ខេត្តកំពងធំ ៖ ស្ត្រីម្នាក់នេះមានវាសនាអភ័ព្វខុសគេ ត្រូវប្តីស្លាប់ចោលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទុកឱ្យក្លាយជាស្ត្រីមេម៉ាយ ប្រឹងដើរស៊ីឈ្នួលគេទាំងត្រដាបត្រដួស ដើម្បីរកប្រាក់មកចិញ្ចឹមម្តាយជរា ព្រមទាំងកូនស្រី៣នាក់ ដែលសុទ្ធសឹងតែជនពិការ អង្គុយលើតែរទេះរុញមួយកន្លែង ធ្វើឱ្យជីវភាពគ្រួសារ រស់នៅវេទនាតោកយ៉ាកយ៉ាងខ្លាំង។
ស្ត្រីអភ័ព្វរូបនេះ មានឈ្មោះរុន ផុន អាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ។
ស្ត្រីអភ័ព្វ រុន ផុន បានរៀបរាប់ពីទុក្ខលំបាកទាំងអួលដើមកថា គាត់បានរៀបការជាមួយនឹងប្តីឈ្មោះហ៊ឹម សុខ អាយុបងគាត់៥ឆ្នាំ និងបានរួមរស់ជាប្តីប្រពន្ធនឹងគ្នាបង្កើតបានកូនប្រុសស្រីចំនួន៩នាក់ (ប្រុស២ ស្រី៧)។ លុះដល់ឆ្នាំ១៩៨៤ ប្តីរបស់គាត់ ក៏បានឈឺស្លាប់ចោលគាត់បាត់ទៅ បន្សល់ទុកកូន៩នាក់ ឱ្យគាត់មើលថែចិញ្ចឹមតែម្នាក់ឯង ព្រមទាំងមានម្តាយជរាឈ្មោះអៃ មឿន សព្វថ្ងៃអាយុ៨២ឆ្នាំ រស់នៅក្នុងបន្ទុករបស់គាត់ដែរ។ ក្រោយមកកូនប្រុសស្រីរបស់គាត់ចំនួន៧នាក់ បានរៀបការមានប្តីប្រពន្ធរៀងខ្លួនអស់ នៅសល់តែកូនស្រី២នាក់មិនទាន់ការ។ ចំណែកក្នុងចំណោមកូនស្រីទាំង៧របស់គាត់ គឺមានចំនួន៤នាក់ធ្លាក់ខ្លួនមានជម្ងឺទន់ដៃទន់ជើងមើលមិនជា ក៏ធ្លាក់ខ្លួនពិការ ដើរមិនរួចបានតែកិល គូទឡើងជិះរទេះរុញទាំងលំបាក។
ស្ត្រីអភ័ព្វ រុន ផុន បានបន្តថា ក្រោយពីកូនស្រីធ្លាក់ខ្លួនពិការដើរលែងរួចមក ក៏ត្រូវប្តីរបស់ពួកនាងលែងលះ បោះបង់ចោលចំនួន៣នាក់ ធ្វើឱ្យធ្លាក់បន្ទុកមកលើគាត់ជាអ្នកមើលថែចិញ្ចឹម។ តាមពិត កូនស្រីទាំង៤នាក់របស់គាត់ មិនមែនពិបាកតាំងពីកំណើតនោះទេ តែពួកនាងទើបមានជម្ងឺនៅក្នុងអាយុចាប់ពី២៥ឆ្នាំឡើងទៅ ដោយក្នុងនោះ កូនស្រីទី១-មានឈ្មោះសុខ មុំ អាយុ៤១ឆ្នាំ រៀបការរួច មានកូនស្រីម្នាក់ ត្រូវប្តីលែងចោល ទើបតែស្លាប់ប្រហែល១ឆ្នាំមុននេះ ទី២-ឈ្មោះសុខ រ៉ូ អាយុ៣៩ឆ្នាំ រៀបការរួច មានកូនប្រុសស្រី២នាក់ ទី៣-ឈ្មោះសុខ ភឿន អាយុ ៣១ឆ្នាំ រៀបការរួចមានប្រុសម្នាក់ និងទី៤-ឈ្មោះសុខ លីដា អាយុ២៧ឆ្នាំ មិនទាន់រៀបការ។
ស្ត្រីអភ័ព្វរូបនេះ បានបន្ថែមថា តាមពិតកូនស្រីពិការរបស់គាត់ មានចំនួន៤នាក់ ប៉ុន្តែទើបនឹងស្លាប់ម្នាក់ ទើបពេលនេះ នៅសល់៣នាក់ និងម្តាយជរាម្នាក់ទៀត ព្រមទាំងចៅៗប៉ុន្មាននាក់ទៀត។ ដោយសារតែការមើលថែជម្ងឺកូនៗពិការ ម្តាយចាស់ និងចៅៗនេះ ទើបគាត់បានលក់ដីស្រែ គោក្របី យកប្រាក់មកមើលជំងឺកូនៗអស់ ទីបំផុតជំងឺកូនក៏មិនបានធូរស្រាល ចំណែកប្រាក់ក៏អស់ជំពាក់បំនុលគេទៀត ហើយរាល់ថ្ងៃ គាត់ប្រឹងទាំងត្រដាបត្រដួស ដើរស៊ីឈ្នួលគេទាំងឈឺទាំងជា ដើម្បីរកប្រាក់ទិញអង្ករច្រកឆ្នាំង។ ពេលនេះ ដោយសារតែជីវភាពកាន់តែត្រដាបត្រដួសខ្លាំងឡើង ទើបគាត់ដាច់ចិត្តលើកម្រាមដៃ១០ សំពះអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ មេត្តាជួយសង្គ្រោះស្រោចស្រង់ជីវិតក្រុមគ្រួសាររបស់គាត់ផង ព្រោះពេលនេះ គាត់ពិតជាអស់លទ្ធភាពមែន។
លោកសេង សារុំ អនុប្រធានភូមិពាមគ្រែង បានបញ្ជាក់ប្រាប់ថា ជំនួយឧបត្ថម្ភតាមរយៈភូមិឃុំ យូរៗបានអង្ករ២០ទៅ៣០គីឡូជួយដល់ គ្រួសារស្ត្រីអភ័ព្វខាងលើ គ្រាន់បានហូបចុក ហើយបើច្រើនជាងនេះទៀត ឃុំក៏គ្មានលទ្ធភាពជួយដែរ។
ចំណែកលោកប៉ោ ញ៉ច អាយុ៥៨ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅភូមិជិតគ្នា បានឱ្យដឹងថា រាល់ថ្ងៃក្រុមគ្រួសារស្ត្រីអភ័ព្វខាងលើនេះ កុំថាឡើយបានហូបចុកឆ្ងាញ់នឹងគេនោះ ឱ្យតែបានបាយប្រឡាក់ជាមួយសៀង ឬក៏ទឹកស៊ីអ៊ីវ ទឹកត្រីហូបនោះ វាពិសេសសម្រាប់ពួកគាត់ណាស់ទៅហើយ តែពេលខ្លះអត់អង្ករដាំបាយហូប ក៏ដាំបបរនាំគ្នាហុត លុះអ្នកភូមិឃើញពិបាកភ្នែកមើលពេក ក៏ចេះតែនាំគ្នាហុចចំណីឱ្យបន្តិចបន្តួចតាមលទ្ធភាពទៅ តែក៏វាមិនគ្រប់គ្រាន់នោះទេ៕