ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ប្រពន្ធរត់ចោលយូរជូរមាត់ បានល្បួងនាំក្មេងស្រីម្នាក់ អាយុទើបតែ៤ឆ្នាំ យកទៅខ្ទប់មាត់ច្រមុះរំលោភសេពសន្ថវៈ តាមរន្ធគូទរហូតដាច់ខ្យល់ស្លាប់ ហើយញាត់សពក្មេងស្រីរងគ្រោះទាំងអាក្រាតកាយចូលទៅក្នុងពាងទឹកក្នុងបន្ទប់ទឹក។ ប៉ុន្តែ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានព្យាយាមគេចខ្លួនអស់រយៈពេល២ម៉ោង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានយកមកចាត់ការតាមច្បាប់។
ករណីឃាតកម្ម រំលោភសេពសន្ថវៈក្មេងស្រីរហូតដល់ស្លាប់ញាត់សពចូលពាងទឹកនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកក្នុងផ្ទះគ្មានមនុស្សនៅមួយកន្លែង ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។
សពក្មេងស្រីរងគ្រោះខាងលើនោះ មានឈ្មោះ ខ.ស.ច អាយុ៤ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) មានឪពុក ឈ្មោះខា យ៉ី អាយុជាង៣០ឆ្នាំ ម្តាយ ឈ្មោះម៉ា ចាយ អាយុ២៦ឆ្នាំ មានលំនៅក្បែរទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង្វៀន យ៉ាំងយី ហៅអាដំឡូង អាយុជាង៣០ឆ្នាំ មានមុខរបរលក់ដំឡូងចៀន ត្រូវប្រពន្ធរត់ចោលជាយូរមកហើយ សព្វថ្ងៃស្នាក់នៅតែម្នាក់ឯងនៅផ្ទះជាប់ផ្ទះកើតហេតុខាងលើ។
តាមសម្តីបុរសជាឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលមេឃកំពុងបង្អុរធ្លាក់ភ្លៀង កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានចេញទៅរត់លេងទឹកភ្លៀងជាមួយក្មេងដទៃទៀតនៅក្នុងភូមិ។ លុះក្រោយមក ដោយសារតែបាត់កូនស្រីយូរពេក ទើបគាត់ជាឪពុកបានដើរតាមរក តែមិនឃើញកូនស្រីសោះ ឃើញតែក្មេងៗផ្សេងទៀត កំពុងលេងជុំគ្នា លុះគាត់សាកសួរក៏មានក្មេងម្នាក់បានប្រាប់គាត់ថា ឃើញជនសង្ស័យឈ្មោះយ៉ី (ជនសង្ស័យ) បានហៅកូនស្រីគាត់ទៅជួប ហើយក៏មិនឃើញមកវិញទេ។ ភ្លាមនោះ គាត់ក៏បានតាមទៅរកឈ្មោះយ៉ី ដល់លើផ្ទះ តែមិនឃើញជនសង្ស័យនៅលើផ្ទះសោះ ហើយគាត់ក៏បានរកមើលកូនស្រីនៅលើផ្ទះនោះដែរ តែមិនឃើញ ទើបមានអ្នកភូមិម្នាក់បានប្រាប់គាត់ថា គាត់មានលេខទូរស័ព្ទរបស់ជនសង្ស័យ។ ភ្លាមនោះ គាត់ក៏យកទូរស័ព្ទដើម្បីទូរស័ព្ទទៅសួរជនសង្ស័យ ពេលនោះជនសង្ស័យបានប្រាប់ថា គេកំពុងលេងបៀនៅវិហារចាម ទើបគាត់ប្រញាប់តាមទៅរកនៅវិហារចាមភ្លាម តែទៅជិតដល់ ក៏ប្រទះឃើញជនសង្ស័យដើរមកវិញ។ ពេលនោះ គាត់បានសាកសួរថា មានឃើញកូនស្រីគាត់ទេ? ជនសង្ស័យក៏ប្រាប់ថា អត់ដឹងទេ ព្រោះគេរវល់ទៅលេងបៀនៅ វិហារចាម។ ដោយមានការសង្ស័យ គាត់ក៏ទៅមើលដល់វិហារចាមទៀត តែមិនឃើញមានមនុស្សណាម្នាក់នៅទេ ទើបគាត់ដឹងថា ជនសង្ស័យកុហក លុះត្រឡប់មកតាមរកជនសង្ស័យវិញ ក៏ត្រូវជនសង្ស័យរត់គេចខ្លួនបាត់តែម្តង។
បុរសជាឪពុកក្មេងស្រីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់មក គាត់ក៏ប្រកូកប្រកាសហៅអ្នកភូមិឱ្យជួយតាមរកកូនស្រីគាត់ និងថែមទាំងបានចុះរាវរកក្នុងទឹកទៀតផង ព្រោះខ្លាចនាងដើរធ្លាក់ទឹកលង់ស្លាប់ តែរកយ៉ាងណាក៏មិនឃើញ។ ក្រោយមក ដោយមានការសង្ស័យថា កូនស្រីគាត់នៅលើផ្ទះមួយខ្នង ដែលគ្មានមនុស្សនៅ ស្ថិតនៅជាប់ផ្ទះរបស់ជនសង្ស័យ ទើបអ្នកភូមិនាំគ្នាកាត់ផ្តាច់សោចូលទៅរកមើល លុះពេលទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពកូនស្រីរបស់គាត់ ស្ថិតក្នុងសភាពពាក់ អាវអត់មានស្លៀកខោ និងមានប្រឡាក់ឈាមពេញល្វែងក្រោម ត្រូវបានចាប់ញាត់ចូលទៅក្នុងខាប់ (ពាងមួយប្រភេទ មាត់និងបាតមានទំហំស្មើគ្នា) សម្រាប់ដាក់ទឹកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។ ប៉ុន្តែដោយសារតែមិនទាន់អស់ចិត្ត ទើបគាត់ប្រញាប់ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យសម្តេចឪសម្តេចម៉ែ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច ប្រាប់ថា កូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ។
ចំណែកស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ថា ជារៀងរាល់ថ្ងៃ កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) តែងចេញទៅលេងជាមួយក្មេងៗក្នុងភូមិ ហើយនាងតែងដើរទៅហៅកូនត្រឡប់មកវិញ រកកន្លែងដេកពួន។ លុះដល់យប់កើតហេតុ កូនស្រីបានសុំចេញទៅលេងទឹកភ្លៀង លុះទៅបាត់យូរ ធ្វើឱ្យក្រុមគ្រួសារនាងភ័យ ក៏នាំគ្នាដើរតាមរក ដោយហៅអ្នកភូមិឱ្យជួយចុះទឹករាវរកដែរ តែមិនឃើញសោះ។ ក្រោយមក មានក្មេងម្នាក់ប្រាប់ថា ជនសង្ស័យបានហៅកូនស្រីនាងទៅជួប ទើបនាំគ្នាដាក់ការសង្ស័យទៅលើជនសង្ស័យ តែរកជនសង្ស័យមិនឃើញសោះ ក៏សម្រេចទៅមើលនៅលើផ្ទះដែលគ្មានមនុស្សនៅមួយខ្នង ស្ថិតនៅជាប់ផ្ទះរបស់ជនសង្ស័យ ហើយផ្ទះនោះត្រូវម្ចាស់គេ ចាក់សោចោល ប៉ុន្តែមានផ្លូវឆ្លងចូលផ្ទះខាងលើ បានតាមរយៈផ្ទះរបស់ជនសង្ស័យ។ លុះក្រោយពីកាត់ផ្តាច់សោចូលទៅរកមើល ប្តីរបស់នាងបានឡើងទៅរុករកពេញផ្ទះ តែមិនចាប់អារម្មណ៍ចូលទៅមើលក្នុងបន្ទប់ទឹកទេ ទើបប្រាប់ថា រកមិនឃើញ ក៏ចុះមកវិញ។ បន្ទាប់មក ប្អូនរបស់នាងម្នាក់បានឡើងទៅរកមើលម្តង លុះពេលអើតមើលក្នុងបន្ទប់ទឹក ឃើញខាប់ដាក់ទឹក ក៏ប្រទះមានអ្វីនៅក្នុងនោះ តែមិនទាន់ដឹងថា ជាសពកូនស្រីរបស់នាងទេ នឹកស្មានថាជាតុក្កតា ក៏ស្រែកឆោឡោថា មានតុក្កតាធំណាស់នៅក្នុងខាប់ទឹកភ្លាមនោះ ប្តីនាងក៏ស្ទុះឡើងទៅពិនិត្យមើល ទើបដឹងថា មិនមែនជាតុក្កតានោះទេ តែជាសពរបស់កូនស្រី ដែលស្ថិតក្នុងសភាពអាក្រាតកាយល្វែងក្រោម ប្រឡាក់ឈាមពេញ និងមានស្នាមរបួសលើផ្ទៃមុខ និងកទៀតផង ទើបផ្អើលថា កូនស្រីរបស់នាងត្រូវគេចាប់រំលោភសេពសន្ថវៈ រួចសម្លាប់ញាត់ក្នុងខាប់ដាក់ ទឹក ក៏ប្រញាប់ដឹកទៅមន្ទីរពេទ្យ តែអកុសល គ្រូពេទ្យជួយមិនបានឡើយ ដោយសារតែកូនស្រីរបស់នាងបានស្លាប់តាំងពីមិនទាន់បញ្ជូន ទៅដល់មន្ទីរពេទ្យម៉្លេះ។
បន្ទាប់ពីដឹកបញ្ជូនក្មេងស្រីរងគ្រោះមក ដល់មន្ទីរពេទ្យ និងត្រូវគ្រូពេទ្យប្រាប់ថា មិនអាចសង្គ្រោះជីវិតបាននោះ បុរសជាឪពុកក្មេងស្រីរងគ្រោះបានអង្គុយឱបសពកូនស្រីទួញយំ សោកយ៉ាងខ្លាំង។ លុះបន្តិចក្រោយមក ស្ត្រីចំណាស់ជាជីដូនរបស់សពក្មេងស្រីរងគ្រោះដែលស្ថិតក្នុងសភាពចាស់ជរា ដើរពឹងឈើច្រត់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូមកដល់ លុះគ្រាន់តែចុះពីលើម៉ូតូ ក៏ទន់ជង្គង់ ដើរទៅមុខមិនរួច ក៏អង្គុយស្រែកទ្រហោយំសោកបោកខ្លួនសំពះអង្វរសុំឱ្យគ្រូពេទ្យជួយសង្គ្រោះជីវិត ចៅស្រីរបស់គាត់ផង ធ្វើឱ្យបុរសជាឪពុកក្មេងស្រីរងគ្រោះ បានទៅអង្គុយឱបម្តាយទួញយំទាំងពីរនាក់ បង្កើតបានជាទិដ្ឋភាពគួរឱ្យសោកសង្រេង រហូតអ្នកឈរមើលគ្រប់គ្នា ទប់ទឹកភ្នែកមិនជាប់ឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងស្រីរងគ្រោះដល់មន្ទីរពេទ្យ និងបានសន្និដ្ឋានជំហានដំបូងថា ករណីនេះជាករណីរំលោភសេពសន្ថវៈ រួចសម្លាប់បំបិទមាត់។ បន្ទាប់មក សមត្ថកិច្ចក៏ធ្វើការសាកសួរឪពុកម្តាយក្មេងស្រីរងគ្រោះ រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវតាមចាប់ខ្លួនទាំងយប់ ដោយចំណាយពេលប្រមាណជាង២ម៉ោង ទើបចាប់ខ្លួនជនសង្ស័យបាន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ។
តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា បន្ទាប់ពីមានករណីរំលោភសេពសន្ថវៈសម្លាប់កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានបែងចែកជាពីរក្រុម ក្រុមទី១ សហការកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិត តុលាការពិនិត្យសព និងក្រុមទី២ ចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅម្តុំផ្សារច្រាំងចំរេះ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំចំរេះទី២ ខណៈជនសង្ស័យកំពុងព្យាយាមរត់គេចខ្លួនពីសម្ថកិច្ច។
ប្រភពពីសមត្ថកិច្ច បានបន្តថា បន្ទាប់ពី កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត និងតុលាការ ពិនិត្យសពរួច បានបញ្ជាក់ថា ជនសង្ស័យបានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះតាមរន្ធគូទ មិនមែនរំលោភតាមទ្វារមាសទេ រួចច្របាច់កខ្ទប់មាត់និងច្រមុះសម្លាប់តែម្តង។
បើទោះបីយ៉ាងណា ដំបូងជនសង្ស័យមិនបានសារភាពទេ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចធ្វើការសួរចម្លើយតាមជំនាញមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈសម្លាប់ក្មេងស្រីរងគ្រោះប្រាកដមែន ដោយខណៈមេឃកំពុងភ្លៀង ខ្លួនបានលួងលោម និងចាប់ក្មេងស្រីរងគ្រោះឡើងលើផ្ទះ ដែលគ្មានមនុស្សរស់នៅ ហើយធ្វើសកម្មភាពលូកលេងប្រដាប់ភេទក្មេងស្រី ពេលនោះក្មេងស្រីស្រែកយ៉ាងខ្លាំង ទើបគេយកដៃខ្ទបមាត់ និងច្រមុះក្មេងស្រីរងគ្រោះ ហើយរំលោភសេពសន្ថវៈតាមរន្ធគូទរហូតបានសម្រេច ហើយស្រាប់តែក្មេងស្រីរងគ្រោះស្លាប់តែម្តង។
ជនសង្ស័យបានសារភាពទៀតថា បន្ទាប់ពីដឹងថាក្មេងស្រីស្លាប់ហើយ គេបានយកសពក្មេងស្រីយកទៅដាក់ចូលក្នុងកូនពាងគ្មានទឹក រួចយកសំបកបាវអង្ករ និងសង្ក័សីគ្របពីលើ ហើយខ្ទាស់គន្លឹះ ទ្វារខាងក្នុង រួចលូនចុះតាមចន្លោះប្រហោងផ្ទះដែលនៅជាប់គ្នានោះ ចូលមកផ្ទះ ខ្លួនឯងវិញតែម្តង។ ក្រោយមកពេល គេផ្អើលឆោឡោរកក្មេងនោះ ខ្លួនក៏រត់ទៅពួន ក្នុងទឹកទន្លេក្បែរនោះ ប្រហែល៣ម៉ោង ទើបឡើងមកវិញ ដើរដល់ជិតផ្សារច្រាំងចំរេះ ក៏ត្រូវប៉ូលិសចាប់តែម្តង។
សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត។
ដោយឡែក ជនសង្ស័យល្មោភកាមដែល រំលោភសេពសន្ថវៈសម្លាប់ក្មេងស្រី ញាត់ចូលពាងទឹកនោះ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធី៕