ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ដែលបានផឹកស៊ីស្រវឹង ផ្ទុះជម្លោះជាមួយនឹងបុរសចំណាស់ម្នាក់ រហូតដល់ទប់ចិត្តមិនបាន ទាញដំបងគប់សំដៅគូទំនាស់ តែបែរជាជ្រុលទៅចំស្ត្រីចំណាស់ប្រពន្ធ បណ្តាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង៥និង១៣នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥៥ ភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿម ស៊ីម មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះដែលត្រូវជនសង្ស័យគប់១ដំបង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះហ៊ិន អែម អាយុ៦០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីហិង្សាទាញដំបងគប់ បណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែងរួចមក ជនសង្ស័យក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។ យ៉ាងណា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ បានកាលពីវេលាម៉ោង៥ និង១៣នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥៥ ភូមិអូរឬសសី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។
ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចភូមិ អូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ដោយប្តីប្រពន្ធវ័យចំណាស់២នាក់ បានពឹងអ្នកភូមិឱ្យមកជួយលើកផ្ទះរបស់ខ្លួន រួចក៏រៀបចំបាយម្ហូបឱ្យអ្នកភូមិហូប ដោយមានដាក់ស្រាឱ្យផឹកផង លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក អ្នកភូមិម្នាក់ ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នាជាមួយបុរសចំណាស់ ជាម្ចាស់ផ្ទះ រហូតដល់ទ្រាំលែងបាន ក៏ទាញដំបងគប់សំដៅតាម្ចាស់ផ្ទះ តែបែរជាចំយាយជាប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្តី បានហៅពឹងឱ្យអ្នកជិតខាងមកជួយលើកផ្ទះរបស់គាត់ ហើយក្នុងនោះក៏មានជនដៃដល់ម្នាក់ផងដែរ ដែលបានមកជួយលើកផ្ទះឱ្យជនរងគ្រោះ។ លុះក្រោយពីលើកផ្ទះរួចរាល់ហើយ ម្ចាស់ផ្ទះ២នាក់ ប្តីប្រពន្ធក៏បានធ្វើម្ហូបទទួលអ្នកភូមិដែលមកជួយ ព្រមទាំងមានការផឹកស៊ីទៀតផង។
ប្រភពដដែលបន្តថា នៅក្នុងវង់ផឹកស៊ីនោះ បុរសចំណាស់ជាម្ចាស់ផ្ទះ ក៏បានចូលរួមផឹកស៊ីនឹងគេដែរ ស្រាប់តែពេលផឹកស្រវឹងរៀងខ្លួន បុរសចំណាស់ជាម្ចាស់ផ្ទះ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាជាមួយួនឹងជនដៃដល់ឈ្មោះសឿម ស៊ីម ហើយភ្លាមនោះ ជនដៃដល់ ក៏បានស្ទុះទៅទាញដំបង គប់សំដៅបុរសចំណាស់ជាម្ចាស់ផ្ទះ ប៉ុន្តែមិនត្រូវ បែរជាដំបងនោះបានហោះទៅចំស្ត្រីចំណាស់រងគ្រោះជាប្រពន្ធម្ចាស់ផ្ទះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង៕