ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែប្តីកំណាចស្រវឹងស្រា បានចាប់បង្ខំរួមរ័ក ពេលមិនស្រួលខ្លួន លុះនាងមិនព្រមឲ្យ ក៏កើតក្តីមួម៉ៅ បានយកវែកឆា និងកាំបិតបុ័ងតោ កាប់នាងតែម្តង ក្រោយវាយនិងកាប់ប្រហារ សមត្ថកិច្ចបានទៅដល់ ឃាត់ខ្លួនបុរសជាប្តីភ្លាមៗតែម្តង។ អំពើហិង្សាក្នុងគ្រួសារនេះ កើតឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិដើមគរ សង្កា់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ត្រីជាប្រពន្ធដែលរងរបួសធ្ងន់ មានឈ្មោះសុខ ចាន់ អាយុ៣៦ឆ្នាំ សព្វថ្ងៃមានមុខរបរជាគ្រូទាយ ចំណែកបុរជាប្តីកំណាច មានឈ្មោះសុីថា ពេជ្រ អាយុ៣២ឆ្នាំ សព្វថ្ងៃមានមុខរបរសន្តិសុខក្រុមហ៊ុនទូរស័ព្ទ អ្នកទាំង២ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមការឲ្យដឹងពីអធិការនគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ ស កែវពិសិដ្ឋ បានឲ្យដឹងថា “មុនពេលកើតហេតុ បុរសជាប្តី ឈ្មោះស៊ីថា ពេជ្រ ដែលទើបមកពីផឹកសុីស្រវឹងធ្លាក់ភ្នែក បានទទូចសុំប្រពន្ធរួមរ័ក ខណៈដែលនារីជាប្រពន្ធឈ្មោះសុខ ចាន់ កំពុងដេកលេងជាមួយកូនក្នុងបន្ទប់ ពេលនោះនារីជាប្រពន្ធបានបដិសេធ ហើយប្រាប់ប្តីថា នាងមិនស្រួលខ្លួន ឮដូច្នេះ បុរសជាប្តីបានកើតក្តីមួម៉ៅ ខឹងសម្បាជាខ្លាំង ក៏រត់ទៅយកវែកឆា វាយចំចិញ្ចើមខាងឆ្វេង។
លោកធិការរងបន្តថា “បន្ទាប់ពីវាយប្រពន្ធនឹងវែកឆា បែកចិញ្ចើមហើយ ក៏ផ្ទុះជម្លោះកាន់តែខ្លាំងរហូតដល់កើតអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយកំហឹងកាន់តែឆួលឡើង បុរសជាប្តីបានទៅយកកាំបិតបុ័ងតោកាប់ប្រពន្ធចំបាតដៃខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់”។
ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់ ហើយចាប់បានជនសង្ស័យជាប្តី នាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសភ្លាមៗ៕