កាលរៀបបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ មានការចាប់ស្លាកសម្គាល់លេខរៀងគណបក្ស ដែលកាលនោះ គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ រីឯគណបក្សសង្គ្រោះជាតិ លេខរៀងទី៧។ កាលនោះ បក្សលេខ៤ និងបក្ស លេខ៧ “ចេញក្រឡាអួត” ស្មើដៃគ្នាតែម្តង ដោយសំអាងថា លេខរៀងនោះ តំណាងអ្វី? លុះប្រកាសលទ្ធផល ក៏ឃើញតែបក្សលេខ៤ និងបក្សលេខ៧ បានអាសនៈរដ្ឋសភា ចំណែកបក្សឯទៀត មិនចេះអួត បានត្រឹមសូន្យកៅអី។ ឥឡូវដល់រដូវអួតទៀតហើយ ទើប “នគរធំ” សូមជួយបង្ហាញ “ក្រឡាអួតលេខរៀងគណបក្ស” តាមលំដាប់លំដោយ សម្រាប់ឃោសនិកបក្សនីមួយៗ យកទៅអួត តាមរយៈការស្រាវជ្រាវដូចខាងក្រោម…។
យោងតាមលទ្ធផលចាប់ឆ្នោតកំណត់លំដាប់លេខរៀងបក្សនយោបាយ ដែលមានចំនួន២០ បង្ហាញថា បក្សកាន់អំណាច (CPP) ធ្លាប់ជាបក្សលេខ៤ បានមកនៅលេខរៀងទី២០ ចុងប៉ូចគេ ខណៈដែលលេខ៤ ធ្លាក់ទៅបក្សសញ្ជាតិកម្ពុជា រីឯលេខ៧ ដែលអតីតបក្សសង្គ្រោះជាតិ ធ្លាប់កាន់ធ្លាក់ទៅបក្សប្រជាធិបតេយ្យមូលដ្ឋាន។
យ៉ាងណាក៏ដោយចុះ នេះជាភាពចៃដន្យ ដែលបក្សទាំងអស់ត្រូវទទួលមិនអាចចៀសវាងបាន ប៉ុន្តែប្រធានគណបក្សនីមួយៗ ត្រូវមាន “ក្រឡាអួត” ទើបសង្ឃឹមឈ្នះ។ ការចាប់ឆ្នោតលេខរៀងនេះ បាននិមន្តសម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ និងប៉ះថ្ងៃឧបោសថសីល ដើម្បីចាប់ឆ្នោត ដូច្នេះលេខរៀងបក្សនីមួយៗ ត្រូវតែមានគោលចារឹក ឬទឡ្ហីករណ៍ចេញពីគម្ពីរព្រះពុទ្ធសាសនា ទើបសម ដែល “នគរធំ” សូមបង្ហាញលេខតំណាងទាំងនោះតាមលំដាប់លំដោយ ស្រួលយកទៅអួត ៖
-លេខរៀងទី១ ៖ តំណាងឱ្យភ្នំព្រះសុមេរុ៍ ដែលមានតែ១ គ្មាន២។ មហាគិរីនេះ តាមគម្ពីរចែងថា ស្ថិតនៅចន្លោះទ្វីបទាំង៤ ជានិវេសនដ្ឋានរបស់ពពួកទេវតា គន្ធព្វ អសុរៈ ដែលមនុស្សសាមញ្ញោមីលមិនឃើញ ទៅមិនដល់ វៀរលែងតែព្រះអរហន្ត។
-លេខរៀងទី២ ៖ តំណាងឱ្យព្រះអាទិត្យ ព្រះចន្ទ កុសល អកុសល អាក្រក់ល្អ ដែលមានតែពីរ គ្មានបី។
-លេខរៀងទី៣ ៖ តំណាងឱ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ, អនិច្ចំ ទុក្ខំ អនត្តា, ឬព្រះព្រហ្ម ព្រះវិស្ណុ ព្រះសីវៈ ដែលមានតែ៣ គ្មាន៤។
-លេខរៀងទី៤ ៖ តំណាងឱ្យពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ, ទ្វីបធំៗ៤ ក្នុងព្រះពុទ្ធសាសនា គឺឧត្តរកុរុទ្វីប អមរគោយានីទ្វីប បុព្វវិទេហទ្វីប និងជម្ពូទ្វីប, អរិយសច្ច៤ គឺទុក្ខសច្ច សមុទយសច្ច មគ្គសច្ច និរោធសច្ច, ធាតុ៤ គឺទឹក ដី ភ្លើង ខ្យល់, ព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា ឧបេក្ខា។
-លេខរៀងទី៥ ៖ តំណាងឱ្យបញ្ចសីល ឬសីល៥, ទ្វារប្រសាទ៥ គឺសោតប្បសាទ ជិវ្ហាប្បសាទ ឃានប្បសាទ ចក្ខុប្បសាទ កាយប្បសាទ, ព្រះពុទ្ធ៥អង្គ បានត្រាស់ដឹងក្នុងភទ្ទកប្បនេះ គឺព្រះកកុសន្ធោ ព្រះកោនាគមនោ ព្រះកស្សបោ ព្រះសមណគោតម និងព្រះសិអារ្យមេត្រី។
-លេខរៀងទី៦ ៖ តំណាងឱ្យឆកាមាសួគ៌ ឬឋានសួគ៌ ៦ជាន់ មានឋានចាតុម្មហារាជិកា ឋានត្រៃត្រិង្ស ឋានយាមា ឋានតុសិត ឋាននិម្មានរតី និងឋានបរនិម្មិតវសវតី, ចរិតមនុស្ស៦យ៉ាង គឺរាគចរិត ទោសចរិត មោហចរិត វិតក្កចរិត សទ្ធាចរិត និងពុទ្ធិចរិត។
-លេខរៀងទី៧ ៖ តំណាងឱ្យព្រះបាទជយវរ័ន្មទី៧ ភ្នំសត្តបរិភណ្ឌ ទាំង៧ នៅអមភ្នំព្រះសុមេរុ៍, គម្ពីរអភិធម្មទាំង៧, អរិយធនទាំង៧, ឈ្មោះភ្នំ ឈ្មោះគម្ពីរ និងអរិយធន យើងមិនបាច់ស្រង់ឈ្មោះមកដាក់ទេ នាំឱ្យវែងឆ្ងាយពេក។
-លេខរៀងទី៨ ៖ តំណាងឱ្យសីល៨, អដ្ឋង្គិគមគ្គទាំង៨ ឬផ្លូវត្រូវ ៨យ៉ាង គឺសម្មាទិដ្ឋិ (យល់ត្រូវ) សម្មាសង្ឃបៈ (ត្រិះរិះត្រូវ) សម្មាវាចា (សម្តីត្រូវ) សម្មាកម្មន្តៈ (ការងារត្រូវ) សម្មាអាជីវៈ (ចិញ្ចឹមជីវិតត្រូវ) សម្មាវាយាម (ព្យាយាមត្រូវ) សម្មាសតិ (ស្មារតីត្រូវ) សម្មាសមាធិ (សមាធិត្រូវ)។
-លេខរៀងទី៩ ៖ តំណាងឱ្យផ្កាយនព្វគ្រោះទាំង៩ គឺព្រះអាទិត្យ ព្រះចន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ ព្រះកេតុ ព្រះរាហុ៍។
-លេខរៀងទី១០ ៖ តំណាងឱ្យសីល១០ ដែលព្រះសង្ឃត្រូវកាន់យ៉ាងខ្ជាប់ខ្ជួន, បុញ្ញកិរិយា ១០យ៉ាង។ អកុសលកម្មបទ១០ ដែលត្រូវវៀរចាក គឺកាយកម្ម៣ វចីកម្ម៤ មនោកម្ម៣។
-លេខរៀងទី១១ ៖ (គ្មានតំណាងអ្វីឱ្យប្រាកដ)
-លេខរៀងទី១២ ៖ តំណាងឱ្យឈ្មោះសត្វទាំង១២ ជាឆ្នាំកំណើតមនុស្ស គិតពីឆ្នាំជូត ដល់ឆ្នាំកុរ។ ១ឡូត៍ មានចំនួន១២ (ពុំមែនមាន១០ ដូចអ្នកលក់ផ្លែឈើកំណត់នោះទេ)។
-លេខរៀងទី១៣ ៖ គម្ពីរព្រះពុទ្ធសាសនា គ្មានតំណាងអ្វីឱ្យប្រាកដទេ តែតាមក្បួនបារាំង ឬជំនឿអឺរ៉ុបលេខ១៣ ឬថ្ងៃ សុក្រ ទី១៣ ជាថ្ងៃស៊យ ហាមចេញដំណើរ ឬធ្វើការងារអ្វីសំខាន់ប៉ះថ្ងៃនេះ នឹងនាំភាពស៊យស៊ុនដល់ខ្លួន។
-លេខរៀងទី១៤ ៖ គ្មានឈ្មោះធម៌ ១៤ប្រការនោះទេ តែតាមក្បួនអឺរ៉ុប គេយកថ្ងៃ១៤ ខែកុម្ភៈ ជាទិវានៃសេចក្តីស្រលាញ់។ យុវតីភាគច្រើន ចាប់មានរដូវ ឬចូលវ័យក្រមុំនៅអាយុ១៤ឆ្នាំ។
-លេខរៀងទី១៥ ៖ គ្មានឈ្មោះធម៌ដូចគ្នា។
-លេខរៀងទី១៦ ៖ តំណាងឱ្យឧបក្កិលេស ១៦ ឬគ្រឿងសៅហ្មងចិត្ត ១៦យ៉ាង ធ្វើឱ្យកើតវិបត្តិ, កូនស្តេច ឬរជ្ជទាយាទ ជំនាន់ពុទ្ធកាល បើមានព្រះជន្ម ១៦ព្រះវស្សា ឬសោឡសវស្សា ត្រូវអភិសេកឡើងសោយរាជសម្បត្តិ ស្នងព្រះបិតា, ឋានព្រហ្ម១៦ជាន់។
-លេខរៀងទី១៧ ៖ គ្មានតំណាងអ្វីឱ្យប្រាកដក្នុងគម្ពីរ។
-លេខរៀងទី១៨ ៖ តំណាងឱ្យសេះកណ្ឋកមនោមេយ្យ មានប្រវែង១៨ហត្ថ ជាជំនិះដែលព្រះសិទ្ធាថ៌ ជិះទៅសាងផ្នួស បានត្រាស់ដឹងជាព្រះពុទ្ធ។
-លេខរៀងទី១៩ ៖ តំណាងឱ្យព្រលឹងតូចធំទាំង១៩ នៅក្នុងរូបកាយមនុស្ស, សោភណសាធារណធម៌ ១៩ប្រការ (ធម៌មើលឃើញតែស្អាត នាំទៅរកសេចក្តីសុខ)។
-លេខរៀងទី២០ ៖ គ្មានធម៌អ្វីនៅក្នុងគម្ពីរ ប៉ុន្តែតំណាងឱ្យយក្សក្រុងរាពណ៌ មានមុខ១០ ដៃ២០។ មហាយក្សនេះ មានប្ញទ្ធិ ខ្លាំងពូកែណាស់ (មានតំណាលយ៉ាងពិស្តារក្នុងរឿងរាមកេរ្តិ៍) សតវត្សទី២០ ឆ្លងចូលសតវត្សទី២១ ជាកាលៈទេសៈបច្ចុប្បន្ន…។
ការលើកឡើងពីតំណាងលេខរៀងគណបក្ស ដោយត្រួសៗខាងលើនេះ សម្រាប់អ្នកនយោបាយយកទៅអួត ក្នុងពេលឃោសនា ដោយស្រាវជ្រាវបន្ថែមទៀតចុះ។ ចំពោះ “គណបក្សសញ្ជាតិកម្ពុជា” ដែលបានលេខ៤ មានក្រឡាអួតខ្លាំងជាងគេ ខណៈដែលបក្សកាន់អំណាចធ្លាក់ទៅលេខ២០ ចុងប៉ូចគេ មិនបានលេខ៤ ដូចមុន។ រីឯ “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន” ដែលទទួលបានលេខ៧ ជំនួសអតីតបក្សសង្គ្រោះជាតិ នោះ ក៏មានក្រឡាអួតខ្លាំងដែរ ជួនកាលអាចជាប់ឆ្នោតលំដាប់ទី២ ដូច CNRP ក៏ថាបាន។
សរុបទៅ “ក្រឡាអួតលេខរៀងគណបក្ស” គ្រាន់តែជាជំនួយស្មារតីជួយគណបក្សដែលត្រូវចូលប្រកួតលើសង្វៀនប្រជាធិបតេយ្យ មានចំណុចដែលត្រូវអួត កុំឱ្យចាញ់ប្រៀបគេ។ ដោយឡែក ហ៊្វុនស៊ិនប៉ិច ប៉ះលេខ១៣ ដែលក្បួនបារាំង និងអឺរ៉ុប ថា ស៊យនោះ គួរកុំទាន់អាលអស់សង្ឃឹមអី ត្រូវខំតស៊ូឡើង។ ចំណែក CPP ប៉ះលេខ២០ ចុងប៉ូចគេ ហើយប្រធានបក្ស និងអ្នកគាំទ្រអបអរសាទរពេញហ្វេសប៊ុក ព្រមទាំងអួតថា ជាលេខរៀងស្រួលចំណាំ ស្រួលគូស ព្រោះនៅក្រោមគេ…៕