វើដូចជាគេប្រព្រឹត្តអំពើល្មើសច្បាប់អ៊ីចឹង។

យុវជនរងគ្រោះ បានឱ្យដឹងទៀតថា នៅពេលដឹករូបគេតាមម៉ូតូកង់បី បុរសទាំងនោះបានដាក់ខ្នោះរូបគេជាប់នឹងម៉ូតូកង់បីទៀតផង លុះដឹកមកដល់មុខក្រសួងមហាផ្ទៃ បុរស២នាក់ ដែលជិះអមរូបគេលើម៉ូតូកង់បី ក៏បានចុះទៅនិយាយគ្នាបានបន្តិច ស្រាប់តែនាំគ្នាឡើងជិះម៉ូតូ គេចខ្លួនចេញពីកន្លែងកើតហេតុអស់តែម្តង។

យ៉ាងណាក្តី ទាំងក្រុមគ្រួសារ ក៏ដូចជាយុវជនដែលទទួលរងការវាយដំពីបុរសមួយក្រុម ដែលអះអាងថា ខ្លួនជាប៉ូលិសក្រសួងមហាផ្ទៃ នេះ បានអំពាវនាវដល់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះវាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃតែម្តង។ ពិសេស សូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះ យកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឱ្យអាងខ្លួនមានអំណាចបុណ្យស័ក្កិ ចង់វាយធ្វើបាបប្រជាជនតូចតាច ស្រេចតែក្បាលចិត្តបែបនេះទៀត៕

RELATED ARTICLES