Tuesday, October 14, 2025
Homeព័ត៌មានជាតិប្តីចេះក្បាច់គុន ទុកប្រពន្ធដូចបាវសាក់

ប្តីចេះក្បាច់គុន ទុកប្រពន្ធដូចបាវសាក់

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់បានរៀបរាប់ពីទុក្ខសោកក្នុងជីវិតរបស់ខ្លួន ត្បិតប៉ះប្តីជាមនុស្សចេះប្រដាល់ ចេះក្បាច់គុន និងមានចរិតកោងកាច ខិលខូចមានស្រីញីក្រៅផ្ទះរាប់មិនអស់ និងថែមទាំងចូលចិត្តប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធកូនសឹងរាល់ថ្ងៃ ទីបំផុត គ្រាន់តែកើតមានជម្លោះនឹងគ្នាតិចតួច ស្រាប់តែប្តីកំណាចប្រើក្បាច់គុនរបស់ខ្លួនកាប់ប្រពន្ធដាច់ដៃ ព្រមទាំងស្ទុះទៅវាយម្តាយក្មេកដែលចូលមកឃាត់ បណ្តាលឱ្យរងរបួសថែមទៀត។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ ត្រូវបានស្ត្រីរងគ្រោះជាប្រពន្ធបញ្ជាក់ថា បានកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

ស្ត្រីរងគ្រោះជាប្រពន្ធ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា​ មានឈ្មោះធីតា និងមានគណនីហ្វេសប៊ុកឈ្មោះ Thida Stylenails។

យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ Thida Stylenails កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “លើកនេះចប់ហើយ អត់ឱនលែងបានហើយ ចេះប្រដាល់ ចេះក្បាច់គុន យកមកប្រើតែក្នុងគ្រួសារ វាយប្រពន្ធបាក់ដៃ វាយម្តាយក្មេក វាយប្អូនៗ ចាប់មិនឈ្នះ ប៉ូលិសមកដល់ទើបឈប់ ពិតជាសាហាវណាស់ តើត្រូវគិតយ៉ាងណាបើជួបលើគ្រួសារអ្នក អយុត្តិធម៌ណាស់សម្រាប់រូបខ្ញុំ រកប្រាក់ចិញ្ចឹមកូនដោយខ្លួនឯង គេមិនសូវខ្វល់ ហើយត្រូវមិនត្រូវ គេវាយដំ ដាល់ដូចបាវសាក់ទៀត ពិតជារស់គ្មានកិត្តិយសមែន…”។

បន្ទាប់មក ម្ចាស់គណនី Thida Stylenails ក៏បានបង្ហោះនូវរូបភាពចំនួន៧សន្លឹក រួមនឹងវីដេអូឃ្លីបមួយ បង្ហាញពីស្នាមរបួសរបស់ខ្លួន ដែលត្រូវប្តីវាយដំយ៉ាងចាស់ដៃ ព្រមទាំងបង្ហោះសារមួយបន្ថែមទៀតថា “ដៃខ្ញុំខូចហើយ ខ្ញុំធ្វើអីខុស បានជាធ្វើបាបខ្ញុំដល់ថ្នាក់នេះ បើឈប់ស្រលាញ់ហើយ និយាយមួយម៉ាត់មក មិនចាំបាច់ធ្វើដាក់ខ្ញុំយ៉ាងនេះ ហើយបើគ្រាន់បើចេញមកនិយាយគ្នាមក មិនចាំបាច់ប្លុកហ្វេសប៊ុកខ្ញុំទេ ចេញចរឹកមក គឺស្អប់ប្រពន្ធកូនដល់ថ្នាក់នេះ ស្រីនោះវាល្អជាងប្រពន្ធកូនប៉ុណ្ណាទៅ បានដាច់ចិត្តម៉្លេះ មានមិត្តណាហ្វ្រេនជាមួយប្តីខ្ញុំខ្លះ ជួយស៊ែរម្នាក់មួយមក ឱ្យគាត់បានឃើញផង ពីទង្វើកាចសាហាវនេះ…”។

ម្ចាស់គណនីខាងលើ បន្តថា “សមចិត្តហើយ ប្តីដែលធ្វើឱ្យគ្រួសារតូចមួយនេះ មិនដែលមានក្តីសុខ បែកបាក់ខ្ចាត់ខ្ចាយអស់ មុខរបរក៏លែងមាន ទុក្ខជាន់លើទុក្ខ ដៃក៏បាក់ធ្វើអីមិនកើត កន្លែងរកស៊ីក៏ម្ចាស់គេយកវិញ ថ្ងៃក្រោយទីពឹងអីទៅកូន…” “មនុស្សសម្តីពីរោះ មិនប្រាកថាល្អ ដូចសម្តីទេ (ឆ្អែតនិយាយមិនចេញ)…”។

ក្រោយពីស្ត្រីជាប្រពន្ធបង្ហោះសារទុក្ខសោកខាងលើរួចមក គេឃើញមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បនាផ្តល់ជាយោបល់ឱ្យស្ត្រីរងគ្រោះរូបនេះ ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបុរសជាប្តីកំណាចយកទៅចាត់ការតាមច្បាប់ ប៉ុន្តែត្រូវស្ត្រីរងគ្រោះឆ្លើយតបមកវិញថា “គេចាប់ហើយ តែខ្ញុំឱ្យគេលេងវិញ ព្រោះមិនចង់ឃើញគេជាប់គុគ គិតថាខុសខ្លួនឯងទៅចុះ…”។

ជុំវិញរឿងរ៉ាវហិង្សាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី បាននៅឡើយទេកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES