Tuesday, October 14, 2025
Homeព័ត៌មានជាតិកើតបានប៉ុន្មានម៉ោងប៉ុណ្ណោះ អ្នករើសអេតចាយឃើញក្នុងគំនរសំរាម

កើតបានប៉ុន្មានម៉ោងប៉ុណ្ណោះ អ្នករើសអេតចាយឃើញក្នុងគំនរសំរាម

ភ្នំពេញ ៖ ទារិកាទើបនឹងកើតម្នាក់ ត្រូវម្តាយចិត្តអប្រិយច្រកក្នុងថង់ពណ៌ខ្មៅធំមួយ រួចយកទៅបំបរបង់ចោលលើគំនរសំរាម តែសំណាងល្អ ត្រូវបានអ្នកដើររើសអេតចាយម្នាក់បានប្រទះឃើញ ក៏ជួយសង្គ្រោះទាន់ពេល និងប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។

ករណីប្រទះឃើញទារិកាទើបនឹងកើត ត្រូវគេច្រកក្នុងថង់យកទៅបំបរបង់ចោលលើគំនរសំរាមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគំនរសំរាមមួយកន្លែង ជាប់នឹងរបងអគ្គិសនីទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ទារិកាអភ័ព្វដែលត្រូវម្តាយបំបរបង់ចោលដូចសត្វធាតុនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភេទស្រី ទើបនឹងកើតរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ និងចេះតែស្រែកយំដោយក្តីស្រេកឃ្លាន មើលទៅគួរឱ្យសង្វេគបំផុត។

តាមសម្តីបុរសជាអ្នករើសអេតចាយម្នាក់ ដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើររើសសំរាមដូចសព្វដង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គាត់ក៏បានដើរមកកាយសំរាមនៅចំណុចគំនរសំរាមជាប់របងអគ្គិសនីទួលសង្កែ ស្រាប់តែឮសំឡេងក្មេងតូចយំង៉ាៗ ទើបគាត់នឹកឆ្ងល់ ក៏កាយរកមើល ស្រាប់តែស្តាប់ឮចេញពីថង់ពណ៌ខ្មៅធំមួយ។ ភ្លាមនោះ គាត់ក៏ប្រញាប់ស្រាយមាត់ថង់មើល ស្រាប់តែប្រទះឃើញទារិកាទើបនឹងកើតម្នាក់ ត្រូវគេរុំដោយសារុងពណ៌លឿង លាយក្បាច់ផ្កាចម្រុះ នៅក្នុងថង់គួរឱ្យសង្វេគ ទើបគាត់បានស្រែកឆោឡោឡើង ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ បុរសជាអ្នករើសអេតចាយ រួមនឹងបុរសជាអ្នករត់កង់បីម្នាក់ បានដឹកទារិកាអភ័ព្វរូបនោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយពិនិត្យមើលសុខភាព បន្ទាប់មក ក៏ទាក់ទងទៅវិទ្យុអេប៊ីស៊ី ឱ្យមកទទួលយកទៅមើលថែជាបណ្តោះអាសន្នសិន។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ បានលើកឡើងដូចៗគ្នាថា ទារិកាខាងលើនេះ ទំនងជាទើបនឹងសម្រាលបានប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែត្រូវម្តាយចិត្តអប្រិយច្រកក្នុងថង់ យកមកប្លុងចោលក្នុងគំនរសំរាមបែបនេះតែម្តង។ ជាមួយនេះ មានការរិះគន់ស្តីបន្ទោសចំពោះស្ត្រីជាម្តាយទារិការូបនេះយ៉ាងខ្លាំងថា ជាមនុស្សគ្មានព្រហ្មវិហារធម៌ក្នុងខ្លួនបន្តិចណាសោះ ព្រោះបើមានទឹកចិត្តជាម្តាយ មិនអាចធ្វើទង្វើដ៏ឃោរឃៅ ច្រកកូនស្រីក្នុងថង់ យកមកបោះចោលលើគំនរសំរាមដូចសត្វធាតុបែបនេះឡើយ ហើយប្រសិនបើគ្មានលទ្ធភាពចិញ្ចឹម គួរណាស់តែប្រកាសស្វែងរកអ្នកមានលទ្ធភាព និងចង់បានកូនយកទៅចិញ្ចឹមបីបាច់ទៅចុះ មិនគួរដាច់ចិត្តប្រព្រឹត្តទង្វើព្រៃផ្សៃបែបនេះទេ៕

RELATED ARTICLES