Tuesday, October 14, 2025
Homeព័ត៌មានជាតិតួសម្តែងល្ខោនខោល ដេកស្លាប់ក្នុងរោងល្ខោន

តួសម្តែងល្ខោនខោល ដេកស្លាប់ក្នុងរោងល្ខោន

ភ្នំពេញ ៖ បុរសជាតួអង្គសំដែងល្ខោនខោលម្នាក់ ក្រោយពីចូលដំណេកដល់ពាក់កណ្តាលអធ្រាត្រ ក៏ស្រាប់តែកើតមានអាការៈត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នោចំណុចសមាគមសិល្បៈសុវណ្ណភូមិ ស្ថិតនៅផ្ទះលេខ១៦៦ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បុរសរងគ្រោះខាងលើ មានឈ្មោះឈួន សារ៉េត អាយុ៣៩ឆ្នាំ មុខរបរជាងដាប់ស្បែក និងជាតួសម្តែងល្ខោនខោល ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមសម្តីមិត្តភក្តិជនរងគ្រោះម្នាក់ដែលស្នាក់នៅជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ គាត់និងជនរងគ្រោះបាននាំគ្នាចូលដេកជាមួយគ្នាដូចសព្វដង ខណៈមកដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ក៏ស្រាប់តែជនរងគ្រោះបានមានអាការៈដូចជាឡើងស្លេស្ម ត្រដរខ្យល់ខុសប្រក្រតី ដោយឃើញសភាពបែបនេះ គាត់បានស្រែក និងជួយដាស់ជនរងគ្រោះឱ្យភ្ញាក់ដឹងខ្លួន តែជនរងគ្រោះមិនដឹងខ្លួនសោះ ដូច្នេះហើយទើបគាត់បានរត់ចេញមកក្រៅ ស្រែកឱ្យគេជួយ និងហៅរថយន្តសង្គ្រោះឱ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗដែរ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះបានមកស្នាក់នៅក្នុងសមាគមន៍សិល្បៈសុវណ្ណភូមិ នេះ ជាយូរឆ្នាំមកហើយ។ បន្ទាប់ពីដឹងថា ជនរងគ្រោះបានស្លាប់ ពួកគាត់បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យមកពិនិត្យកន្លែងកើតហេតុ ពេលដែលសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ បានសាកសួរពីដំណើររឿងកើតហេតុ និងបានយកខ្សែពទ្ធ័កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យ ឱ្យចុះមកពិនិត្យសព ដើម្បីឱ្យដឹងថាជាករណីអ្វីអោយពិតប្រាកដ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូង សង្ស័យថាជនរងគ្រោះបានស្លាប់ដោយសារកើតមានអាការៈខ្យល់គរ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES