Tuesday, October 14, 2025
Homeព័ត៌មានជាតិលោកយិន សារិន ម្ចាស់បទ “ជីវិតក្មេងវត្ត” ទទួលមរណភាព

លោកយិន សារិន ម្ចាស់បទ “ជីវិតក្មេងវត្ត” ទទួលមរណភាព

ភ្នំពេញ ៖ សិល្បករជើងចាស់ លោកគ្រូ យិន សារិន និងជាម្ចាស់បទ “ជីវិតក្មេងវត្ត” ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនឆ្នាំមកហើយ បានទទួលមរណភាពកាលពីរសៀលថ្ងៃទី៣១  ខែឧសភា ឆ្នាំ២០១៨ នៅឯលំនៅឋានផ្ទាល់ខ្លួនរបស់លោក ស្ថិតក្នុងបុរីប៉េងហួត ព្រែកលៀប។

យោងតាមទំព័រហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារមួយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ថា “ដំណឹងដ៏សែនក្រៀមក្រំ ដែលអាត្មាភាពទទួលបានថា ញោម យិន សារិន សិល្បករជើងចាស់ ម្ចាស់បទ “ជីវិតក្មេងវត្ត” ពេលវេលានេះញោមបានទទួលមរណភាពហើយ អាត្មាភាពពិតជាក្តុកក្តួលក្នុងចិត្តខ្លាំងណាស់ សូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនៃគ្រួសារសព សូមវិញ្ញាណក្ខន្ធញោមផុតទុក្ខសោកទាំងឡាយ ឆ្ពោះទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ! រូបំ ទុក្ខំ អនត្តា មានរូប មានទុក្ខ កើត ចាស់ ឈឺស្លាប់ ជាច្បាប់ធម្មជាតិ គ្មានអ្នកណាម្នាក់គេចផុតនោះទេ! គ្រាន់តែមុននឹងក្រោយប៉ុណ្ណោះ!…”។

ដោយឡែក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ទើបនឹងបង្ហោះសារមួយ បង្ហាញពីស្ថានភាពសុខភាពរបស់លោកគ្រូយិន សារិន ថា “ថ្ងៃនេះ ខ្ញុំព្រះករុណាអាត្មាភាពបាននិមន្តមកសួរ សុខទុក្ខញោម យិន សារិន ដែលជាសិល្បករជើងចាស់ និងជាម្ចាស់បទ “ជីវិតក្មេងវត្ត” ដែលពេលនេះមិនដូចមុននោះទេ ពេលវេលាមិន អនុគ្រោះយើងឡើយ ញោមបានធ្លាក់ខ្លួនឈឺ សម្រាកនៅកន្ទេល អាត្មាភាពមានអារម្មណ៍ក្តុកក្តួលនឹកឃើញអនុស្សាវរីយ៍ចាស់ៗជាច្រើន  ដែលធ្លាប់ស្តាប់សំនៀងញោម។ ញោមតែងតែមកច្រៀងថ្វាយបារមីនៅកុដិអាត្មាភាព (វត្តនាគវ័ន កុដិ២៤) ស្នាមញញឹម នៅពេលញោមច្រៀង គឺធ្វើឱ្យញាតិញោម រួមទាំងអាត្មាភាពចងចាំមិនភ្លេចឡើយ…”។ ស្រាប់តែអកុសល មកដល់រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ លោកគ្រូ យិន សារិន ក៏បានទទួលមរណភាពតែម្តង។

គួរបញ្ជាក់ថា លោកគ្រូ យិន សារិន ត្រូវ បានមហាជនជាច្រើនស្គាល់តាមរយៈបទចម្រៀង “ជីវិតក្មេងវត្ត” ដែលជាស្នាដៃនិពន្ធផ្ទាល់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយស្ថានភាពធ្ងន់លោកបានធ្លាក់ខ្លួនឈឺជម្ងឺជាច្រើនមុខ ដូចជា ទឹកនោមផ្អែម ក្រពះ ពោះវៀន ពុកឆ្អឹង ជាដើម៕

RELATED ARTICLES