ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ ត្រូវបានបុរសកំហូចម្នាក់លួងលោមប្រលោមសុំស្នេហ៍រហូតដល់ទន់ចិត្ត ក៏បបួលទៅផឹកស៊ីបង្អកស្រារហូតដល់ស្រវឹង ក៏ចាប់រំលោភរហូតដល់បានសម្រេចជាបន្តបន្ទាប់ចំនួន២ដង និងថែមទាំងបានលួងលោមសុំខ្ចីលុយខាងស្រីចំនួន៣ពាន់ដុល្លារទៀត ទីបំផុត ប្រុសព្រានក៏រត់គេចខ្លួនបាត់ ទុកឱ្យស្ត្រីមេម៉ាយលង់ទាំងខ្លួន ផុងទាំងចិត្ត អស់ទាំងលុយកាក់ កើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍។
ករណីស្ត្រីមេម៉ាយលង់ខ្លួនជាមួយប្រុសព្រាន រហូតផុងទាំងខ្លួន អស់ទាំងលុយកាក់នេះ បានបែកធ្លាយឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលស្ត្រីរងគ្រោះបានរត់មករកអន្តរាគមន៍ពីអាជ្ញាធរសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីមេម៉ាយរងគ្រោះ ខកទាំងស្នេហ៍ លង់ទាំងខ្លួន អស់ទាំងលុយ ដោយសារតែជឿលង់សម្តីប្រុសព្រាននេះ មានឈ្មោះអ.ន អាយុ៣២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកភាគីខាងប្រុសស្នេហ៍ហេងស៊យនោះ ត្រូវបានស្ត្រីរងគ្រោះ បញ្ជាក់ប្រាប់ថា មានឈ្មោះគឹម ហុង អាយុ៣៨ឆ្នាំ ស្នាក់នៅក្រោយរោងកុនលុច្យ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងធ្លាប់មានប្តីម្តងរួចមកហើយ និងថែមទាំងមានកូនស្រីម្នាក់ទៀតផង សព្វថ្ងៃរស់នៅជាមួយជីដូនឯស្រុកកំណើត។ ក្រោយមក ដោយសារតែរួមរស់មិនសូវចុះសម្រុងនឹងគ្នា ទើបនាងនិងប្តីបានសម្រេចចិត្តលែងលះចែកផ្លូវគ្នាដើររៀងខ្លួន ហើយនាងក៏ចាកចេញមកភ្នំពេញ ដើម្បីរកការងារធ្វើរកប្រាក់ផ្ញើទៅចិញ្ចឹមកូនស្រី។
ស្ត្រីរងគ្រោះ បន្តថា បន្ទាប់ពីមកធ្វើការរោងចក្រនៅភ្នំពេញ នាងបានស្គាល់បុរសឈ្មោះគឹម ហុង តាមរយៈមិត្តភក្តិម្នាក់ លុះបន្ទាប់ពីរាប់អានគ្នាបានមួយួរយៈ ខាងប្រុសដែលអួតខ្លួនថានៅកម្លោះ ក៏ចាប់ផ្តើមលួងលោមសុំស្នេហ៍នាង រហូតដល់នាងទន់ចិត្ត ព្រមទទួលយកការស្រលាញ់ពីបុរសខាងលើ ដោយមិនដឹងថា ការពិតគ្រាន់តែជាល្បិចបោកប្រាស់របស់ប្រុសព្រានសោះ។
ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់មក នៅថ្ងៃមួយ ប្រុសស្នេហ៍ហេងស៊យរូបនេះ បានបបួលនាង រួមនឹងមិត្តភក្តិក្បែរខាងជុំគ្នាផឹកស៊ី រហូតដល់នាងស្រវឹងលែងដឹងខ្លួន ចំណែកមិត្តភក្តិចាកចេញទៅវិញអស់ ក៏ស្រាប់តែបុរសខាងលើបានឆ្លៀតឱកាសបង្ខំចាប់នាងរួមភេទរហូតបានសម្រេចតែម្តង។ បន្ទាប់មក ដោយឃើញនាងស្រវឹងទន់ខ្លួននៅឡើយ ទើបខាងប្រុសបានលូកយកលុយចំនួន២០០ដុល្លារ និងកាត់យកកងដៃរបស់នាង ២កង ដោយប្រាប់ថាគេទុកឱ្យ ហើយក៏ចាកចេញទៅបាត់។ លុះដល់ថ្ងៃក្រោយមកទៀត បុរសខាងលើបានទូរស័ព្ទណាត់ជួប ប្រាប់ថាឱ្យទៅយកលុយវិញ ដោយប្រើល្បិចឱ្យនាងទៅយកនៅផ្ទះសំណាក់ ម្តុំផ្លូវវេងស្រេង លុះនាងទៅដល់ បុរសនោះបាននិយាយថា បើចង់បានលុយ ត្រូវឡើងទៅដេកផ្ទះសំណាក់សិន ទើបគេប្រគល់លុយឱ្យវិញ។ ពេលនោះនាងខំទុកចិត្តនឹកស្មានតែគេឱ្យលុយមែន ក៏យល់ព្រមរួមភេទជាមួយគេជាលើកទី២ ស្រាប់តែរួមភេទឆ្អែតឆ្អន់ បុរសនោះក៏បានលួចទាំងលុយរបស់នាងចំនួន១៥០០ដុល្លារទៀត ដែលលុយនេះនាងទើបដេញតុងទីនបាន។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា បន្ទាប់មកទៀត ប្រុសស្នេហ៍ហេងស៊យរូបនេះ បានប្តូរល្បិចលួងលោមនាងថា មុននឹងក្រោយ ពួកយើងនឹងក្លាយជាប្តីប្រពន្ធគ្នាទៅហើយ ហេតុនេះគេសុំខ្ចីលុយថែម១៥០០ដុល្លារទៀត យកទៅប្រើការសិនមក ចាំគេធានាសងវិញឱ្យអស់មុនចូលរោងការ។ គ្រាន់តែស្តាប់សម្តីនេះចប់ ធ្វើឱ្យនាងទន់ចិត្ត ក៏ប្រមូលលុយចំនួន១៥០០ដុល្លារ ទៅឱ្យប្រុសស្នេហ៍ខ្ចីថែមទៀត ដែលសរុបទាំងមុនទាំងក្រោយ មានចំនួនជាង៣ពាន់ដុល្លារឯណោះ។ តាំងពីបានលុយមក ប្រុសស្នេហ៍ចេះតែសន្យាជាមួយនាងម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ទើបនាងទទួលបានដំណឹងថា តាមពិតប្រុសស្នេហ៍ហេងស៊យរូបនោះ មានប្រពន្ធរួចទៅហើយ ទើបធ្វើឱ្យនាងភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ ដោយសារតែចាញ់ល្បិចប្រុសព្រាន អស់ទាំងខ្លួន អស់ទាំងលុយ។
ដោយសារតែកើតទុក្ខមិនសុខចិត្ត ជាមួយនឹងទង្វើបោកប្រាស់របស់ប្រុសព្រានខាងលើ ទើបស្ត្រីមេម៉ាយជាជនរងគ្រោះ បានសម្រេចរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច និងអាជ្ញាធរសង្កាត់កាកាបទី២ ឱ្យជួយអន្តរាគមន៍ តាមវែកមុខប្រុសព្រានខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕