Monday, October 13, 2025
Homeព័ត៌មានជាតិផ្អើលពេញមន្ទីរពេទ្យអ្នកលឿង!!! ទារកចម្លែក ខ្លួន២ ដៃជើង៨

ផ្អើលពេញមន្ទីរពេទ្យអ្នកលឿង!!! ទារកចម្លែក ខ្លួន២ ដៃជើង៨

ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកអ្នកលឿង ដែលបានជួយវះកាត់សម្រាលកូន ឱ្យស្ត្រីម្នាក់ ស្រាប់តែប្រទះឃើញរាងមានសភាពខុសប្រក្រតីប្លែកពីទារកដទៃ ដោយក្បាលតែ១ ប៉ុន្តែមានខ្លួនដល់ទៅ២ ចំណែកដៃមានដល់ទៅ៤ រីឯជើងក៏មាន៤ដូចគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

តាមប្រភពពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកអ្នកលឿង បានឱ្យដឹងថា ស្ត្រីជាម្តាយទារកចម្លែកខាងលើ មានលំនៅក្នុងស្រុកពាមរក៍ ប៉ុន្តែបម្រើការងារនៅស្រុកពាមជរ ហើយទារកនេះគឺជាកូនដំបូងក្នុងគ្រួសារទៀតផង។

ប្រភពដដែលបន្តថា ម្តាយទារកខាងលើ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ នៅវេលាម៉ោង៩ព្រឹក លុះមកដល់ ក៏ត្រូវគ្រូពេទ្យជំនាញពិនិត្យឃើញថា ស្ត្រីរូបនេះមិនអាចសម្រាលដោយធម្មជាតិបាននោះទេ ចាំបាច់ត្រូវធ្វើការវះកាត់។ បន្ទាប់មក នៅរសៀលថ្ងៃដដែល គ្រូពេទ្យក៏ជួយធ្វើការវះកាត់សម្រាលកូនឱ្យស្ត្រីខាងលើ ប៉ុន្តែជាលទ្ធផល នៅពេលដែលវះកាត់ចេញមក ទារកក្នុងផ្ទៃ បែរជាមានរូបរាងចម្លែកខុសពីទារកដទៃ ត្រង់ថា ទារកនេះមានក្បាលតែ១ ប៉ុន្តែមានដងខ្លួន២ ដៃ៤ និងជើងដល់ទៅ៤ឯណោះ និងមិនអាចមើលដឹងច្បាស់ថា ជាភេទស្រី ឬក៏ប្រុសនោះទេ។

ជាអកុសល ក្រោយពីចាប់កំណើតឃើញពន្លឺថ្ងៃបានត្រឹម១ម៉ោង ទារកអភ័ព្វខាងលើ ក៏បានដាច់ខ្យល់ស្លាប់ទៅវិញយ៉ាងអាណោចអាធ័ម និងត្រូវបានក្រុមគ្រួសារទទួលយកសាកសព ទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខណៈដែលស្ត្រីជាម្តាយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ៕

RELATED ARTICLES