ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ ក្រោយពីមើលរឿងសិចក្នុងទូរស័ព្ទជាញឹកញាប់ ក៏កើតមានអារម្មណ៍តណ្ហា លុះឃើញឱកាសល្អ ក្មួយស្រីបង្កើតអាយុ១១ឆ្នាំម្នាក់ នៅចាំផ្ទះតែម្នាក់ឯង ក៏បែកគំនិតចាប់ក្មួយស្រីរំលោភរហូតដល់បានសម្រេច លុះក្មេងស្រីរងគ្រោះរៀបរាប់រឿងរ៉ាវឱ្យម្តាយបានដឹង ក៏ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមនាំយកទៅចាត់ការតាមច្បាប់។
ក្មេងស្ទាវល្មោភកាមដែលចាប់រំលោភក្មួយស្រីបង្កើតខ្លួនឯងខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈៀង រស់ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឈ.ឆ អាយុ១១ឆ្នាំ មុខរបរសិស្ស។ រវាងជនសង្ស័យ និងក្មេងស្រីរងគ្រោះ ត្រូវជាពូក្មួយបង្កើតនឹងគ្នា និងរស់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចស្រុកសង្កែ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយអនុវត្តតាមបញ្ជាលោកព្រះរាជអាជ្ញា នួន សាន ពីបទរំលោភសេពសន្ថវៈ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ខណៈដែលក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ចំណែកឪពុកម្តាយរវល់ចេញទៅធ្វើការងារអស់ ស្រាប់តែជនសង្ស័យដែលត្រូវជាពូបង្កើតរបស់ក្មេងស្រីរងគ្រោះ បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីរបស់ខ្លួនរហូតដល់បានសម្រេចតែម្តង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគំរាមក្មេងស្រីរងគ្រោះមិនឱ្យនិយាយរឿងនេះប្រាប់អ្នកណាម្នាក់ដាច់ខាត។ លុះពេលឪពុកម្តាយត្រឡប់មកផ្ទះវិញ ក្មេងស្រីរងគ្រោះបានរៀបរាប់រឿងដែលត្រូវជនសង្ស័យចាប់រំលោភប្រាប់ឪពុកម្តាយគ្មានសល់ ទើបធ្វើឱ្យឪពុកម្តាយក្មេងស្រីរងគ្រោះផ្ទុះកំហឹង ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមឈ្មោះឈៀង រស់ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើក្មួយស្រីបង្កើតរបស់ខ្លួនប្រាកដមែន។ មូលហេតុដោយសារតែរូបគេធ្លាប់មើលរឿងសិចតាមទូរស័ព្ទញឹកញាប់ពេក ទើបចង់អនុវត្តតាមក៏បែកគំនិតប្រព្រឹត្តអំពើបែបនេះលើក្មួយស្រីបង្កើតតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕