Tuesday, October 14, 2025
Homeព័ត៌មានជាតិដើរដល់កន្លែងស្ងាត់ ប្រុសចាប់រំលោភ ស្រីអូសកឥ្យសមត្ថកិច្ច

ដើរដល់កន្លែងស្ងាត់ ប្រុសចាប់រំលោភ ស្រីអូសកឥ្យសមត្ថកិច្ច

ភ្នំពេញ ៖ បុរសល្មោភកាមឃើញស្ត្រីម្នាក់ ទើបនឹងចេញពីធ្វើការងាររោងចក្រនៅពេលយប់ ដើរមកផ្ទះវិញតែម្នាក់ឯង ក៏ធ្វើសកម្មភាពស្ទាក់ផ្លូវប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែមិនសម្រេច បែរជាត្រូវស្ត្រីរងគ្រោះចាប់អូសកយកមកប្រគល់ឱ្យកម្លាំងអាវុធហត្ថ នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង8យប់ ថ្ងៃទី29 ខែឧសភា ឆ្នាំ2018 នៅតាមផ្លូវក្នុងភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ជនសង្ស័យដែលប៉ុនប៉ងរំលោភសេពសន្ថវៈស្រីមិនសម្រេច បែរជាត្រូវគេចាប់មកប្រគល់ឱ្យសមត្ថកិច្ចនេះ មានឈ្មោះសេក ឆវ័ន្ត អាយុ36ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រួច ឃុំព្រៃព្រួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ គ.ស.ខ អាយុ36ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើទើបនឹងចេញមកពីធ្វើការរោងចក្រថែមម៉ោង រួចក៏ដើរតាមផ្លូវបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលដើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចស្ងាត់ ក៏លេចមុខជនសង្ស័យខាងលើ បើកម៉ូតូមកឈប់ក្បែរ រួចក៏ចុះមកចាប់អូសដៃប៉ុនប៉ងរំលោភសេពសន្ថវៈស្ត្រីរងគ្រោះទាំងកំរោលតែម្តង តែភ្លាមនោះ ស្ត្រីរងគ្រោះបានប្រឹងរើបម្រះរួច ក៏ស្រែកឆោឡោ គាប់ជួនមានអ្នកដំណើរមកទាន់ ប្រទះឃើញ ក៏នាំគ្នាចាប់ក្របួចជនសង្ស័យជាប់នាំយកទៅ ប្រគល់ឱ្យកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ តែម្តង។

មន្ត្រីអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ ស្ត្រីរងគ្រោះបាននាំជនសង្ស័យមក ប្រគល់ឱ្យកម្លាំងអាវុធហត្ថ និងបានដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងដែលចាប់យកពីជនសង្ស័យ រួមមាន ម៉ូតូ1គ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-5470 និងទូរស័ព្ទ1គ្រឿង ម៉ាកណូគាចុចពិល ពណ៌ស។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

RELATED ARTICLES