Friday, April 26, 2024
Homeព័ត៌មានជាតិឃាតកម្មសម្លាប់បុរសម្នាក់ ញាត់សពចូលក្រោមកំប្លោក មានស្នាមកាប់សុសខ្លួន

ឃាតកម្មសម្លាប់បុរសម្នាក់ ញាត់សពចូលក្រោមកំប្លោក មានស្នាមកាប់សុសខ្លួន

ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមស្អុយ និងមានស្លាកស្នាមរបួសដោយសារមុខកាំបិត ស្ទើរសុសពេញខ្លួន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងទឹកប្រឡាយ ដោយមានកំប្លោក និងលបត្រីគ្របពីលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងសន្និដ្ឋានជាជំហានដំបូងថា ជាករណីឃាតកម្ម។

ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងប្រឡាយទំនប់៩៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកណ្តាលស្ទឹង។

សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្សប្រុស និងមានវ័យប្រមាណចន្លោះ ពី៣០-៤០ឆ្នាំ។

តាមសម្តីបុរសឈ្មោះម៉ុក ស៊្រី រស់នៅភូមិកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខ្លួននិងឈ្មោះផន ផាត បានទៅបង់ត្រីនៅចំណុចខាងលើ ពេលទៅដល់ក៏ប្រទះឃើញសាកសពនៅក្នុងប្រឡាយទំនប់៩៤ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ ចុះមកបង្កើតគណកម្មការពិនិត្យ រួមមាន កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក ប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យ បានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពត្រូវបានគេប្រទះឃើញនៅក្នុងប្រឡាយក្រោមដើមត្រស់ ដោយមានកំប្លោក និងលបត្រីគ្របពីលើ។ ចំពោះសភាពសាកសពអត់ពាក់អាវ ស្លៀកខោខូវប៊យជើងវែងពណ៌ខៀវ ស្លៀកលីអូពណ៌ខ្មៅ ស្លាប់ដេកក្បាលទៅទិសខាងត្បូង មានស្នាមបែកនៅលើចិញ្ចើមខាងឆ្វេង ទំហំ៤សម គុណនឹង ២សម មិនដល់ឆ្អឹង មានស្នាមជាំក្រោមថ្គាម ក្រោមទងត្រចៀកបាក់ឆ្អឹងថ្គាម ផ្នែកខាងឆ្វេង បែកឆ្អឹងក្បាលជង្គង់ (បែកអង្គុញ) ខាងស្តាំ ស្នាមមុតដាច់ ស្មើរលើក្បាលជង្គង់ ប៉ះទង្គិចនឹងវត្ថុរឹងមុខមុត (សង្ស័យកាំបិត) សាកសពមានកំពស់១,៦០ម៉ែត្រ កទន់ធម្មតា នៅក្នុងហោប៉ាវអាវ មានប្រាក់ក្រដាស៥០០០រៀល ១សន្លឹក និងក្រដាស៥០០រៀល ចំនួន៣សន្លឹក។

តាមការសន្និដ្ឋានរបស់ផ្នែកជំនាញខេត្ត ស្រុក និងគ្រូពេទ្យ សាកសពជនរងគ្រោះ គឺស្លាប់ដោយសារករណីឃាតកម្ម។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់សពជូនលោកមេឃុំ រកទីតាំងកប់ជាបណ្តោះអាសន្ន រង់ចាំប្រកាសរកសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជាមួយនេះ សមត្ថកិច្ចសូមប្រកាសរកសាច់ញាតិជនរងគ្រោះខាងលើ ប្រសិនបើមានបាត់បងប្អូន ដូចមានភិនភាគខាងលើ សូមធ្វើការទាក់ទងមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង៕

RELATED ARTICLES