ខេត្តបន្ទាយមានជ័យ ៖ ពិរុទ្ធជនម្នាក់ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹក ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។
ពិរុទ្ធជនដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះលឹម ម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជាប់ចោទពីបទលួច មានលំនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមប្រភពពីមន្ត្រីអនុរក្សពន្ធនាគារ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពិរុទ្ធជនខាងលើ បានដើរចូលបន្ទប់ទឹក ហើយក៏មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ដែរ ស្រាប់តែពេលបាត់យូរពេក មិនឃើញចេញមកក្រៅវិញ ទើបមានការនឹកឆ្ងល់ ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញជននេះបានចងកសម្លាប់ខ្លួនបាត់ទៅហើយ និងបាននាំគ្នាជួយកាត់ខ្សែចំណងដាក់ជននោះចុះក្រោមដែរ តែមិនអាចសង្គ្រោះជីវិតបានទាន់ពេលឡើយ និងធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញតែម្តង។
ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ បានចុះទៅពិនិត្យសពដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ពិរុទ្ធជនរូបនេះ ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាពណ៌ក្រហម ក្រឡាការ៉ូពណ៌ស ចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹក បណ្តាលឱ្យស្លាប់។
សពពិរុទ្ធជនខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី>