ខេត្តកោះកុង ៖ យុវជនឈាមរាវម្នាក់ បានលួងលោមរំលោភក្មេងស្រីតូចម្នាក់ រហូតដល់បានសម្រេច និងបានព្យាយាមគំរាមមិនឱ្យក្មេងស្រីរងគ្រោះប្រាប់ម្តាយដាច់ខាត លុះស្ត្រីជាម្តាយឃើញសំពត់កូនស្រីមានប្រឡាក់ឈាម ក៏សាកសួរ ទើបកូនស្រីប្រាប់ថា នាងត្រូវប្រុសព្រានចាប់រំលោភសេពសន្ថវៈ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាម យកទៅចាត់ការតាមច្បាប់។
ករណីប្រុសព្រានចាប់រំលោភសេពសន្ថវៈក្មេងស្រីនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី 27 ខែឧសភា ឆ្នាំ2018 នៅចំណុចភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ។ លុះរឿងរ៉ាវបែកធ្លាយសមត្ថកិច្ចបានចុះចាប់ខ្លួនជនសង្ស័យ នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2018។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈលើរូបក្មេងស្រីនោះ មានឈ្មោះ ប្រាជ្ញ ព្រេម អាយុ21ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយឪពុកម្តាយជនរងគ្រោះនៅចំណុចភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ4ឆ្នាំប៉ុណ្ណោះ។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យទើបនឹងសុំប្តីប្រពន្ធគាត់ស្នាក់នៅមួយរយៈដើម្បីធ្វើសំណង់ នៅក្នុងភូមិកើតហេតុខាងលើ។ លុះមកដល់ល្ងាចថ្ងៃទី27 ខែឧសភា ឆ្នាំ2018 ស្រាប់តែជនសង្ស័យរូបនេះ បែកគំនិតចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ រហូតដល់បានសម្រេច និងថែមទាំងគំរាមមិនឱ្យនាងនិយាយប្រាប់ពួកគាត់ជាឪពុកម្តាយទៀតផង។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា ក្រោយមក នៅព្រឹកថ្ងៃទី28 ខែឧសភា ឆ្នាំ2018 គាត់បានប្រទះឃើញសំពត់កូនស្រីរបស់គាត់មានប្រឡាក់ឈាម ទើបនឹកសង្ស័យ ក៏ហៅកូនស្រីមកសាកសួរ ស្រាប់តែកូនស្រីបានប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះប្រាជ្ញ ព្រេម ចាប់រំលោភសេពសន្ថវៈកាលពីល្ងាចមិញ។ ភ្លាមនោះ គាត់ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចុះឃាត់ខ្លួនជនសង្ស័យល្មោភកាមខាងលើ នាំយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈលើរូបក្មេងស្រីរងគ្រោះ ដូចអ្វីដែលម្តាយរបស់នាងប្តឹងចោទប្រកាន់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យល្មោភកាម ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕