Friday, March 29, 2024
Homeព័ត៌មានជាតិនៅក្បែរបន្ទាយទាហាន ក៏បាញ់ដែរ ឲ្យតែមានឱកាស

នៅក្បែរបន្ទាយទាហាន ក៏បាញ់ដែរ ឲ្យតែមានឱកាស

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងចេញពីធ្វើការនៅវេលាពាក់កណ្តាលអធ្រាត្រ ក៏ជិះម៉ូតូធុនធំមួយគ្រឿង បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពកៀរឱ្យឈប់ រួចដកកាំភ្លើងភ្ជង់គំរាម និងបាញ់សំដៅ១គ្រាប់ តែសំណាងល្អមិនត្រូវ រួចក៏ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ករណីប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០០៤ កែងនឹងផ្លូវចូលវត្តអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវចោរបាញ់១គ្រាប់ ប្លន់ម៉ូតូទៅបាត់នោះ មានឈ្មោះចន ដារ៉ូ អាយុ២៥ឆ្នាំ មុខរបរជាអ្នកគិតលុយនៅហាងមួយកន្លែង។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅ ម៉ាក DUK (DUKE) ពណ៌ស បិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV-2222។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេទើបនឹងចេញពីធ្វើការនៅហាងលក់បាយមួយកន្លែងក្បែរ​បន្ទាយទាហាន៩៩ រួចក៏ជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញទាំងយប់។ បន្ទាប់មក រូបគេបានជិះម៉ូតូមកតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ បានជិះតាមមកពីក្រោយ រួចក៏ព្យាយាមកៀរម៉ូតូរបគេឱ្យឈប់ បន្ទាប់មកក៏ធ្វើសកម្មភាពដកកាំភ្លើងខ្លីម៉ាករ៉ូឡូ មកភ្ជង់គំរាមមិនឱ្យរូបគេដកកូនសោចេញនោះទេ បើកហ៊ានតែដកសោចេញគេនឹងបាញ់ភ្លាម។ រំពេចនោះ ដោយសារតែរូបគេមានការភ័យខ្លាចជនសង្ស័យបាញ់សម្លាប់ ក៏រត់ចោលម៉ូតូ ស្រាប់តែត្រូវជនសង្ស័យបាញ់១គ្រាប់សំដៅរូបគេដែរ តែសំណាងល្អមិនត្រូវ រួចហើយជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយ បានលើកម៉ូតូរបស់គេ ជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យទាំងនោះ ដើម្បីតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES