Tuesday, April 23, 2024
Homeព័ត៌មានជាតិប្តីលួចទាក់ទងនារីខារ៉ាអូខេ ប្រពន្ធសរសៃខ្ចីតាមទាន់ដល់បន្ទប់ បង្ហោះផ្អើលហ្វេសប៊ុក

ប្តីលួចទាក់ទងនារីខារ៉ាអូខេ ប្រពន្ធសរសៃខ្ចីតាមទាន់ដល់បន្ទប់ បង្ហោះផ្អើលហ្វេសប៊ុក

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាបែកគំនិតលួចលាក់ទាក់ទងស្នេហាជាមួយនឹងនារីខារ៉ាអូខេម្នាក់ រហូតដល់ជួលបន្ទប់រួមស្នេហ៍នឹងគ្នាយ៉ាងត្រជាក់ល្ហឹម ចំណែកនារីវ័យក្មេងជាស្រីស្នេហ៍ប្តីនោះ ទោះដឹងថា ប្រុសស្នេហ៍ខ្លួនមានប្រពន្ធរួចទៅហើយ ក៏នៅតែបន្តទំនាក់ទំនងជាមួយគ្នាមិនព្រមឈប់ និងថែមទាំងធ្លាប់ទូរស័ព្ទទៅជេរបញ្ចោរប្រពន្ធដើម ដែលកំពុងសរសៃខ្ចីទៀតផង ទីបំផុត ប្រពន្ធដើមតាមរកមុខឃើញ ក៏ថតបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ប្តីប្រពន្ធដែលកំពុងប្រឈមនឹងចំណងស្នេហាត្រីកោណខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានលំនៅក្នុងខេត្តពោធិ៍សាត់។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ VyLen Nan ដែលអះអាងថា ត្រូវជាប្អូនស្រីរបស់ភាគីស្ត្រីជាប្រពន្ធដើម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពបងស្រីរបស់ខ្លួន រួមនឹងក្រុមគ្រួសារ តាមទាន់បុរសជាប្តីដែលកំពុងសម្ងំរួមស្នេហ៍ជាមួយនឹងស្រីថ្មីម្នាក់ ដែលជានារីបម្រើការនៅហាងខារ៉ាអូខេ។

ជាមួយនេះម្ចាស់គណនី VyLen Nan បានបង្ហោះសារដោយប្រើសម្តីធ្ងន់ៗថា “ត្រឹមតែជាស្រីបម្រើនៅ KTV វាយ៉ាប់ទៅហើយ នៅចរិកថោកមកដណ្តើមប្តីគេទៀត ខ្លួនក្មេងហើយស្អាត មិនគិតខំធ្វើខ្លួនឱ្យល្អដូចរូបទេ ចំជាស្រីសណ្តានថោក ជួយ Share ឱ្យវាល្បីផង ហើយប្រុសៗ ដទៃទៀតកុំយកគំរូតាមប្តីបស់បងស្រីខ្ញុំនេះឱ្យសោះ សុខចិត្តច្រានប្រពន្ធ និងម្តាយចេញ ដើម្បីការពារស្រីយកគ្នាទៅ សមគ្នាហើយវាថោកដូចគ្នា (ថតមិញនៅពោសាត់)…”។

ដោយឡែក យោងតាមវីដេអូឃ្លីបរយៈពេល២នាទី គេឃើញស្ត្រីជាប្រពន្ធ និងម្តាយ រួមនឹងសាច់ញាតិប៉ុន្មាននាក់ទៀត បាននាំគ្នាចូលទៅដល់បន្ទប់ជួលមួយកន្លែង ដែលនៅក្នុងនោះ មានបុរសជាប្តី រួមនឹងនារីវ័យក្មេងម្នាក់ ដែលត្រូវស្ត្រីជាប្រពន្ធ ចោទថា គឺជានារីខារ៉ាអូខេ ដែលដណ្តើមប្តីរបស់ខ្លួន និងបានសម្ងំរួមរស់នឹងគ្នាដូចប្តីប្រពន្ធ ទោះជាប្រពន្ធដើមព្យាយាមពន្យល់ប្រាប់ថា បុរសម្នាក់នេះមានប្រពន្ធកូនរួចទៅហើយ ក៏នារីជាស្រីស្នេហ៍រូបនោះមិនព្រមស្តាប់សោះ នៅតែបន្តទាក់ទងគ្នាមិនឈប់។ ជាមួយនេះ ក៏មានការប្រតាយប្រតប់គ្នាផងដែរ រវាងស្ត្រីជាប្រពន្ធ រួមនឹងម្តាយ ជាមួយនឹងនារីជាស្រីស្នេហ៍របស់ប្តីរូបនោះ ប៉ុន្តែភ្លាមនោះ គេឃើញបុរសជាប្តីបានស្ទុះចូលទៅច្រានប្រពន្ធ និងកៀសម្តាយចេញ មិនឱ្យប៉ះពាល់នារីវ័យក្មេងនោះឡើយ។

តាមរយៈវីដេអូខាងលើ គេស្តាប់ឮសំឡេងស្ត្រីជាម្តាយ និយាយទៅកាន់នារីជាស្រីស្នេហ៍រូបនោះថា “ក្មួយឯងម៉េចធ្វើចឹងក្មួយ មុខមាត់ រូបរាងស្អាតណាស់ ម៉េចបានធ្វើចឹង? ម៉េចហៅកូនខ្ញុំមកធ្វើចឹង?…”។

ក្រោយវីដេអូខាងលើ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលទៅខមិន ដោយខ្លះបានជេរស្តី ដាក់បន្ទុកទៅលើនារីវ័យក្មេងរូបនោះ ថាខ្លួនជាស្រីមុខមាត់ស្អាតបាត ហេតុអ្វីមិនរកមនុស្សប្រុសល្អ នៅលីវ ខ្លួនមួយ ធ្វើជាប្តីទៅ ហេតុម៉េចបានជាចូលចិត្តតែដណ្តើមយកប្តីរបស់គេបែបនេះ? ចំណែកខ្លះទៀតបានលើកឡើងថា កុំបន្ទោសតែលើខាងស្រីពេក រឿងរ៉ាវបែបនេះ គឺមកពីខាងប្រុសដែរ ព្រោះខ្លួនមានប្រពន្ធកូនហើយ មិនគួរទៅប្រព្រឹត្តអំពើថោកទាប គ្មានការទទួលខុសត្រូវបែបនេះទេ។

ដោយឡែក មានអ្នកលេងហ្វេសប៊ុកមួយចំនួន បានខមិនថា គួរតែរកវិធីដោះស្រាយដោយសន្តិវិធី មិនគួរប្រើហិង្សានោះទេ ព្រោះវាខុសច្បាប់ ហើយជួនកាលអាចមកពីខាងស្រីមិនដឹងថា បុរសនោះមានប្រពន្ធរួចទៅហើយក៏ថាបាន។ ជាការឆ្លើយតប ម្ចាស់គណនី  VyLen Nan ដែលត្រូវជាប្អូនស្រីរបស់ភាគីស្ត្រីជាប្រពន្ធដើម បានឆ្លើយតបទៅវិញថា “គ្រួសារខ្ញុំយល់ដឹងពីច្បាប់ច្បាស់ដូចថ្ងៃ ហើយក៏ធ្លាប់និយាយជាមួយវាតាមសម្រួល៣ដងដែរ តែវាមិនស្តាប់ ហើយថែមទាំងខលមកជេរបងស្រីខ្ញុំដែលទើបសម្រាលកូនហើយទៀត ចឹងអ្នកណាដែលគេទ្រាំនឹងស្រីអស់សាច់ដូចវាបាន…?” “Ok ពីមុនវាមិនដឹង ចុះពេលវាដឹងហើយ ម៉េចក៏នៅតែបំពានទៀត រឿងបែបនឹងបើត្រឹមតែនិយាយ អ្នកណាក៏ចេះដែរ ទាល់តែជួបខ្លួនឯងផ្ទាល់បានដឹងថា ពេលសរសៃខ្ចី ប្តីមានស្រី ហើយមីស្រីនឹងខលមកជេរទៀត តើមានអារម្មណ៍បែបណា…?”។

ជុំវិញរឿងរ៉ាវស្នេហាត្រីកោណខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីិ រួមនឹងនារីវ័យក្មេងដែលទទួលរងការចោទប្រកាន់ថា បានលួចទាក់ទងជាមួយប្តីគេបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES