Tuesday, October 14, 2025
Homeព័ត៌មានជាតិគេចខ្លួន៣ឆ្នាំ វិលវិញជាប់ខ្នោះ

គេចខ្លួន៣ឆ្នាំ វិលវិញជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកាតុលាការ បន្ទាប់ពីបានប្រព្រឹត្តអំពេហិង្សាដោយចេតនា កាលពី៣ឆ្នាំមុន និងបានព្យាយាមរត់គេចខ្លួនរហូតមក លុះភ្លេចខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកា មានឈ្មោះផល សារុន ហៅទិច អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅបច្ចុប្បន្នភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល តាមដីកាលេខ៣៥៩ ដក បចខ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ របស់លោកហុក វ៉ាន់ធីណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល។

ប្រភពដដែលបន្តថា គួររំលឹកថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ជនសង្ស័យខាងលើបានប្រព្រឹត្តអំពើហិង្សាដោយចេតនាមួយ នៅចំណុចភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង បន្ទាប់មកក៏បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងត្រូវបានសមត្ថកិច្ចកសាងសំណុំេរឿងបញ្ជូនទៅកាន់សាលាដំបូង និងត្រូវបានចៅក្រមសាលាដំបូង សម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះរយៈពេល៣ឆ្នាំក្រោយមក ស្រាប់តែជនសង្ស័យភ្លេចខ្លួន ក៏លបវិលចូលមកស្រុកកំណើតវិញ ទើបសមត្ថកិច្ចចុះឃាត់ខ្លួនជាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរ្ចៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES