Friday, April 19, 2024
Homeតារាខ្មែរលី ម៉ារីណា ផ្អែមល្ហែមស្នេហ៍ ថ្ងៃខួបកំណើតគម្រប់៣៦ឆ្នាំ

លី ម៉ារីណា ផ្អែមល្ហែមស្នេហ៍ ថ្ងៃខួបកំណើតគម្រប់៣៦ឆ្នាំ

ភ្នំពេញ ៖ តារាសម្តែងកូន1 សម្រស់នៅតែទ្រលុកទ្រលន់ អ្នកនាងលី ម៉ារីណា បានប្រារឰធ្វើកម្មវិធីខួបកំណើតគម្រប់អាយុ36ឆ្នាំ យ៉ាងស្ងាត់ៗ កាលពីថ្ងៃទី26 ខែឧសភា នៅហាងវីហ្វ្រេន បឹងត្របែក ដែលមានតែតារាជិតដិតប៉ុណ្ណោះ ត្រូវបានអញ្ជើញឱ្យចូលរួមអបអរសាទរ។

តាមព័ត៌មានពីតារាដែលទៅចូលរួម បានឱ្យដឹងថា អ្នកនាងម៉ារីណា ធ្វើខួបក្នុងបន្ទប់ VIP ហើយហៅតារាដែលចូលរួម មានដូចជា សុគន្ធ  និសា, ដួង ម៉ានិច្ច, យ៉ែម សំអូន, គង់ ចំរ៉ុង, អែន ឌី, កៅ សីហា និងលោកឧកញ៉ាតូនី ជាដើម ដែលបានលេចមុខក្នុងកម្មវិធីពិសេសរបស់នាង។ គេក៏ឃើញមានស្វាមីអ្នកនាងលី ម៉ារីណា លោកសាត ចាន់ថន បានធ្វើដំណើរមកពីអាមេរិក ដើម្បីលើកទឹកចិត្តភរិយាផងដែរ ហើយអ្នកទាំង2បង្ហាញការកៀកកើយគ្នា មើលទៅស្រលាញ់គ្នាស្អិតល្មួតខ្លាំងណាស់ ដែលធ្វើឱ្យតារាជាច្រើនច្រណែនទៀតផង។

តាមតារាដែលស្និទ្ធស្នាលអ្នកនាងលី ម៉ារីណា បានបង្ហើបឱ្យដឹងថា ការដែលអ្នកនាងមិនហ៊ានធ្វើខួបកំណើតធំដុំដូចគេនៅឆ្នាំនេះ ព្រោះអ្នកនាងខ្លាចចិត្តភិត្តភក្តិរួមអាជីពដែលមកខួបនាងរាល់ឆ្នាំ អ៊ីចឹងហើយបានជាសុខចិត្តធ្វើខួបជាលក្ខណៈគ្រួសារដែលមានភ្ញៀវតែអ្នកជិតដិតប៉ុណ្ណោះដែលត្រូវបានអញ្ជើញ។ ការប្រារឰខួប36ឆ្នាំរបស់លី ម៉ារីណា នេះដែរ បន្ទាប់ពីអ្នកនាងបានថតបញ្ចប់រឿងភាគរបស់ប៉ុស្តិ៍ហង្សមាស រឿង “រាជិនីភូមិគ្រឹះ” កាលពីពេលថ្មីៗនេះ នឹងកំពុងសម្ងំថតរឿងថ្មីមួយទៀត ឱ្យហង្សមាស ផងដែរ។

លី ម៉ារីណា ដែលធ្លាប់ល្បីកក្រើកពេញផ្ទៃប្រទេសថា នាងមានស្នេហាជាមួយលោកធំផ្កាយ3 ហើយត្រូវភរិយាគេព្រមាននោះ បានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលដែលនាងបានដឹកដៃអាណិកជនខ្មែរ នៅអាមេរិក លោកសាត ចាន់ថន រៀបការកាលពីថ្ងៃទី27 ខែ ឧសភា ឆ្នាំ2013 ហើយពេលនេះទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុជាង3ឆ្នាំ។

ម៉ារីណា គ្រោងយកកូនស្រីម្នាក់ទៀត តែគេមិនឃើញអ្នកនាងពពោះឡើយ ហើយតារាកូន1នេះ បែរជាបង្ហាញរថយន្តទំនើប Lexus Lx 570 តម្លៃជិត20ម៉ឺនដុល្លារ ខណៈដែលមានព័ត៌មានថា មន្ត្រីធំៗនៅតែតាមប្រម៉ាញ់ស្នេហ៍នាង ដោយមិនខ្វល់រឿងម៉ារីណា  មានប្តីឡើយ៕

RELATED ARTICLES