ស្រលាញ់ពេក ដឹកចូលផ្ទះសំណាក់ចាប់រំលោភ ស្អែកអូនប្តឹងប៉ូលិសវាយខ្នោះបង

ខេត្តកំពង់ធំ ៖ យុវជនល្មោភកាមម្នាក់ បានលួចស្រលាញ់នារីវ័យក្មេងម្នាក់ដែលធ្វើការជាមួយគ្នាជាយូរមកហើយ លុះគាប់ជួនត្រូវឪពុកខាងស្រីពឹងឱ្យជិះម៉ូតូដឹកកូនស្រីរបស់ខ្លួនទៅបើកលុយ ធ្វើឱ្យមានឱកាសល្អ ទ្រាំទប់ចិត្តស្រលាញ់លែងបាន ក៏ដឹកខាងស្រីចូលព្រៃប៉ងចាប់រំលោភ តែមិនសម្រេច ទើបបន្តដឹកទៅមុខទៀត និងបានប្រើល្បិចនាំនារីរងគ្រោះឡើងផ្ទះសំណាក់ ដោយប្រាប់ថា ឪពុករបស់នាងនៅចាំក្នុងបន្ទប់ រួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេច លុះព្រឹកឡើងនារីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រាន ល្បួងនាំនារីវ័យក្មេងឡើងផ្ទះសំណាក់ចាប់រំលោភរហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់មួយកន្លែង យីហោ តារាស៊ី មានទីតាំងស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកសន្ទុក។ លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះសំណាក់ខាងលើ។

ជនសង្ស័យល្មោភកាម ដែលចាប់រំលោភកូនស្រីគេនេះ មានឈ្មោះសែម ឆៃ អាយុ២៦ឆ្នាំ មុខរបរកម្មករចម្ការស្វាយចន្ទី ស្នាក់នៅក្នុងចម្ការស្វាយចន្ទី ក្នុងភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក និងមានស្រុកកំណើតនៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែកនារីរងគ្រោះ មានឈ្មោះញ.ស.ន អាយុ១៦ឆ្នាំ ធ្វើការនិងស្នាក់នៅក្នុងចម្ការស្វាយចន្ទី ជាមួយជនសង្ស័យ និងមានស្រុកកំណើតនៅខេត្តរតនគីរី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឪពុករបស់នារីរងគ្រោះបានពឹងជនសង្ស័យឱ្យជួយដឹកកូនស្រីរបស់ខ្លួន (នារីរងគ្រោះ) ទៅបើកលុយនៅផ្សារកំពង់ថ្ម រួចដឹកបន្តទៅឡើងឡានចេញទៅខេត្តរតនគិរី ទាំងអស់គ្នា។ បន្ទាប់មក ជនសង្ស័យក៏បានជិះម៉ូតូដឹកនារីរងគ្រោះចេញពីភូមិត្រពាំងឬស្សី លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវ ជនសង្ស័យក៏បែកគំនិតដឹកនារីរងគ្រោះចូលព្រៃបំរុងចាប់រំលោភ តែត្រូវនារីរងគ្រោះលោតចុះពីលើម៉ូតូ ឃើញបែបនេះ ជនសង្ស័យក៏បានលួងលោមនារីរងគ្រោះឱ្យឡើងជិះម៉ូតូវិញ រហូតដល់ផ្សារកំពង់ថ្ម ក៏ស្រាប់តែជនសង្ស័យបានលួងលោមកុហកនារីរងគ្រោះថា ឪពុករបស់នាងកំពុងស្នាក់នៅក្នុងផ្ទះសំណាក់ តារាស៊ី និងប្រាប់ឱ្យរូបគេដឹកនាងចូលទៅជួបនៅក្នុងបន្ទប់ផ្ទះសំណាក់នោះ។ ចំណែកនារីរងគ្រោះក៏ជឿសម្តីជនសង្ស័យ និងបានព្រមចូលផ្ទះសំណាក់ជាមួយនឹងជនសង្ស័យដោយស្រួល។ ស្រាប់តែចូលទៅដល់ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពយកខ្នើយខ្ទប់មុខនារីរងគ្រោះ រួចហើយចាប់សម្រាតខោ ព្រមទាំងគំរាម កុំឱ្យនារីរងគ្រោះស្រែក បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេចតែម្តង។

ប្រភពដដែលបន្តថា លុះដល់ព្រឹកឡើង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នារីរងគ្រោះក៏បានរត់ចេញពីផ្ទះសំណាក់ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចក៏នាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមឈ្មោះសែម ឆៃ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន មូលហេតុដោយសារតែរូបគេបានលួចស្រលាញ់នាងជាយូរមកហើយ តែមិនហ៊ានសារភាព លុះមានឱកាសល្អ ត្រូវឪពុកនាងពឹងឱ្យជូនទៅបើកលុយ ក៏ដឹកចូលព្រៃប៉ងរំលោភម្តងរួចមកហើយ តែមិនបានសម្រេច តែដោយអំណាចិត្តស្រលាញ់ទ្រាំតទៅទៀតលែងបាន ទើបរូបគេ បានប្រើល្បិចដឹកនាងចូលផ្ទះសំណាក់ ចាប់រំលោភរហូតទាល់តែបានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕