ខេត្តកំពង់ចាម ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ នៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកអស់រយៈពេល១សប្តាហ៍ តែមិនមានដំណឹងទាល់តែសោះ ទើបសម្រេចចិត្តរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
យុវតីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះហ៊ន ស្រីធា អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិតាសង ឃុំស្រង៉ែ ស្រុកព្រៃឈរ។ យុវតីខាងលើ បានចេញបាត់ពីផ្ទះ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ យុវតីខាងលើ បានចេញពីផ្ទះបាត់ ដោយមិនបានប្រាប់អ្នកណាម្នាក់ថានាងទៅណានោះទេ។ លុះក្រោយមក ដោយសារតែមិនឃើញកូនស្រីរូបនេះ ត្រឡប់មកផ្ទះវិញ ទើបធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ចែកផ្លូវគ្នាដើរតាមស្វែងរក តែមិនឃើញសោះ មិនដឹងទៅដល់ណាជាមួយអ្នកណាឡើយ។
ប្រភពដដែលបន្តថា ក្រោយពីដើរកយុវតីខាងលើអស់ចិត្តអស់ចង់រួចមក ឃើញថា មិនទទួលបានតម្រុយអ្វីទាំងអស់ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរក។ ជាមួយនេះ ក្រុមគ្រួសារសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ប្រសិនជាបានឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទ លេខ ០៧០ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕