Tuesday, October 14, 2025
Homeព័ត៌មានជាតិពិធីភ្ជាប់ពាក្យនៅមហាវិមានឈើ បណ្ណាការមាស៥គីឡូ

ពិធីភ្ជាប់ពាក្យនៅមហាវិមានឈើ បណ្ណាការមាស៥គីឡូ

ភ្នំពេញ ៖ ពិធីភ្ជាប់ពាក្យរវាងកូនកំលោះនិងកូនក្រមុំថ្មោងថ្មីមួយគូនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងកក្រើកយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺពិធីភ្ជាប់ពាក្យខាងលើ ត្រូវបានប្រារឰឡើងនៅក្នុងមហាវិមានឈើដ៏ប្រណីត និងស្កឹមស្កៃ ព្រមទាំងមានបណ្ណាការមាសទំងន់៥គីឡូឯណោះ។

ពិធីភ្ជាប់ពាក្យដ៏អធិកអធមខាងលើនេះ ត្រូវបានគេដឹងថា គឺជាពិធីភ្ជាប់ពាក្យរវាងកូនស្រី លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រីហ៊ុន ចាន់ធី ជាមួយកូនប្រុសលោកនាវ ស៊ីថុង អតីតចៅហ្វាយខេត្តកំពង់ស្ពឺ និងជាអតីតអគ្គរាជអាជ្ញាសាលាឧទ្ធរណ៍ មកពីគណបក្សហ៊្វុនស៊ិនប៉ិច ជំនាន់ឆ្នាំ១៩៩៨ និងលោកស្រី នាវ ចន្ទថាណា។ ពិធីនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងមហាវិមានឈើដ៏ប្រណីតយ៉ាងធំស្កឹមស្កៃ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

នៅក្នុងពិធីភ្ជាប់ពាក្យខាងលើនេះ គេឃើញមានវត្តមានភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងអ្នកជំនួញ បានចូលរួមយ៉ាងច្រើនកុះករ ហើយក្នុងនោះ ក៏មានវត្តមានលោកហ៊ុន ម៉ាណែត ព្រមទាំងភរិយាផងដែរ។

អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អាមរម្មណ៍ខ្លាំងបំផុតនោះ គឺក្រៅពីមហាវិមានឈើដ៏ប្រណីតហើយនោះ គឺតម្លៃបណ្ណាការច្រើនកប់ពពក ពោលគឺមាសសុទ្ធទំងន់៥គីឡូឯណោះ។

គួរបញ្ជាក់ថា កូនកំលោះមានឈ្មោះនាវ ស៊ីចាវ ត្រូវជាកូនលោកនាវ ស៊ីថុង ចំណែកកូនក្រមុំ មានឈ្មោះម៉ៅ នរនាថ ជាកូនស្រីច្បងរបស់លោកម៉ៅ ធនិន និងត្រូវជាចៅលោកបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សានាយករដ្ឋមន្ត្រី និងលោកស្រីហ៊ុន ចាន់ធឿន ប្អូនស្រីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

RELATED ARTICLES