Tuesday, October 14, 2025
Homeព័ត៌មានជាតិស្រលាញ់មិនហ៊ានសារភាព លួចឱបថើប នាងប្តឹងប៉ូលិសចាប់ខ្លួន

ស្រលាញ់មិនហ៊ានសារភាព លួចឱបថើប នាងប្តឹងប៉ូលិសចាប់ខ្លួន

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ឃើញនារីវ័យក្មេងម្នាក់ដើរមកពីធ្វើការ ដល់កន្លែងស្ងាត់ ក៏លបទៅចាប់ឱបថើបទាំងកំរោល ធ្វើឱ្យនារីរងគ្រោះភ័យ ប្រឹងរើបម្រះរួច ក៏រត់ទៅហៅសន្តិសុខ ឱ្យមកជួយចាប់ខ្លួនជនល្មោភកាមប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានលបចាប់ឱបថើបស្រី ក្មេងនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី ផ្លូវលេខ៨ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនឈ្មោះឃាន ឡឹក អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងរោងកម្មករក្នុងបុរីពិភពថ្មី ចំណុចកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ន.ស.ភ អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវលេខ៨ បុរីពិភពថ្មី ស្ថិតក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ រួមនិងប្អូនជីដូនមួយម្នាក់ទៀត បានជិះឡានក្រុងមកពីធ្វើការ លុះមកដល់មុខបុរីពិភពថ្មី ក៏ដើរចូលសំដៅទៅផ្ទះ ស្រាប់តែពេលដើរមកដល់ចំណុច កើតហេតុខាងលើ ក៏លេចមុខជនសង្ស័យបានស្ទុះមកចាប់ឱបថើបនារីរងគ្រោះទាំងកំរោល ធ្វើឱ្យនារីរងគ្រោះភ័យស្លន់ស្លោ ប្រឹងរើបម្រះរហូតរួចខ្លួន និងបានរត់ទៅហៅសន្តិសុខបុរី ឱ្យមកជួយចាប់ឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឱ្យសមត្ថកិច្ច ដើម្បីសាកសួរតែម្តង។

ក្រោយត្រូវបានចាប់ឃាត់ខ្លួន ជនល្មោភកាមខាងលើ បានឆ្លើយដោះសាថា រូបគេបានលួចស្រលាញ់នារីរងគ្រោះខាងលើ តែមិនហ៊ានសារភាព ទើបតែមកដល់ថ្ងៃកើតហេតុ ឃើញឱកាសស្ងាត់ល្អ ក៏លបមកចាប់ឱបថើបឱ្យអស់ក្តីស្រលាញ់ម្តង ដឹងអី ក៏ត្រូវនាងប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES