Tuesday, October 14, 2025
Homeព័ត៌មានជាតិតូចចិត្តក្នុងជីវិត ស្រីអត់ស្រលាញ់ សម្រេចចិត្តបញ្ចប់ជីវិត

តូចចិត្តក្នុងជីវិត ស្រីអត់ស្រលាញ់ សម្រេចចិត្តបញ្ចប់ជីវិត

ខេត្តកំពង់ចាម ៖ បុរសម្នាក់មានវ័យ30ឆ្នាំទៅហើយ ប៉ុន្តែមិនធ្លាប់ឆ្លងកាត់ស្នេហាទាល់តែសោះ លុះនឹកចង់មានដៃគូស្នេហានឹងគេដែរ តែទាស់អត់មានស្រីស្រលាញ់ ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើ់លឡើង កាលពីវេលាម៉ោង5ទៀបភ្លឺ ថ្ងៃទី31 ខែឧសភា ឆ្នាំ2018 នៅចំណុចដើមស្វាយខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។

បុរសគំនិតខ្លីដែលតូចចិត្តរឿងគ្មានសង្សារនឹងគេ បែរជាដាច់ចិត្តចងកសម្លាប់ខ្លួននោះ មានឈ្មោះជួន មាស អាយុ30ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ តាំងពីពេញវ័យកំលោះរហូតឈានចូលដល់វ័យ30ឆ្នាំទៅហើយ មិនធ្លាប់មានស្នេហា ឬមានសង្សារអ្វីនឹងគេសោះ ព្រោះតែស្រីៗក្នុងភូមិចេះតែមើលរំលង ដោយសារឃើញជនរងគ្រោះមិនមានមុខរបរអ្វីច្បាស់លាស់ និងចេះតែផឹកស្រាស្រវឹងអួទីនួសឹងរាល់ថ្ងៃ ទើបគ្មានអ្នកបេតី ជាហេតុធ្វើឱ្យជនរងគ្រោះដែលចង់បានសង្សារ មកថ្នមថ្នាក់ប្រលែងលេងនឹងគេ តូចចិត្តតូចថ្លើម ក៏សម្រេចចិត្តគិតខ្លីបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង9យប់ ថ្ងៃទី30 ខែ ឧសភា ឆ្នាំ2018 ក្រោយពីផឹកស្រាស្រវឹងជោក ជនរងគ្រោះបានចូលមកដេកនៅលើគ្រែក្រោមផ្ទះ ក្បែរឪពុកបង្កើតឈ្មោះជួន រ៉ា អាយុ70ឆ្នាំ និងចេះតែរអ៊ូង៉ូវៗម្នាក់ឯងថា តូចចិត្តណាស់ កើតមកជាតិនេះ អត់មានសង្សារ នឹងគេហេតុអ្វីកំលោះចាស់ អាយុ30ឆ្នាំទៅហើយ មិនមានស្រីស្រលាញ់សោះ។ យ៉ាងណា បុរសជាឪពុកក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ រហូតមកដល់វេលាម៉ោង1រំលងអធ្រាត្រ ឈានចូលថ្ងៃទី31 ខែឧសភា ឆ្នាំ2018 ជនរងគ្រោះក៏ក្រោកចេញពីគ្រែដេក ទៅបាត់មិនដឹងទៅណា។ ស្រាប់តែមកដល់ម៉ោង5ទៀបភ្លឺ ថ្ងៃទី31 ខែឧសភា ឆ្នាំ2018 បុរសជាឪពុកភ្ញាក់ពីដំណេក ក៏ប្រទះឃើញកូនប្រុសចងក សម្លាប់ខ្លួននៅនឹងដើមស្វាយខាងមុខផ្ទះចម្ងាយពីផ្ទះ20ម៉ែត្រ ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅផ្នែកកខាងមុខមានស្នាមទ្រុឌ ដោយខ្សែអង្រឹងប្រវែង20សង់ទីម៉ែត្រ ចាប់ពីក្រោមទងត្រចៀកខាងឆ្វេងដល់ក្រោមទងត្រចៀកស្តាំ ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទេ។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតពិតមែន ដោយប្រើខ្សែអង្រឹងចងកភ្ជាប់នឹងមែកស្វាយខាងមុខផ្ទះ។

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES