Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រុសព្រានខឹងរំលោភមិនបានសម្រេច វាយស្រីស្ទើរទក់សាច់

ប្រុសព្រានខឹងរំលោភមិនបានសម្រេច វាយស្រីស្ទើរទក់សាច់

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់កំពុងដេកនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែពាក់កណ្តាលអធ្រាត្រ ក៏ត្រូវប្រុសព្រានល្មោភកាមម្នាក់លបចូលទៅក្នុងផ្ទះ បើកមុងលូករាវប៉ងចាប់រំលោភ ធ្វើឱ្យស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួនស្រែកឆោឡោ ធ្វើឱ្យប្រុសព្រានខឹងរំលោភមិនបានសម្រេច ក៏វាយដំស្ត្រីរងគ្រោះស្ទើរទក់សាច់ រួចទើបរត់ចុះពីលើផ្ទះគេចខ្លួន លុះព្រឹកឡើង ក៏ត្រូវស្ត្រីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួនយកមកចាត់ការតាមច្បាប់។

ករណីប្រុសល្មោភកាម លបឡើងផ្ទះប៉ងចាប់រំលោភស្រីដល់ក្នុងមុងនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគិរី។

ជនសង្ស័យល្មោភកាម មានឈ្មោះនេត ឆេង អាយុ៣៥ឆ្នាំ មានលំនៅមិនពិតប្រាកដ។ រីឯស្ត្រីរងគ្រោះមានអាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នាងបានចូលទៅដេកនៅក្នុងមុងលើផ្ទះតែម្នាក់ឯង ស្រាប់តែមកដល់វេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក៏ស្រាប់តែជនសង្ស័យខាងលើ បានលបឡើងដល់លើផ្ទះរបស់នាង និងបានចូលមកបើកមុងលូករាវនាង ធ្វើឱ្យនាងភ្ញាក់ដឹងខ្លួនឡើង ស្រែកឆោឡោ ស្រាប់តែភ្លាមនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពវាយដំនាងយ៉ាងដំណំ បន្ទាប់មកជនសង្ស័យក៏ប្រញាប់រត់ចុះពីលើផ្ទះរបស់នាង គេចខ្លួនបាត់ស្រមោល។

ស្ត្រីរងគ្រោះបន្តថា លុះព្រឹកឡើង ដោយសារតែចំណាំមុខជនសង្ស័យល្មោភកាមបានយ៉ាងច្បាស់ ទើបនាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំមុខរាហ៍ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងស្ត្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន រួចនាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលបឡើងបើកមុងប៉ងចូលរំលោភស្ត្រីរងគ្រោះមែន តែដោយសារតែនាងភ្ញាក់ដឹងខ្លួនទាន់ ស្រែកឆោឡោ ទើបធ្វើឱ្យរូបគេខឹងពេក ក៏វាយស្ត្រីរងគ្រោះតែម្តង មុននឹងរត់គេចខ្លួន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES